តារាចម្រៀងស្រីដ៏ល្បី ២រូបគឺ Lady Gaga និង Celine Dion កំពុងត្រូវបានគេរំពឹងថានឹងឡើងសម្តែងក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ ២០២៤ នៅថ្ងៃសុក្រ ទី២៦ ខែកក្កដានេះ។
តាមរយៈបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង France 2 កាលពីថ្ងៃទី២៣ ខែកក្កដា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងធ្វើឡើងនៅមាត់ទន្លេ Seine ដោយអត្តពលិក និងសិល្បកររាប់ពាន់នាក់នឹងដើរដង្ហែក្បួនតាមដងទន្លេប្រវែង ៦ គីឡូម៉ែត្រ។
ស្របពេលពិធីបើកនេះជិតចូលមដល់ ក៏មានព័ត៌មានលេចឮថា តារាចម្រៀងម្ចាស់បទ “Bad Romance” និង “Born This Way” Lady Gaga នឹងឡើងសម្ដែងក្នុងកម្មវិធីចាប់ផ្តើមការប្រកួតកីឡាអូឡាំពិករដូវក្តៅ បន្ទាប់ពីនាងត្រូវបានគេប្រទះឃើញ នៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ។ ទោះយ៉ាងណា អ្នកតំណាងរបស់ Lady Gaga មិនបានឆ្លើយតបភ្លាមៗនោះទេនៅពេលអ្នកកាសែតទាក់ទងសុំបញ្ជាក់ពីព័ត៌មាននេះ។
ត្បិតថាមិនទាន់មានការបញ្ជាក់ជាផ្លូវការ ប៉ុន្តែដំណឹងនៃការចូលរួមសម្ដែងលើកនេះបានធ្វើឱ្យអ្នកគាំទ្រ Lady Gaga រំភើបចិត្ត ខណៈអ្នកគាំទ្រជាច្រើនរំពឹងថានឹងបានឃើញនាងសម្ដែងបទចម្រៀងថ្មីក្នុងកម្មវិធីអូឡាំពិក ដោយមុននេះ Lady Gaga ក៏ធ្លាប់បានបង្ហើបតាមរយៈគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនថានាងកំពុងផលិតបទចម្រៀងថ្មីសម្រាប់អាល់ប៊ុមទី៧របស់ខ្លួន។ ជាងនេះទៅទៀត ភាពយន្តខ្នាតធំដែលនាងបានសម្ដែងជាតួឯក គឺរឿង “Joker: Folie à Deux ក៏នឹងត្រៀមចេញបញ្ចាំងនៅថ្ងៃទី៤ ខែតុលា ខាងមុខនេះដែរ។
ក្រៅពី Lady Gaga តារាចម្រៀងល្បីមួយរូបទៀតគឺម្ចាស់បទ “My Heart Will Go On” Celine Dion ក៏ត្រូវបានគេរាយការណ៍ថានឹងឡើងសម្ដែងក្នុងព្រឹត្តិការណ៍បើកកីឡាអូឡាំពិកខាងមុខនេះដូចគ្នា ខណៈរូបនាងត្រូវបានគេប្រទះឃើញចេញជួបអ្នកគាំទ្រនៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែកក្កដា។
សារព័ត៌មានជាច្រើនបានរាយការណ៍ថា Celine Dion អាចនឹងឡើងច្រៀងក្នុងកម្មវិធីនៅថ្ងៃសុក្រនេះ ជាការសម្ដែងសាធារណៈរបស់នាងលើកដំបូង បន្ទាប់ពីត្រូវសម្រាកព្យាបាលជំងឺ និងមិនបានឡើងសម្ដែងសោះចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។
ប្រសិនបើនាងចូលរួមពិតមែន ការសម្ដែងនេះនឹងក្លាយជាលើកទីពីរហើយដែលតារាចម្រៀងកាណាដារូបនេះបានចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិក ដោយលើកមុននាងបានសម្តែងនៅទីក្រុងអាត្លង់តា ប្រទេសហ្សកហ្ស៊ី កាលពីឆ្នាំ ១៩៩៦ ៕