បន្ទាប់ពីចាប់ផ្ដើមទំនាក់ទំនងជាគូសង្សារជិត ១០ឆ្នាំ នៅពេលនេះគូស្នេហ៍តារាល្បីថៃ Mark Prin និង Kimmy Kimberly កំពុងត្រៀមរៀបចំពិធីមង្គលការដ៏ធំរបស់ពួកគេដើម្បីចាប់ផ្ដើមជីវិតគូជាផ្លូវការ ដោយពិធីមង្គលការនោះគឺនឹងរៀបចំឡើងនៅតំបន់ Lake Como ប្រទេសអ៊ីតាលីនៅថ្ងៃទី១៤ ខែកញ្ញា។


ហើយកាលពីថ្ងៃសៅរ៍ ទី២៦ ខែសីហា កន្លងទៅនេះអ្នកទាំងពីរបានរៀបចំពិធីភ្ជាប់ពាក្យសែនចងដៃតាមប្រពៃណីប្រជាជនថៃភាគខាងជើង ក្រោមបរិយកាសដ៏កក់ក្ដៅដោយមានការចូលរួមពីសំណាក់ពីក្រុមគ្រួសារទាំងសងខាង។ បង្ហាញខ្លួនក្នុងពិធីនេះ តារាប្រុសវ័យ ៣៣ឆ្នាំ និងតារាស្រីវ័យ ៣១ឆ្នាំមើលទៅលេចធ្លោខ្លាំងពេលស្លៀកសម្លៀកបំពាក់ប្រពៃណី។ ខណៈពេលដែលកូនកំលោះ Mark Prin មានរូបរាងសង្ហា កូនក្រមុំថ្មី Kimmy ក៏ធ្វើឱ្យគ្រប់គ្នាសរសើរពីសម្រស់កូនកាត់គួរឲ្យចាប់អារម្មណ៍របស់នាង។


ពិធីភ្ជាប់ពាក្យនេះក៏ត្រូវបានចាត់ទុកជាពិធីឡើងផ្ទះថ្មីរួមគ្នារបស់តារាប៉ុស្តិ៍លេខ ៣ទាំងពីររូបដែរ ដោយផ្ទះមួយនេះត្រូវបានគេរាយការណ៍ថាមានតម្លៃប្រមាណ ១០០លានបាត ឬជិត ៣លានដុល្លារអាមេរិក។ ក្រោយចប់កម្មវិធី អ្នកទាំងពីរបានបង្ហោះរូបភាពនៅលើបណ្ដាញសង្គម Instagram រៀងៗខ្លួននិងទទួលបានការជូនពរយ៉ាងច្រើនពីមិត្តរួមអាជីព និងអ្នកគាំទ្ររបស់ពួកគេ ៕




































Account
Security
Favourite Content