ពិតជាកិត្តិយសខ្លាំងមែនទែន ដែលបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២០ កញ្ញា រ៉េត សារីតា ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិអាស៊ាន និងពានរង្វាន់ (ASEAN FILM FESTIVAL 2023) នៅទីក្រុង Kuching ប្រទេសម៉ាឡេស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការបង្ហោះឱ្យដឹងរបស់ទំព័រហ្វេសប៊ុកផ្លូវការ Sash Factor Cambodia។

Sash Factor Cambodia បានរៀបរាប់ថា «ជួបគ្នាលេីឆាកក្នុងកម្មវិធីមហោស្រពភាពយន្ត ASEAN FILM FESTIVAL 2023 នៅឯទីក្រុង Kuching ប្រទេសម៉ាឡេសុីនាដេីមខែសីហា ឆ្នាំ២០២៣នេះ»។

តាមដែលដឹងមក កម្មវិធីដែលបវររកញ្ញារាងតូចច្រឡឹង សារីតា នឹងហោះទៅចូលរួមនេះ គឺជាវេទិកាជួបជុំដ៏សំខាន់ អាចនិយាយបានថា ជាការរៀបចំពិធីអបអរ និងប្រគល់ពានរង្វាន់សម្រាប់បុគ្គលឆ្នើមដែលបានកសាងស្នាដៃ និងសមិទ្ធផលល្អក្នុងវិស័យភាពយន្ត និងតារាសម្តែងពីតំបន់អាស៊ានផងដែរ។
Miss Universe Cambodia 2020 រូបនេះ ត្រូវជ្រើសរើសជាតារាភាពយន្តតំណាងកម្ពុជា និងជាអ្នកអត្ថាធិប្បាយ (Speaker) ម្នាក់ក្នុងកម្មវិធី ដែលនឹងមានការអញ្ជើញចូលរួមដ៏ឧត្តុងឧត្តមពីព្រះអង្គម្ចាស់ស៊ីសុវត្ថិតេសូ។ នៅថ្ងៃទី៤ ខែសីហានេះ មហោស្រពក៏នឹងមានការចាក់បញ្ចាំងភាពយន្តឯកសាររបស់កម្ពុជា គឺរឿងទេពហត្ថា (The Perfect Motion) ឱ្យគ្រប់គ្នាបានទស្សនាផងដែរ។
គួររំលឹកផងដែរថា កាលពាក់កណ្តាលឆ្នាំ២០២២ រ៉េត សារីតា បានទទួលពានរង្វាន់ជាតារាសម្ដែងស្រីឆ្នើមពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (Cambodia International Film Festival)។ កន្លងមក សារីតា ក៏ធ្លាប់ពានរង្វាន់ពីវិស័យបវរកញ្ញាផងដែរ រួមមាន ៖ ការសម្ភាសន៍ល្អដាច់គេ (Best in Interview) ការតស៊ូមតិឆ្នើម Best in Advocacy ជាដើម៕




























































Account
Security
Favourite Content