រឿងក្ដីបណ្ដាំមរតករបស់គ្រួសារតារាចម្រៀងស្រី ស៊ូ ស៊ីរីកា និងជីតាចុង ដែលត្រូវជាស្វាមីក្រោយរបស់លោកស្រី កែវ មន្ថា នៅបន្តអូសបន្លាយជាង ២ ឆ្នាំ ហើយមកទល់ព្រឹកថ្ងៃ ២៦ ខែមីនា ឆ្នាំ ២០២៤ នេះ ត្រូវបន្តឡើងតទល់គ្នានៅសាលាយុត្តិធម៌។


ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចេញពីជំនុំជម្រះនៅសាលាយុត្តិធម៌ថ្ងៃនេះ ម្ចាស់បទ “ទាសករស្នេហ៍” បានឲ្យដឹងថាមិនទាន់អាចនិយាយអ្វីច្រើនឡើយ ព្រោះភាគីម្ខាងទៀតមកបានចូលខ្លួនមក ដោយចាត់តាំងតែមេធាវីមក ហើយខាងអ្នកកាត់ក្ដីឲ្យមេធាវីជួបជជែកចរចាជាមួយភាគីខាងនាង និងម្ដាយមីងអ្នកនាងគឺ ជុំ រស្មី ហៅស្រី តូច ប៉ុណ្ណោះ។
ស៊ូ ស៊ីរីកា បានរៀបរាប់ឲ្យអ្នកសារព័ត៌មានដឹងថា ជីវិតនាងនៅពេលនេះ ពិតជាពិបាកខ្លាំងណាស់គ្មានទាំងជម្រកត្រឹមត្រូវ ខណៈកាលជីដូននៅរស់ ធ្លាក់ជ្រកកោនក្រោមផ្ទះធំទ្រនំខ្ពស់ មានអ្វីៗគ្រប់យ៉ាងក្នុងដៃ តែក្រោយមរណកាលរបស់អ្នកមានគុណរូបនេះ ជីវិតនាងត្រូវខ្ទាតចេញពីវីឡានៅទួលគោកតម្លៃរាប់លានដុល្លារ ទាំងក្នុងបណ្ដាំមរតករបស់អ្នកស្រី កែវ មន្ថា បញ្ជាក់ថាមិនឲ្យអ្នកធ្លាប់រស់នៅទីនោះចាកចេញឡើយ។


ស៊ីរីកា បញ្ជាក់ថា ជីវិតនាងជួបការលំបាកតាំងពីមុនត្រូវបណ្ដេញចេញពីផ្ទះធំនោះម្ល៉េះ។ កញ្ញាបន្តថា ចាប់តាំងពីលោកយាយនាង គឺលោកស្រី កែវ មន្ថា ដែលជាតារាចម្រៀងនាទសវត្សរ៍ ៦០-៧០ ស្លាប់ទៅ អ្វីៗគ្រប់យ៉ាងគឺលែងដូចមុនទៀតហើយ។ ម្ចាស់បទ “ឧបសគ្គស្នេហ៍” បន្តថា កាលលោកស្រី កែវ មន្ថា នៅរស់ នាងអាចយកផ្ទះជាទីតាំងហាត់រាំ មាន dancer តែក្រោយមក មិនអនុញ្ញាតឲ្យហាត់រាំ ឬចាក់ភ្លេងអ្វីទាំងអស់។ មិនអស់ត្រឹមនេះឡើយសូម្បីមធ្យោបាយធ្វើដំណើរដែលធ្លាប់ប្រើប្រាស់បានកាលពីមុន ក៏មិនឲ្យយកទៅជិះដែរ។
នាងបន្តទៀតថា ក្រោយត្រូវរើចេញហើយ នាងបានជួលកន្លែងស្នាក់នៅសមរម្យមួយ ដែលគិតថារ៉ាប់រងរួច តែមិនដូច្នោះឡើយបញ្ហារៀងក្ដីក្ដាំផង ឪពុកឈឺត្រូវសម្រាកព្យាបាលនៅពេទ្យ ៣០០ដុល្លារក្នុងមួយថ្ងៃ និងការចំណាយផ្សេងៗមានច្រើនសន្ធឹក ទើបនាង និងឪពុកបងប្រុស បងថ្លៃក្មួយ ត្រូវរើទៅរស់នៅជាមួយអ្នកនាង ជុំ រស្មី ដែលជាអតីតតារាកំប្លែងប្រជ្រៀតគ្នា។ ក្រៅពីរឿងច្រើនទាំងនោះ ខ្លួននាងក៏កើតមានជំងឺថប់បារម្ភ និងបាក់ទឹកចិត្តមិនអាចចេញក្រៅបាន។


នៅពេលមានជំងឺជំងឺថប់បារម្ភ និងបាក់ទឹកចិត្ត នាងមិនអាចផ្ដោតការងារបានល្អឡើយ ដូចនេះមិនទទួលការអញ្ជើញ ឬចូលរួមកម្មវិធីប្រគំតន្ត្រី និងកម្មវិធីមិត្តរួមអាជីពបានឡើយ។ មិនអស់ត្រឹមនេះឡើយ តារាស្រីដែលធ្លាប់ប្រឡងក្នុងកម្មវិធី The voice Cambodia រដូវកាលដំបូងរូបនេះថា ជីវិតនាងវេទនាខ្លាំង ព្រោះមិនត្រឹមគ្មានជម្រកប៉ុណ្ណោះទេ ប្រាក់កាសដែលរកបានផ្ញើនៅជីដូនទុកតាំងពីចេញប្រឡូកសិល្បៈក៏មិនបានមកវិញ និងត្រូវតវ៉ាក្តីយូរឆ្នាំបែបនេះទៀត៕




















































Account
Security
Favourite Content