ថ្មីៗនេះកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ផលិតកម្ម YG Entertainment បានបង្ហោះរូបភាព ២ សន្លឹកនៅលើបណ្ដាញសង្គមអ៊ីនធឺណេតដើម្បីអបអរសាទរខួបគម្រប់ ១០ ឆ្នាំរបស់ AKMU ដែលមានសមាជិក ២ រូបជាបងប្អូនបង្កើតនឹងគ្នាគឺ Lee Chan-hyuk និង Lee Soo-hyun ។
អមជាមួយគ្នានេះ AKMU ក៏បានប្រកាសថា “AKKADEMY” ឈ្មោះផ្លូវការរបស់ក្រុមអ្នកគាំទ្រ ឬ fandom របស់ពួកគេជាលើកដំបូងបំផុតក្នុងរយៈពេល ១០ ឆ្នាំនៃការបង្ហាញខ្លួនលើកដំបូងរបស់គេ។ “AKKADEMY” ត្រូវបានបង្កើតឡើងដោយច្របាច់បញ្ចូលគ្នារវាងពាក្យ AKMU និង ACADEMY ដោយសម្ដៅលើផ្នែកមួយដែលនៅចំកណ្ដាលសិល្បៈ។
មិនត្រឹមប៉ុណ្ណេះ ផលិតកម្ម YG Entertainment បានប្រកាសនូវគម្រោងជាច្រើនរបស់ AKMU ដើម្បីអរគុណដល់អ្នកគាំទ្រដែលបានរួមដំណើរជាមួយគ្នាអស់រយៈពេល ១០ ឆ្នាំមកនេះ។ ក្រុមហ៊ុនក៏បានប្រកាសព័ត៌មានដល់អ្នកគាំទ្រទាំងអស់ដែលចាប់អារម្មណ៍អាចទិញ membership នៅក្នុង Weverse Shop ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ៤ ខែមេសា។
គួរបញ្ជាក់ផងដែរ AKMU បានបង្ហាញមុខជាសាធារណៈនៅឆ្នាំ ២០១៤ ដែលអាល់ប៊ុមដំបូងរបស់ពួកគេមានឈ្មោះថា PLAY។ សម្រាប់អាល់ប៊ុមចុងក្រោយចេញនៅឆ្នាំ ២០១៩ មានឈ្មោះថា Sailing ហើយនៅក្នុងឆ្នាំ ២០២៣ ពួកគេក៏បានចេញបទចម្រៀងចុងក្រោយ Love Lee ដែលទទួលបានសន្ទុះនៃការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ ៕