តារាល្បីៗដូចជាសមាជិក BTS និង G-Dragon បានចូលរួមយុទ្ធនាការបរិច្ចាគដើម្បីជួយដល់បុគ្គល និងតំបន់ដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃដែលបាននិងកំពុងរាលដាលពាសពេញភាគអាគ្នេយ៍ប្រទេសកូរ៉េចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន។
ក្នុងនោះ Jungkook សមាជិកក្រុម BTS បានបរិច្ចាគប្រាក់ចំនួន ១ ពាន់លានវ៉ុន (ប្រមាណ ៦៨១ ០០០ ដុល្លារ) តាមរយៈសមាគមសង្គ្រោះគ្រោះមហន្តរាយកូរ៉េ Hope Bridge។ សមាគមមិនមែនរដ្ឋាភិបាលមួយនេះបានឱ្យដឹងនៅថ្ងៃសុក្រ ទី២៨ ខែមីនានេះថា ពាក់កណ្តាលនៃការបរិច្ចាគនឹងត្រូវបែងចែកសម្រាប់ជំនួយ និងឧបករណ៍សង្គ្រោះបន្ទាន់ ខណៈដែលពាក់កណ្តាលទៀតនឹងត្រូវប្រើប្រាស់ក្នុងការកែលម្អលក្ខខណ្ឌការងារសម្រាប់អ្នកពន្លត់អគ្គីភ័យ នេះបើយោងតាមសមាគមមិនមែនរដ្ឋាភិបាល។

ស្របជាមួយគ្នា មេក្រុម BTS គឺ RM ក៏បានចូលរួមក្នុងការគាំទ្រដោយបរិច្ចាគ ១០០ លានវ៉ុនដែរនៅថ្ងៃដដែលនេះ បន្ទាប់ពីមុននេះមួយថ្ងៃសមាជិក J-Hope និង Suga បានបរិច្ចាគម្នាក់ ១០០ លានវ៉ុន តាមរយៈសមាគមសង្គ្រោះ និងកាកបាទក្រហមកូរ៉េ។
តារាចម្រៀង G-Dragon បានបរិច្ចាគប្រាក់ចំនួន ៣០០ លានវ៉ុន (ប្រមាណ ២ សែនដុល្លារ) ដើម្បីជួយគ្រប់គ្រងការខូចខាតតាមរយៈមូលនិធិ JusPeace ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលលោកបានបើកដំណើរការផ្ទាល់កាលពីខែសីហាឆ្នាំមុន។
ទីភ្នាក់ងាររបស់ G-Dragon គឺក្រុមហ៊ុន Galaxy បាននិយាយនៅថ្ងៃសុក្រនេះថាថវិកាដែលបានបរិច្ចាគនេះត្រូវបានរៃអង្គាសតាមរយៈការលក់សំបុត្រសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Übermensch” ដែលគ្រោងនឹងចាប់ផ្តើមនៅទីក្រុង Goyang ទីក្រុង Gyeonggi នៅថ្ងៃសៅរ៍។
តារាចម្រៀង និងសម្តែង Cha Eun-woo ព្រមទាំង Doyoung សមាជិកក្រុម NCT ក៏បានបរិច្ចាគទឹកប្រាក់ម្នាក់ ១០០ លានវ៉ុនដែរ ស្របពេលសិល្បករ JYP រួមមាន Nayeon និង Dahyun ក្រុម Twice និង Yeji ក្រុម ITZ បានបរិច្ចាគម្នាក់ ៥០ លានវ៉ុន។

តារាល្បីៗផ្សេងទៀត ដូចជាតារាចម្រៀង Kim Tae-woo តារាសម្តែង Park Han-byul តារារ៉េប DinDin, Jaemin សមាជិក NCT Wish និង Key ក្រុម SHINee ក៏បានធ្វើការបរិច្ចាគផងដែរ។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃដ៏ធំបានផ្ទុះឡើងនៅក្នុងតំបន់ Sancheong ខេត្ត South Gyeongsang និងតំបន់ Uiseong ខេត្ត North Gyeongsang នៅថ្ងៃទី ២១ និងថ្ងៃ ២២ ខែមីនា ហើយរដ្ឋាភិបាលកូរ៉េក៏បានប្រកាសជាគ្រោះមហន្តរាយធំសម្រាប់ជាតិ។ អគ្គីភ័យបានឆក់យកជីវិតមនុស្សយ៉ាងតិច ២៨ នាក់ និងរបួស ៣៧ នាក់ បើយោងតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៅព្រឹកថ្ងៃសុក្រនេះ ហើយផ្ទៃដីប្រមាណ ៤៦ ៩២៧ ហិកតា ត្រូវបានរងផលប៉ះពាល់ ៕



























































Account
Security
Favourite Content