ថ្មីៗនេះ Kim Jaejoong តារាខេប៉ុបបុរសល្បីជំនាន់ទី ២ និងជាអតីតសមាជិកក្រុមចម្រៀង TVXQ បានបើកចំហរទំនាក់ទំនងរបស់លោកជាមួយ Junsu និងអតីតសមាជិកផ្សេងទៀតមានដូចជា Yoochun, Changmin និង Yunho ។

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ តារាចម្រៀងប្រុស Kim Jaejoong បានផ្ដល់បទសម្ភាសជាមួយសារព័ត៌មានកូរ៉េដោយរំឮកខួបរយៈពេល ២០ ឆ្នាំនៃការចូលប្រលូកក្នុងវិស័យសិល្បៈ និងផ្សព្វផ្សាយនូវអាល់ប៊ុមថ្មីរបស់លោកដែលមានឈ្មោះថា FLOWER GARDEN ផងដែរ។
ក្នុងកំលុងពេលសម្ភាស តារាចម្រៀងប្រុសរូបនេះក៏បានរំឮកអំពីសកម្មភាពក្នុងអតីតកាលក្នុងនាមជាសមាជិកក្រុម TVXQ។ ប៉ុន្តែបើក្រឡេកមកមើលពីបច្ចុប្បន្នវិញ លោកបានគិតថាសមាជិកទាំងអស់ពិតជាធ្វើបានល្អខ្លាំងណាស់។ ជាក់ស្ដែង Changmin បានចាប់ផ្ដើមបង្កើតគ្រួសារមួយដោយបានធ្វើឱ្យលោកយល់ឃើញថាគេកំពុងបង្កើតសុភមង្គល និងផ្ដល់តម្លៃឱ្យខ្លួនឯង។

នៅពេលនិយាយដល់ប្រធានបទមួយនេះ សារព័ត៌មានក៏បានលើកឡើងពី Yoochun អតីតសមាជិកម្នាក់ទៀតផងដែរ។ ជាការឆ្លើយតប តារាចម្រៀងប្រុស Kim Jaejoong បានសារភាពថាគាត់ពិតជាមិនសប្បាយចិត្តនោះទេក្រោយពេលលេចឮពីបញ្ហាចម្រូងចម្រាសកន្លងមករបស់ Yoochun មានដូចជាការចោទប្រកាន់ពីបទរំលោភផ្លូវភេទ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ក្នុងឆ្នាំ 2019 C-Jes បានប្រកាសថា Yoochun នឹងចូលនិវត្តន៍ពីវិស័យកម្សាន្ត បន្ទាប់ពីរឿងអាស្រូវគ្រឿងញៀន។

នេះជាលើកដំបូងហើយដែលលោកបានបើកចំហរពីទំនាក់ទំនងរវាងលោក និង Yoochun ដោយអ្នកទាំងពីរមិនបានទាក់ទងគ្នាទៀតឡើយចាប់តាំងពីពេលមានរឿងអាស្រូវកន្លងមក ហើយពេលនោះលោកក៏មិនដឹងថារូបគេនៅឯណាផងដែរ។ បើទោះបីជាលែងមានទំនាក់ទំនងយ៉ាងណាក៏ដោយ ក៏លោកបានបង្ហើបថាលោកមានភាពសោកស្ដាយជាច្រើនក្នុងចិត្ត នៅពេលរំឭកដល់អនុស្សាវរីយ៍ដ៏មានតម្លៃកំលុងពេលពួកគេនៅជាក្រុម។
កាលពីមុន ពេលនិយាយដល់ម៉ាស៊ីនពេលវេលា លោកនឹងនិយាយថាលោកនឹងរស់នៅពេលបច្ចុប្បន្ន ហើយមិនត្រលប់ទៅអតីតកាលវិញឡើយ។ ប៉ុន្តែពេលនេះបើមាឱកាសម្ដងទៀត លោកចង់វិលត្រលប់ទៅវិញ ហើយពន្យល់ Yoochun ឱ្យបានត្រឹមត្រូវផងដែរ។ Kim Jaejoong ក៏បានឱ្យដឹងដែរថាក្នុងនាមជាមនុស្សម្នាក់ លោកចង់ឱ្យគេរស់នៅក្នុងបរិយាកាសល្អជាងនេះ ហើយក្នុងនាមជាគ្រួសារ លោកពិតជាសោកស្ដាយជាខ្លាំង ៕

























Account
Security
Favourite Content