ព្រោះតែចរិតបែបនេះ ទើបអ្នកគាំទ្រហៅ CL ជាមេក្រុមដ៏ល្អឥតខ្ចោះនៅក្នុងវិស័យ K-POP

CL ត្រូវបានគេស្គាល់ថាជាតារាចម្រៀងដ៏ល្បី និងមានឥទ្ធិពលម្នាក់ក្នុងវិស័យខេប៉ុប។ ក្នុងក្រុមចម្រៀង 2NE1 រូបនាងជាអ្នករ៉េប និងអ្នកច្រៀងដ៏ប៉ិនប្រសប់ មិនតែប៉ុណ្ណោះនាងក៏ដើរតួជាមេក្រុមផងដែរ ព្រមទាំងរ៉ាប់រងមើលថែសមាជិក​គ្រប់គ្នាប្រៀបដូចជាគ្រួសារតែមួយ។

CL មានឈ្មោះពិត Lee Chaerin នាងកើតនៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ១៩៩១ ទីក្រុង សេអ៊ូល ប្រទេស កូរ៉េខាងត្បូង។ ដោយសារការងាររបស់ឪពុក ទើបនាងត្រូវឡើងចុះបរទេសញឹកញាប់ ដូច្នេះហើយតារាស្រីវ័យ ៣១ ឆ្នាំ​រូបនេះ​បាន​ចំណាយពេលវេលាកាលពីក្មេង​ស្ទើរទាំងអស់ នៅប្រទេសជប៉ុន និងបារាំង។ មុនចូលផលិតកម្ម YG នាងក៏ធ្លាប់ជាអ្នកហ្វឹកហាត់នៅផលិតកម្ម JYP។ ជីវិតរបស់នាងចាប់ផ្ដើមមានពន្លឺ និងទទួលការចាប់អារម្មណ៍ខ្លាំងនៅពេលបង្ហាញខ្លួនជាមួយក្រុម 2NE1 ក្នុងឆ្នាំ ២០០៩។

រូបនាងបានចេញចម្រៀងទោលរបស់ខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៣ មានចំណងជើងថា “The Baddest Female”។ ជាមួយគ្នាដែរ រូបនាងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗ និងឈ្នះពានរង្វាន់ “Best Dance Performance-Female Solo” ក្នុងកម្មវិធីពានរង្វាន់ MAMA ឆ្នាំ ២០១៣ ទៀតផង។

កន្លងផុតជិត ២ ឆ្នាំគឺក្នុងឆ្នាំ ២០១៥ CL ក៏បានវិលត្រលប់មកវិញជាមួយចម្រៀងទោលថ្មីមួយបទទៀត “Hello Bitches” និង​ឆ្នាំ ២០១៦ ចេញបទចម្រៀង “Lifted”។ ចម្រៀងពីរបទនេះធ្វើឱ្យរូបនាងក្លាយជាតារាស្រីខេប៉ុបដំបូងគេដែលបានជាប់ឈ្មោះលើតារាង “Billboard Hot 100”។ ក្រោយចាកចេញពីផលិតកម្ម YG រូបនាងក៏បានចេញអាល់ប៊ុម “In The Name Of Love” ក្នុងឆ្នាំ ២០១៩ ដែលមានចម្រៀងសរុប ៦ បទ។ នៅឆ្នាំ ២០២១ រូបនាងក៏បានចេញអាល់ប៊ុមថ្មីមួយទៀត “Alpha” មានចម្រៀងសរុប ១១ បទក្នុងនោះបទ “Spicy” ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ។

បទពិសោធដ៏ក្រាស់ក្រែលក្នុងវិស័យសិល្បៈបានធ្វើឱ្យរូបនាងក្លាយជាតារាចម្រៀងស្រីទោលលេចធ្លោម្នាក់ក្នុងវិស័យខេប៉ុប និងតែងត្រូវបានមហាជនជាច្រើនលើកយកមកនិយាយ។ មិនតែប៉ុណ្ណោះ រូបនាងក៏ត្រូវគេដាក់រហ័ស្សនាមថា ជាតារាស្រីពូកែលេងស្ទីល Fashion ផងដែរ ព្រោះបង្ហាញខ្លួនជាសាធារណៈម្ដងៗ តែងតែនាំអ្វីដែលប្លែកមកជូនមហាជន។

មែនទែនទៅថ្វីបើក្រុម 2NE1 ត្រូវបានរំសាយទៅហើយ​តាំងពីឆ្នាំ ២០១៦ ប៉ុន្តែក្រុមចម្រៀងនារីមួយនេះនៅតែត្រូវមហាជន និងអ្នកគាំទ្រចាត់ទុកជាក្រុមនារីមានឥទ្ធិពល ដោយសារតែបទចម្រៀងដ៏ទាក់ទាញប្លែក និងគុណភាពខ្ពស់។ ជាក់ស្ដែងទោះបទខ្លះចេញហើយរយៈពេល​ ១០ ឆ្នាំក៏ស្ដាប់ទៅមិនជិនណាយ និងកន្ត្រាក់អារម្មណ៍ខ្លាំងដដែល។

បើក្រឡេកមកមើល CL វិញមិនត្រឹមតែមានទេពកោសល្យខ្លាំងនោះទេ រូបនាងក៏ត្រូវបានមហាជនលើកឡើងថាជាមេក្រុមដ៏ពូកែម្នាក់ក្នុងវិស័យខេប៉ុប ហើយក្ដីស្រឡាញ់ និងការលះបង់របស់ម្ចាស់​បទ “lover like me” ចំពោះសមាជិកក្រុមធ្វើឱ្យ​អ្នក​គាំទ្រគ្រប់គ្នារំជួលចិត្ត មិនសរសើរមិនបានតែម្ដង។

ឆ្នាំ ២០១១ នៅពេលដែលមានការរញ្ជួយដីទ្រង់ទ្រាយធំមួយនៅប្រទេសជប៉ុន CL បានប្រថុយជីវិតឡើងទៅអាគារជាន់ទី ៣៤ ដើម្បីជួយ Sandara Park ដែលជាប់គាំងនៅទីនោះ។ Sandara Park ក៏ធ្លាប់បាននិយាយពីរឿងនេះយ៉ាងលម្អិតក្នុងកម្មវិធី “Incarnation” ប្រាប់ដល់មហាជនពីរឿងរ៉ាវដែល CL មិនខ្លាចស្លាប់ សុខចិត្តប្រថុយរត់ទៅជួយនាង។

កាលពីឆ្នាំ ២០១៥ CL មានឱកាសបានឡើងសម្ដែងទោលលើកម្មវិធី MAMA ប៉ុន្ដែរូបនាងសុខចិត្តសម្ដែងលើឆាកតន្ដ្រីតែមួយបទប៉ុណ្ណោះគឺ “Hello Bitches” និងទុកពេលវេលាមួយចំនួនទៀតសម្រាប់ការសម្ដែង​បទចម្រៀងជាក្រុម។ នាងបានអញ្ជើញសមាជិកទាំងបីរូបទៀតឡើងមកលើឆាក និងសម្ដែងរួមគ្នា។ ការសម្ដែងនាពេលនោះធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តខ្លាំង និងមិនអាចបំភ្លេចបានផងដែរ។

នៅពេលដែល Minzy សម្រេចចិត្តចាកចេញពីក្រុម ដើម្បីដេញតាមក្ដីស្រមៃរបស់ខ្លួនក្នុងឆ្នាំ ២០១៦ CL ក៏បានសរសេរបទចម្រៀង “Good Bye” សម្រាប់ជាកាដូជូនដល់ Minzy។ តែក្រោយមកនាងក៏កែខ្លឹមសារបន្ដិចបន្ដួច និងសម្រេចទុកវាជាកាដូជូនដល់ទាំង Minzy និងអ្នកគាំទ្រតែម្ដង។ លើសពីនេះ នៅពេលដែល Minzy ចេញអាល់ប៊ុមទោលរបស់ខ្លួនដំបូងក្នុងឆ្នាំ ២០១៧ CL ក៏បានបង្ហោះសារជូនពរ និងអបអរដល់នាងថែមទៀត។

ជាថ្មីម្ដងទៀតអ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើបចិត្តស្ទើរ​ហើប​ជើង​ផុត​ពី​ដីតារាស្រីចម្រៀង​ និង​ជា​អ្នក​និពន្ធ​ រូបនេះ គឺ​នាងត្រូវបានគេអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងសម្ដែងក្នុងកម្មវិធីប្រគំតន្ដ្រីធំប្រចាំឆ្នាំ Coachella កាលពី​អំឡុង​ខែ​មេសាឆ្នាំ ២០២២។ រូបនាងអាចឡើងច្រៀងតែម្នាក់ឯង ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់ខ្លួន ក៏ប៉ុន្ដែនាងបែរជាជ្រើសហៅសមាជិកទាំងបីនាក់មកច្រៀងលើឆាកតន្ដ្រីរួមគ្នា​ម្ដង​ទៀត។

បើតាមសម្ដីរបស់ CL ផ្ទាល់រូបនាងជាអ្នកផ្ដើមគំនិតក្នុងការរៀបចំការជួបជុំគ្នាលើឆាកតន្ដ្រី Coachella។ ចំពោះមូលហេតុគឺរូបនាងដឹងថាមហាជន និងអ្នកគាំទ្រ ចង់ឃើញក្រុម 2NE1 ច្រៀងរួមគ្នាម្ដងទៀត ហើយនាងផ្ទាល់ក៏ចង់សម្ដែងជាមួយសមាជិកក្រុមរបស់ខ្លួនទើបព្យាយាមធ្វើរឿងមួយនេះឱ្យកើតឡើង។

CL តែងតែត្រូវសមាជិកក្រុមនិយាយសរសើរជារឿយៗ ពីអត្ដចរិតដ៏ល្អរបស់នាង ដោយរូបនាងមិនអត្មានិយម និងតែងទុកសមាជិកក្នុងក្រុមសំខាន់ខ្លាំង។ ជាពិសេស រូបនាងតែងតែគិតដល់សមាជិកក្រុម និង 2NE1 ស្ទើរគ្រប់ពេលវេលា សូម្បីតែក្នុងបទសម្ភាសន៍ និងអត្ថន័យចម្រៀងមួយចំនួនក៏នាងតែងតែរំលឹកពីពួកគេមិនដែលខាន។

ទន្ទឹមនេះដែរ Sandara Park ធ្លាប់បាននិយាយថា៖ CL ជាមេក្រុមដ៏ល្អបំផុតក្នុងចិត្តរបស់នាង។ រីឯ Park Bom ធ្លាប់បាននិយាយថា៖ ក្រោយជួបរឿងអាស្រូវត្រូវគេចោទថាប្រើប្រាស់គ្រឿងញៀន CL មិនដែលបោះបង់នាងចោលឡើយ ថែមទាំងមើលថែយកចិត្តទុកដាក់ចំពោះនាងទៀត រាល់ពេលនាងភ័យខ្លាច CL តែងតែលើកទឹកចិត្តនាង ហើយនាងពិតជារំភើបចិត្តខ្លាំង។ Park Bom បន្ថែមថា CL យកចិត្តទុកដាក់ជាមួយសមាជិកគ្រប់រូប នាងតែងតែគាំទ្រពួកយើងគ្រប់ពេលវេលា។ បើទោះជាក្រុម 2NE1 រំសាយពិតមែន ប៉ុន្ដែនាងនៅតែខ្វាយខ្វល់ និងទាក់ទងសមាជិកក្នុង​ក្រុម​ជានិច្ច។

មូលហេតុទាំងនេះហើយទើប CL ត្រូវក្រុមអ្នកគាំទ្រស្រឡាញ់ចូលចិត្តខ្លាំង និងសរសើរនាងជាមេក្រុមដ៏ល្អឥតខ្ចោះម្នាក់មិនងាយរកបានក្នុងវិស័យខេប៉ុប៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត