កាលពីថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លងទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងមហោស្រពភាពយន្តខ្លីចតុមុខ (CSFF) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង «កម្មវិធីផ្គូផ្គងមូលនិធិគាំទ្រការផ្សព្វផ្សាយព្រឹត្តិការណ៍នៅប្រទេសកម្ពុជា»។

ភាពជាដៃគូជាយុទ្ធសាស្ត្រនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងការជំរុញកេរ្តិ៍ឈ្មោះនៃឧស្សាហកម្មច្នៃប្រតិដ្ឋ វប្បធម៌ និងភាពយន្តរបស់កម្ពុជាឲ្យកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្ដាល CTB នៅភ្នំពេញ ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់ CTB និង CSFF ព្រមទាំង អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មភាពយន្តសំខាន់ៗ និងភ្ញៀវជាច្រើនរូប។
កម្មវិធីនេះមានរួមបញ្ចូលការថ្លែងសុន្ទរកថាជាផ្លូវការ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និង ការចាក់បញ្ចាំងជាពិសេសនូវភាពយន្តខ្លីរបស់កម្ពុជា និងចិន ដែលទទួលបានជយលាភីពីមហោស្រព CSFF ឆ្នាំ ២០២៥ កន្លងទៅ។ យោងតាមកម្មវិធីផ្គូផ្គងមូលនិធិគាំទ្រការផ្សព្វផ្សាយព្រឹត្តិការណ៍នៅកម្ពុជានេះ CTB នឹងគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈអន្តរជាតិរបស់ CSFF។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងពង្រីកវិសាលភាពរបស់មហោស្រពនៅក្នុងតំបន់ ដោយ មិនត្រឹមតែបង្ហាញកម្ពុជា ថាជាមជ្ឈមណ្ឌលដ៏រស់រវើក សម្រាប់ស្នាដៃសិល្បៈនិទានរឿងប្រកបដោយភាពច្នៃប្រតិដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍វប្បធម៌ដ៏លេចធ្លោមួយផងដែរ។

នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានប្រសាសន៍ថា៖ «ទេសចរណ៍ភាពយន្ត គឺជាយុទ្ធសាស្ត្រអាទិភាព B2C ដ៏សំខាន់មួយរបស់ CTB ពីព្រោះភាពយន្តជាឧបករណ៍ផ្សព្វផ្សាយដ៏មានឥទ្ធិពលមួយ ដែលអាចផ្សារភ្ជាប់អារម្មណ៍ និងក្តីស្រឡាញ់មនុស្សទៅកន្លែងណាមួយតាមសាច់រឿង និងទេសភាពស្រស់ស្អាតក្នុងភាពយន្តនោះ។ លោក គឹម មិនា បន្ថែមទៀតថា៖ « CSFF ដែលមានកម្មវិធីចាក់បញ្ចាំងភាពយន្តខ្លីរយៈពេលមួយសប្ដាហ៍នៅទូទាំងភ្នំពេញ មានសក្តានុពលជាវេទិកាតំបន់យ៉ាងសំខាន់សម្រាប់ផ្លាស់ប្តូរគំនិតច្នៃប្រតិដ្ឋ និងការទាក់ទាញទស្សនិកជនដែលស្រឡាញ់វិស័យភាពយន្ត និងអ្នកទេសចរ ឲ្យមកជួបបទពិសោធន៍ផ្ទាល់នៅកម្ពុជា។
ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លោក ស៊ុំ ស៊ីថែន បានបន្ថែមថា CSFF ភាពជាដៃគូនេះ គឺជាការបោះជំហានដ៏សំខាន់មួយ ពីមហោស្រពដែលទទួលបានការគាំទ្រតែក្នុងស្រុក ទៅជាវេទិកាវប្បធម៌ ដែលមានទំនាក់ទំនងជាអន្តរជាតិ។ ការពង្រីកទីផ្សារទៅកាន់អន្តរជាតិ នឹងអនុញ្ញាតឲ្យបង្ហាញពីសមត្ថភាពសមិទ្ធិករភាពយន្តកំពុងរះរបស់កម្ពុជា ទៅកាន់ទស្សនិកជនកាន់តែទូលំទូលាយ ទន្ទឹមនឹងការអញ្ជើញសមិទ្ធិករភាពយន្ត និងអ្នកស្នេហាវិស័យភាពយន្តក្នុងតំបន់ឲ្យមក ស្វែងយល់ពីកម្ពុជា។ លោកបានបន្តថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ CTB ដែលបានមើលឃើញពីសក្តានុពល សេដ្ឋកិច្ច និងទេសចរណ៍ នៃព្រឹត្តិការណ៍ច្នៃប្រតិដ្ឋប្រចាំឆ្នាំ ដូចជាមហោស្រពCSFF នេះ”៕























































Account
Security
Favourite Content