iKON ជាក្រុមចម្រៀងបុរសល្បីមួយក្នុងផលិតកម្ម YG តែយ៉ាងណាមិញបន្ទាប់ពីចេញច្រៀងជាផ្លូវការអស់រយៈពេលប្រមាណ ៧ ឆ្នាំពេលនេះសមាជិកទាំងអស់សម្រេចចិត្តមិនបន្ដកុងត្រា និងចាកចេញពីផលិតកម្ម YG តែម្ដង។
នៅព្រឹកថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២២ ផលិតកម្ម YG បានចេញសេចក្ដីប្រកាសទាក់ទងនឹងកុងត្រា និងការសម្រេចចិត្តរបស់សមាជិកក្រុម iKON ដោយផលិតកម្ម YG បានឱ្យដឹងថា៖ បន្ទាប់ពីការចរចា និងគិតអស់រយៈពេលជាយូរសមាជិកទាំងអស់ក្នុងក្រុមរួមមាន Kim Jinhwan, Bobby, Song Yunhyeong, Goo Junhoe, Kim Donghyuk និង Jung Chanwoo គឺសម្រេចមិនបន្ដកុងត្រាតទៅទៀតនោះទេ និងចាកចេញពីផលិតកម្ម។
ជាមួយគ្នាដែរ ផលិតកម្ម YG ក៏បានអរគុណដល់ការខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់ចាប់តាំងពីផ្ដើមដំបូងរហូតមកដល់ពេលនេះ និងជូនពរឱ្យសមាជិកទាំងអស់ជោគជ័យជាមួយដំណើរជីវិតថ្មីរបស់ពួកគេក្នុងវិស័យសិល្បៈ។
ការចាកចេញរបស់ក្រុមចម្រៀង iKON បានធ្វើឱ្យអ្នកគាំទ្រខេប៉ុបជាច្រើនហាក់គាំងស្មារតី ព្រោះសមាជិក Bigbang តារាប្រុស Daesung ក៏ទើបប្រកាសចាកចេញពីផលិតកម្ម YG។ មកទល់ពេលនេះ ក្រុមចម្រៀងមិនច្រើនទេដែលនៅសល់ក្នុងផលិតកម្ម YG ខណៈក្រុមខ្លះក៏មានសមាជិកចេញជាបន្ដបន្ទាប់។
គួរបញ្ជាក់ផងដែរ iKON បានចេញច្រៀងជាផ្លូវការក្នុងឆ្នាំ ២០១៥ នាកាលនោះពួកគេបានជាប់ឈ្មោះជាក្រុមបុរសថ្មីដ៏ជោគជ័យដោយឈ្នះពានរង្វាន់ក្រុមតារាចម្រៀងបុរសថ្មីល្អបំផុតស្ទើរគ្រប់កម្មវិធី៕
























Account
Security
Favourite Content