បើតាមអ្នកជំនាញនៃក្រសួងបរិស្ថាន កម្ពុជាមានប្រភេទផ្កាកេសរកូលចន្លោះពី ៥០០-៧០០ប្រភេទដែលភាគច្រើនមានវត្តមាននៅក្នុងតំបន់ចំនួន ៥ ដូចជា តំបន់ភ្នំក្រវាញ តំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប តំបន់មាត់សមុទ្រ កោះ និងតំបន់ភ្នំ។
ដ្បិតថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយដែលមាននូវផ្កាសកេរកូលព្រៃយ៉ាងសម្បូរបែបក្តី តែកេសរកូលដែលជាធនធានធម្មជាតិដ៏សំខាន់មួយ និងជាកម្មសិទ្ធិរបស់កម្ពុជា ចាំបាច់ត្រូវថែរក្សា អភិរក្សដោយហេតុថាប្រភេទកេសរកូលព្រៃកម្រៗមួយចំនួនអាចប្រឈមនឹងការផុតពូជ។
ជាមួយគ្នានេះ ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយតាមរយៈការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន រួមទាំងការរៀបចំឲ្យមានវេទិកាពិរព័ណ៌កេសកូលរៀងរាល់ ១ឆ្នាំម្តង។
សម្រាប់ឆ្នាំ២០២៣ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍កេសរកូល រយៈពេលដល់ទៅ ៣ថ្ងៃឯណោះ ដោយមានការតាំងបង្ហាញ និងការពន្យល់ពីគុណតម្លៃរបស់កេសរកូលព្រៃ និងសារៈសំខាន់នៃការរៀបចំវេទិកាកេសរកូលជាតិ ព្រមជាមួយការដើរម៉ូតសម្លៀកបំពាក់លម្អដោយកេសរកូល ជាដើមចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអនភ្នំពេញ (Aeon I)។
គួរជម្រាបថា ជុំវិញការថែរក្សា និងកិច្ចការពារនូវប្រភេទកេសកូលរបស់កម្ពុជា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ត្រូវបានក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា សហការបង្កើតឡើងតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។
បើតាម លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងទទួលបន្ទុកការងារមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានឲ្យដឹងថា មជ្ឈមណ្ឌល ដែលមានទំហំផ្ទៃដីសរុប ២០២០ហិកតា បង្កើតឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៤។
អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រូបនេះបន្តឲ្យដឹងថា ទី១ មជ្ឈមណ្ឌលនេះផ្តោតទៅលើការសិក្សាស្រាវជ្រាវ, ទី២គឺការថែរក្សាអភិរក្ស ប្រភេទកេរសកូលព្រៃ និង រុក្ខជាតិនានារបស់កម្ពុជាឱ្យគង់វង្ស, ទី៣គឺ ធ្វើការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបនៅកម្ពុជា និងទី៤ គឺគោលបំណងធ្វើយ៉ាងណាយើងអាចផ្សារភ្ជាប់នូវសេដ្ឋកិច្ច និងការអភិរក្ស។
លោកជំទាវ ចាន់ សុម៉ាលី បានបញ្ជាក់ដែរថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស កេសកូល សុខ អាន ភ្នំគូលែន នេះ ក៏ជាទីកន្លែងមួយសម្រាប់កម្សាន្ត និងក៏ជាទីកន្លែងអាចជួយបង្កើតការងារជូនប្រជាពលរដ្ឋ និងចំណូលបន្ថែមផងដែរ ពោលគឺ មិនត្រឹមតែសម្រាប់កិច្ចការពារទេ ប៉ុន្តែក៏ជាផ្នែកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែរ។
លោកជំទាវ ចាន់ សុម៉ាលី បន្តថា មជ្ឈមណ្ឌលនេះ ស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន ក្រោយទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ដោយលោកស្រីជាអ្នកទទួលបន្ទុក និងបានរៀបចំនូវផែនការមេចំនួន ១៦តំបន់។
ក្នុងចំណោមទាំង ១៦តំបន់នេះ ក្រៅពីតំបន់រដ្ឋបាល តំបន់ចំណត និងតំបន់អាងស្តុកទឹក នៅមានតំបន់អភិរក្ស និងតំបន់សម្រាប់អភិវឌ្ឍន៍ ក្នុងនោះក៏មានតំបន់សំខាន់ៗដូចជា តំបន់ថែរក្សាពូជរុក្ខជាតិក្នុងស្រុក តំបន់សម្រាប់អភិវឌ្ឍន៍ តំបន់ទេសចរណ៍ធម្មជាតិ ដែលអាចបង្កើតជាតំបន់បោះជំរុំសម្រាប់ចូលដើរកម្សាន្តក្នុងព្រៃធម្មជាតិ ជាដើម។
ទាក់ទិននឹងគម្រោងត្រៀមប្រែក្លាយទៅជាតំបន់ទេសចរណ៍ លោកជំទាវ ចាន់ សុម៉ាលី ក៏បានឲ្យដឹងថា «នៅថ្ងៃខាងមុខយើងគ្រោងនឹងបង្កើតដំណើរកម្សាន្ត តាមព្រៃដែលជាដំណើរកម្សាន្តបានបង្កប់នូវអត្ថន័យអប់រំ ដោយក្នុងនោះយើងនឹងបោះនូវស្លាកសញ្ញាផ្សេងៗនៃរុក្ឋជាតិនីមួយៗ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលកម្សាន្តសប្បាយហើយបានយល់ពីផលប្រយោជន័ធម្មជាតិនីមួយៗទាំងនេះផងដែរ»៕









































































Account
Security
Favourite Content