ទំព័រហ្វេសប៊ុកផ្លូវការរបស់ព្រះនាងតូច ជេនណា កាលពីម្សិលមិញ បានបង្ហោះឱ្យដឹងដំណឹងដ៏រីករាយក្រៃលែង ដោយបានប្រកាសជាសាធារណៈថា សែរាជវង្សអង្គនេះនឹងនាំកិត្យានុភាពសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោក តាមរយៈការអញ្ជើញជាផ្លូវការពីក្រុមហ៊ុនភាពយន្តអន្តរជាតិ Millennium Media សម្រាប់ដំណើរទស្សនកិច្ចមួយទៅទស្សនាកន្លែងថតភាពយន្តនៅអឺរ៉ុប និងការចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតអន្តរជាតិផងដែរ។




ក្រៅពីដំណើរទស្សនកិច្ចទៅទស្សនាកន្លែងថតភាពយន្តនៅអឺរ៉ុប ព្រះនាងតូច ក៏នឹងចូលរួមសម្ដែងការប្រគំតន្ត្រីលក្ខណៈឯកជនមួយនៅក្នុង ស្ទីឌូយ៉ូ (Studios) ជាមួយតារាសម្ដែងអន្ដរជាតិជាច្រើន ដូចជា Ckay (top streamed artist in the world), GIMS (តារាចម្រៀងបារាំងដ៏មានប្រជាប្រិយភាព), Neta Barzilai (បានឈ្នះកម្មវិធី Eurovision នាពេលថ្មីៗនេះ) និង Michele Morrone ( តារាងសម្ដែងសំខាន់នៅក្នុងខ្សែភាពយន្ដភាគ នៅលើ Netflix មានចំណងជើងថា 365 Days)។


ក្នុងនោះផងដែរ ព្រះនាងតូច ជេនណា ក៏បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមុះក្នុងការនាំយកកេរ្តិ៍នាមជាតិខ្មែរ ឱ្យអន្តរជាតិបានស្គាល់កាន់តែច្បាស់នូវកិត្យានុភាពជាតិខ្មែរ វប្បធម៌ខ្មែរដ៏ល្អប្រពៃណី ដែលកំពុងរស់នៅយ៉ាងសុខុមក្នុងយុគសម័យដ៏រីករាយក្រោមការដឹកនាំដ៏ឆ្នើមនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ព្រះនាងតូច សង្ឃឹមថា បងប្អូនខ្មែរទាំងអស់នឹងគាំទ្រទ្រង់។ តាមដែលបានដឹងមក ព្រះនាងតូច ជេនណា គ្រោងចាកចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅទឹកដីអ៊ឺរ៉ុប នៅថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ៕























Account
Security
Favourite Content