មានការទម្លាយឱ្យដឹងថា កន្លងមកតារាសម្តែងមីយ៉ាន់ម៉ា Paing Takhon បានឆ្លៀតពេលធ្វើការងារសប្បុរសធម៌នៅកម្ពុជាផងដែរ អំឡុងពេលលោកស្នាក់នៅកម្ពុជា គ្រាន់តែលោកមិនទម្លាយឱ្យដឹងតែប៉ុណ្ណោះ។ នេះបើតាមការបង្ហោះឱ្យដឹងពី កញ្ញា ទូច បុប្ផា ហៅ Thyda PNN ប្រធានគ្រប់គ្រងកម្មវិធីផ្សាយប្រចាំស្ថានីយទូរទស្សន៍ PNN កាលពីយប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤។
ប្រធានគ្រប់គ្រងកម្មវិធីផ្សាយប្រចាំស្ថានីយទូរទស្សន៍ PNN រៀបរាប់ឱ្យដឹងថា «បុរសម្នាក់នេះ Piang Takhon បានឧបត្ថម្ភដល់សាលាដូង ៦ លានរៀល ដោយមិនអោយខ្ញុំផ្សព្វផ្សាយពីព័ត៌មានគាត់»។ បន្ថែមពីលើនោះ Thyda ក៏បានបង្ហាញសមាសភាពតារាជាច្រើន ដែលពួកគេតែងតែចូលរួមសកម្មភាពសប្បុរសធម៌ផ្សេងៗតាមដែលអាចធ្វើទៅបាន ដោយមិនទាមទារ និងការតបស្នងអ្វីទាំងអស់។

សិល្បករ-សិល្បការិនីល្បីៗទាំងនោះរួមមាន តារាចម្រៀង នូ ឧសភា តែងចូលរួមសកម្មភាពសប្បុរសធម៌ ពេលខ្លះខំប្រមូលបានប្រាក់រាប់ពាន់ដុល្លារជួយដល់ក្មេងៗ ដោយមិនដែលប្រកាសឱ្យគេដឹង។ តារាសម្តែង មូនី វិជ្ជរ៉ា រាល់ពេលធ្វើខួបកំណើត ក្រៅពីនិមន្តព្រះសង្ឃធ្វើបុណ្យនៅផ្ទះ គឺតែនាំយកសំភារៈសិក្សារាប់សិបមុខទៅចែកក្មេងៗតាមសាលា។ រីឯអ្នកកំលោះ ខាត់ វ៉ៃហាំង ឯណោះវិញ ទៅដល់ទីណា មានរបស់របរផ្ញើក្មេងៗរហូត ជាពិសេសគាត់បាននាំយកសំភារៈសិក្សាចែកក្មេងៗតាមរយៈកម្មវិធី សាកថ្មជីវិតរបស់គាត់។ ក្រៅពីនោះ នៅមានមនុស្សជាច្រើនទៀត ដែលរៀបរាប់ឈ្មោះមិនអស់ផងដែរ។





វាមិនមែនជារឿងចម្លែកទេ ដែលតារាមីយ៉ាន់ម៉ា Paing Takhon ធ្វើការងារសប្បុរសធម៌ ព្រោះកន្លងមកលោកធ្លាប់ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា លោកស្រលាញ់ប្រទេសកម្ពុជាខ្លាំង ថែមទាំងបានចាត់ទុកប្រទេសកម្ពុជាជាផ្ទះទី២ របស់លោកទៀតផង។ ឆាប់ៗនេះ លោកក៏នឹងមានស្នាដៃភាពយន្តខ្នាតធំថ្មី ចំណងជើង «បណ្ដាសានាងរាត្រី» ដែលត្រៀមចាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបឆាប់ៗនេះ៕





















































Account
Security
Favourite Content