មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១៥ ដែលជាមហោស្រពភាពយន្តខ្លីអន្តរជាតិដំបូងគេ និងតែមួយគត់នៅកម្ពុជា បានបិទបញ្ចប់ដោយជោគជ័យនូវការប្រារព្ធរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃ ៣០ ខែតុលា ដល់ថ្ងៃ ២ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដែលជាការបញ្ចប់ទៅជំនាន់នេះបង្កប់ខ្លឹមសារនាំឲ្យមានការស្វែងយល់យ៉ាងស៊ីជម្រៅពីប្រធានបទ «រឿងរ៉ាវក្នុងខ្លួន និងជុំវិញខ្លួន»។

រៀបចំឡើងដោយ «ក្រុមភាពយន្តឈូករ័ត្ន» មហោស្រពនេះបានអបអរសាទរថាមពលការផលិតរឿងខ្លី ដោយចាប់យកអារម្មណ៍សហគមន៍ និងស្នាដៃសិល្បៈឆ្នៃប្រតិដ្ឋការប្រាប់រឿងដ៏លេចធ្លោ។
គណៈកម្មការរៀបចំកម្មវិធីបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សមិទ្ធិករភាពយន្ត ទស្សនិកជន និងដៃគូទាំងអស់ដែលបានធ្វើឲ្យឆ្នាំនេះទទួល បានជោគជ័យយ៉ាងត្រចះត្រចង់ ជាពិសេសដល់លោក ស្កុត នីសុន ស្ថាបនិក «អង្គការមូលនិធិកុមារកម្ពុជា» ដែល តែងតែផ្ដល់ការបរិច្ចាគដល់មហោស្រព ជាពិសេសដើម្បីប្រើជាប្រាក់រង្វាន់ផ្ដល់ជូនដល់ជយលាភីក្នុងស្រុក នៅឆ្នាំនេះ។
ស្នាដៃដែលបានជាប់ជយលាភីប្រចាំឆ្នាំ ២០២៦ មានទាំងពានរង្វាន់ក្នុងស្រុក និងក្រៅស្រុក ក្នុងនោះមានដូចជា៖
១. «សំនៀងផ្កាលើវាលខ្សាច់» ដោយ គឹម សោភា ជាប់ជាភាពយន្តខ្លីកម្ពុជា ល្អបំផុត
២. «ឆ្មាំខ្មោច» ដោយ JACK WACHTEL ជាប់ជាភាពយន្តខ្លីកម្ពុជា ល្អបន្ទាប់
៣. «Incident in the Mountain» ដោយ សេង សាវុន្ថរ៉ា ជាប់ចំណារមេប្រយោគសម្រាប់ភាពយន្តខ្លីកម្ពុជា
៤. «The Sream» ដោយ និត ពិសី ជាប់ជាជម្រើសទស្សនិកជនសម្រាប់ ភាពយន្តខ្លីកម្ពុជា
៥. «លិខិតពីអតីតកាល» ដោយ សៀង វួចលីន និង ឃាង ធីណាសានីម ជាប់ជាភាពយន្តខ្លីរបស់និស្សិតកម្ពុជាល្អបំផុត
៦. «មេឃលា» ដោយ យូ សុវណ្ណារិទ្ធ ជាប់ជាជម្រើសទស្សនិកជនសម្រាប់ភាពយន្តខ្លីរបស់និស្សិតកម្ពុជា

ក្រៅពីពានរង្វាន់ក្នុងស្រុក នៅមានពានរង្វាន់ក្រៅស្រុកជាច្រើនទៀតដែរ រឿង “AGAPITO” (ហ្វីលីពីន) ដោយ ARVIN BELARMINO & KYLA ROMEO ជាប់ជាភាពយន្តខ្លីអន្តរជាតិល្អបំផុត, «The Professional Parent» (រ៉ូម៉ានី និងស្លូវ៉ាគី) ដោយ ERIK JASAN ជាប់ជាចំណារមេប្រយោគ សម្រាប់ភាពយន្តអន្តរជាតិកម្ពុជា និង «Brain Space» (អង់គ្លេស) ដោយ LAURA TOFARIDES ជាប់ជាជម្រើសទស្សនិកជនសម្រាប់ភាពយន្តខ្លីអន្តរជាតិ និងរឿង «WASSUPKAYLEE» (បារាំង និងអាមេរិក) ដោយ PEPI GINSBERG ជាប់ជាទេពកោសល្យអន្តរជាតិឆ្នើម។
ឯកឧត្ដម ហ៊ីម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មានបាននិយាយថា «ភាពយន្តគឺជាឧបករណ៍ដ៏មានឥទ្ធិពលដែលដើរតួយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងពីវប្បធម៌ និងអត្តសញ្ញាណជាតិ ទៅកាន់ប្រជាជនខ្លួន និងពិភពលោក។ វេទិកាដូចជាមហោស្រពភាពយន្តខ្លីចតុមុខបង្កើតឱកាសដ៏មានតម្លៃ សម្រាប់សមិទ្ធិករវ័យក្មេងរបស់ខ្មែរ ដើម្បីបញ្ចេញពន្លឺ និងតំណាងឲ្យកម្ពុជាជាលក្ខណៈអន្តរជាតិ។ យើងគាំទ្រ យ៉ាងពេញទំហឹងចំពោះបេសកកម្មនេះដើម្បីបន្តជំរុញភាពយន្តខ្មែរទៅមុខ»។

រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនោះ បានបន្ថែមថា អវិសាលភាពនៃការចូលរួមរបស់សមិទ្ធិករបរទេសក្នុងមហោស្រពខ្មែរទៀតថា «មិនតែប៉ុណ្ណោះ ក៏ធ្លាប់មានសមិទ្ធិករភាពយន្តខ្លីពីបរទេស មកចូលរួមមហោស្រពភាពយន្តខ្លីចតុមុខនេះដោយផ្ទាល់ដែរ ហើយ ពួកគេក៏បានស្វែងយល់បន្ថែមពីប្រទេសយើង។ ថ្មីៗនេះ នាយករដ្ឋមន្ត្រី ក៏បានប្រកាសគោលការណ៍ លើកលែងពន្ធដល់ការចុះមកថតនៅកម្ពុជា ដែលហៅថា “ទេសចរណ៍បែបភាពយន្ត” ដែរ»។
សមិទ្ធិករអង់គ្លេសរឿង «Brain Space» គឺកញ្ញា Laura Tofarides បានឲ្យដឹងថា៖ «នេះជាលើកទី១ហើយ ដែលខ្ញុំ និងដៃគូបានមកលេងកម្ពុជា និងចូលរួមមហោស្រពភាពយន្តខ្លីចតុមុខ។ នាងខ្ញុំពិតជារំភើបដែលត្រូវបានមហោស្រពនេះ ជ្រើសរើសរឿងយើងខ្ញុំចាក់បង្ហាញ និង មានការទទួលស្គាល់ពីទស្សនិកជនក្នុងស្រុក។ អ្វីដែលនាងខ្ញុំពេញចិត្តបំផុតនោះគឺ ការការពារគម្រោងភាពយន្តខ្លី (pitching event) «ការ៉េមួយ» ដែលជួយឲ្យខ្ញុំស្វែងយល់បន្ថែមពីទឹកចិត្ត និងរឿងរ៉ាវប្លែកៗរបស់សមិទ្ធិករកម្ពុជា និងអាស៊ីអាគ្នេយ៍ផ្សេងទៀត»។

ចំណែកលោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពចតុមុខ ហៅកាត់ថា CSFF និងជាស្ថាបនិក «ក្រុមភាពយន្តឈូករ័ត្ន» បានផ្ដល់បទសម្ភាសន៍ថា គុណភាព និងបរិមាណរួមនៃស្នាដៃដែលបានដាក់បញ្ចូលក្នុងមហោស្រពបានបង្ហាញពីភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ពិសេសការបើកឲ្យនិស្សិតប្រកួតស្នាដៃរវាងគ្នា នាំមកនូវកម្រិតត្រឹមត្រូវ និងទឹកចិត្តពុះកញ្ជ្រោលមួយផ្នែកទៀត ស័ក្តិសមនឹងឥទ្ធិពលរបស់មហោស្រពនេះ ដែលជាវេទិកាដ៏សំខាន់សម្រាប់ដាក់បង្ហាញ ទេពកោសល្យថ្មីៗ។ លោកបានបន្ថែមថា «ជំនាន់ទី១៥ បានបញ្ជាក់ពីភាពចាស់ទុំដ៏អស្ចារ្យរបស់សមិទ្ធិករក្នុងស្រុករបស់យើង ដែលបានបើកបង្ហាញរឿងរ៉ាវផ្ទាល់ខ្លួនរបស់តួអង្គ ដែលមានភាពស៊ីជម្រៅជាមួយទស្សនិកជនរបស់យើង ហើយសឹងតែកម្រលើកយកមកថត ជាភាពយន្តខ្លី»៕

























































Account
Security
Favourite Content