ថ្មីៗនេះតារាចម្រៀងប្រុស Park Seo Jin កំពុងតែក្លាយជាប្រធានបទដ៏ក្ដៅគគុកឡើងមកវិញ ក្រោយលោកត្រូវបានគេលើកលែងកាតព្វកិច្ចចូលបម្រើយោធានៅក្នុងវ័យ ២០ ឆ្នាំ។ យោងតាមភ្នាក់ងារ TAJOY Entertainment របស់លោកបានចេញមកបញ្ជាក់ថាជាការពិតដែលតារាប្រុសវ័យ ២៩ ឆ្នាំត្រូវបានគេលើកលែងពីការបម្រើយោធាពិតមែន ដោយសារតែ Park Seo Jin ត្រូវបានរដ្ឋបាលយោធាកូរ៉េខាងត្បូងរកឃើញថាមានបញ្ហាប្រឈមនឹងជំងឺផ្លូវចិត្តធ្ងន់ធ្ងរដោយមិនសក្ដិសមនឹងកាតព្វកិច្ចបម្រើជាតិឡើយ។
ជាក់ស្ដែងថ្មីៗនេះនៅក្នុងវគ្គមួយក្នុងកម្មវិធី The Men Who Live 2 របស់ KBS2 តារាប្រុសកើតឆ្នាំ ១៩៩៥ រូបនេះបានចែករំលែកនូវរឿងរ៉ាវដ៏សែនក្រៀមក្រំរបស់លោកដោយប្អូនប្រុសរបស់លោកបានលាចាកលោកទៅក្នុងអាយុ ២៣ ឆ្នាំដោយសារជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ។ ជាអកុសលនៅ ៤៩ ថ្ងៃបន្ទាប់ បងប្រុសរបស់ក៏ទទួលមរណភាពម្នាក់ទៀតក្នុងវ័យ ២៧ ឆ្នាំក្រោយតស៊ូប្រយុទ្ធជាមួយជំងឺមហារីកថ្លើមអស់រយៈពេលជាយូរ។
មិនត្រឹមប៉ុណ្ណេះ ដំណឹងដែលធ្វើឱ្យរូបលោក និងឪពុករឹតតែរន្ធត់ចិត្តខ្លាំងជាងនេះទៅទៀតគឺនៅពេលដែលបានដឹងថាម្ដាយរបស់លោកមានជំងឺមហារីកស្បូនដំណាក់កាលទី ៣ ទៅហើយដោយវាពិតជាបានធ្វើឱ្យប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់លោកយ៉ាងខ្លាំង។ ជាសំណាងល្អនៅពេលដែលលោកបង្ហាញខ្លួនក្នុងកម្មវិធី Star King បានប៉ុន្មានដងមក តារាចម្រៀង Jang Yoon Jeong បានសម្រេចចិត្តចំណាយលើការព្យាបាលម្តាយរបស់លោក រហូតដល់បានជាសះស្បើយឡើងវិញ។
យ៉ាងណាមិញការចាកចេញរបស់សមាជិកគ្រួសារម្នាក់ម្ដងៗបែបនេះ នៅតែធ្វើឱ្យលោកមានអារម្មណ៍ខ្លួនលោកកំពុងតែរស់នៅក្នុងវិប្បដិសារីថែមទៀតផង។ ប៉ុន្តែស្របពេលនោះ អ្នកគាំទ្ររបស់លោកតែងតែនៅក្បែរលោកចាំលើកទឹកចិត្តលោកជានិច្ច មិនថាក្នុងកាលៈទេសៈណានោះទេ៕