“តើភាពយន្តឯកសារ Loot បានផ្លាស់ប្តូរគំនិត ឬសកម្មភាពណាមួយរបស់អ្នក បន្ទាប់ពីទស្សនារួចហើយទេ?”
ឧទាហរណ៍ទី១៖ មុនមើលរឿងនេះ អ្នកគ្រាន់តែគិតថា រូបបដិមា គ្រាន់ជាថ្ម ដែលត្រូវបានឆ្លាក់ ដែលពេលទៅប្រាសាទ ឬសារមន្ទីរ អ្នកគ្រាន់តែមើលៗ ឬពេលខ្លះដើរហួស ព្រោះមិនចាប់អារម្មណ៍។ តែក្រោយមើលរឿងនេះហើយ អ្នកចេះទស្សនារូបបដិមា ដោយការគោរព ឬចង់ដឹងបន្ថែមពីប្រវត្តិ ក្បាច់ចម្លាក់ ឬរូបបដិមានោះតំណាងឱ្យអ្វី។
ឧទាហរណ៍ទី២៖ មុនមើលរឿងនេះ អ្នកអត់ចូលចិត្ត ឬមិនដែលនឹកនាចង់អាន ឬស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរសោះ។ តែក្រោយមើលហើយ ស្រាប់តែអ្នកតាំងចិត្តថា ឆ្នាំនេះ អន់ណាស់ក៏ត្រូវអានសៀវភៅប្រវត្តិសាស្ត្រសម័យណាមួយ ឱ្យបានមួយជំពូកដែរ។ Douglas Latchford ដែលមានគ្រូទាយណាមិនដឹងថាជាតិមុនគាត់ជាខ្មែរ នៅសរសេរសៀវភៅពីរូបចម្លាក់ខ្មែរបាន។ ចុះទម្រាំយើងខ្មែរ (តែខ្មែរសុទ្ធឬអត់ ខ្ញុំអត់ហ៊ានថាទេ) ដោយអត់ចាំបាច់មានគ្រូទាយមកអះអាងផង ត្រឹមអានសោះ ម៉េចថាធ្វើមិនបាន?
នេះជាសំណួរដែលអ្នកនិពន្ធប្រលោមលោក គឹម ឌីណា បានបំផុសសួរទៅកាន់អ្នកតាមដានរបស់ខ្លួន បន្ទាប់ពីបានទស្សនាភាពយន្តឯកសារ “LOOT” ជាលើកទី២។

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រពីទស្សនិកជន ស្របពេលបុគ្គលល្បីៗលើបណ្ដាញសង្គមជាច្រើននៅតែណែនាំឱ្យកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្តមួយនេះដើម្បីស្វែងយល់ពីរឿងរ៉ាវដ៏សំខាន់មួយនៃប្រវត្តិសាស្រ្តជាតិ។
លើសពីការបង្ហាញឫសគល់នៃការលួចប្លន់ ជួញដូរ រហូតដល់ការទាមទារវត្ថុបុរាណខ្មែរជាច្រើនត្រលប់មកមាតុភូមិវិញ ភាពយន្តនេះក៏ត្រូវបានគេសង្កេតឃើញថាបានផ្លាស់ប្ដូរផ្នត់គំនិតរបស់យុវជនខ្មែរជាច្រើនផងដែរពាក់ព័ន្ធនឹងវត្ថុបុរាណ។


កញ្ញា កែម ច័ន្ទបុប្ផា ជាអ្នកនិពន្ធប្រលោមលោកមួយរូបទៀត បានរៀបរាប់ពីអារម្មណ៍របស់ខ្លួន បន្ទាប់ពីបានទស្សនារឿងនេះថា៖ «យើងតែងតែស្ញប់ស្ញែង និងមានមោទនភាពជាមួយមរតកជាច្រើន ដែលដូនតាខ្មែរបន្សល់ទុកនៅ។ ចុះក្នុងនាមជាកូនចៅជំនាន់ក្រោយ និងជាអ្នកបន្តវេន តើយើងអាចធ្វើអីបានដើម្បីសង្គមមួយនេះ?
ខ្ញុំតែងយល់ថា ជំនាញណាក៏ជួយជាតិបានដែរ ដូចមានជាឧទាហរណ៍នៅក្នុងភាពយន្តឯកសារមួយនេះស្រាប់។ នៅក្នុងដំណើរការស្រាវជ្រាវ និងទាមទារមកវិញនូវសម្បត្ដិរបស់ខ្មែរ មានអ្នកជំនាញជាច្រើនចូលរួមពាក់ព័ន្ធ។ ហេតុនេះ បើស្នេហាជាតិ បើស្រលាញ់ជាតិ ត្រូវខំរៀន កសាងខ្លួនបង្កើតចំណេះ និងជំនាញពិតប្រាកដ ព្រមទាំងបំពេញករណីយកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈ»។
ចំណែកយុវតីជាអ្នកបង្កើតមាតិកាបែបប្រវត្តិសាស្ត្រ Meyxiang បានលើកទឹកចិត្តឱ្យយុវជនខ្មែរ ទៅទស្សនារឿងមួយនេះ ដោយបាននិយាយថា៖ «“សម័យសង្គ្រាមកម្សត់ទាំងមនុស្សកម្សត់ទាំងថ្ម” ជាពាក្យមួយឃ្លាដែលខ្ញុំចងចាំបំផុតបន្ទាប់ពីមើលរឿង Loot រួចហើយ… បដិមាទាំងអស់ដែលយើង ចាត់ទុកថាជាដួងព្រលឹងនៃដូនតារបស់យើងគឺជាវត្ថុដែលយើងគោរពនិងឱ្យតម្លៃខ្លាំងត្រូវបានគេយកទៅជួញដូរជុំវិញពិភពលោកនៅក្នុងតម្លៃរាប់លានដុល្លារ។ វត្ថុបុរាណខ្លះធ្ងន់ខ្លាំងពេកគេយកចេញពីប្រាសាទមិនបាន គេកាត់ព្រះកេស កាត់ដៃ កាត់ជើង ធ្វើយ៉ាងណាឱ្យតែយកទៅលក់បាន… ក្នុងនាមយើងជាកូនខ្មែរ យើងគួរតែចំណាយពេលមួយម៉ោងកន្លះទៅមើល យើងនឹងបានដឹងបានស្គាល់អំពីខ្លួនឯង បានដឹងថាប្រទេសជាតិយើងបានជួបរឿងអ្វីខ្លះ»។


ស្រដៀងគ្នាដែរតារាសម្ដែងវ័យក្មេង សារ៉ា ពេជ្រម៉ានីកា បានបញ្ចេញយោបល់ថា៖ «សូមអរគុណ ក្រុមការងារផលិតខ្សែភាពយន្តឯកសារនេះ ជាពិសេស បុគ្គលសំខាន់ៗដែលបានជួយផ្តួចផ្តើម និងជ្រោមជ្រែង ក្នុងការទាមទាររូបចម្លាក់ និងវត្ថុបុរាណរបស់ខ្មែរត្រលប់មកវិញ គួរជាទីគោរពដឹងគុណបំផុត និងសូមអរគុណ បងប្អូនពូមីង ដែលបានព្យាយាមផ្សព្វផ្សាយពីភាពយន្តនេះ រហូតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ធ្វើឲ្យយុវជនជំនាន់ក្រោយដូចជាខ្ញុំ មានឱកាសបានទៅទស្សនា និងស្វែងយល់ ពីដំណើរដ៏អស្ចារ្យ នៃការស្វែងរកវត្ថុបុរាណរបស់ខ្មែរ ត្រឡប់មកមាតុប្រទេសវិញ… ខ្ញុំពិតជារំភើប និងស្ញប់ស្ញែង នៅពេលបានឃើញ បងប្អូនពូមីង ចូលរួមគាំទ្រខ្សែភាពយន្តនេះចេញពីបេះដូង ដែលបង្ហាញពីក្តីស្រលាញ់ និងការប្តេជ្ញាក្នុងការថែទាំសម្បត្តិមរតកខ្មែរបន្តទៀត សូមឲ្យទឹកចិត្តដ៏អង់អាចមួយនេះ នៅតែបន្តស្ថិតក្នុងបេះដូងកូនខ្មែរគ្រប់ជំនាន់ សូមគោរពអរគុណ និងដឹងគុណពីខ្ញុំ»។
ភាពជោគជ័យនៃភាពយន្តនេះក្នុងការដាក់បញ្ចាំងក្នុងរោងភាពយន្តក៏ត្រូវបានចាត់ទុកថាជាប្រវត្តិសាស្ត្រថ្មីមួយទៀត ស្របពេលដែលកន្លងមកភាពយន្តប្រភេទឯកសារ ឬ Documentary បែបនេះមិនសូវជាទទួលបានការគាំទ្រចូលទស្សនាច្រើនពីសំណាក់យុវជនដូចប្រភេទរឿងផ្សេងៗឡើយ។ ក្នុងចំណុចនេះលោក អ៊ូច មករា ជាសហអ្នកនិពន្ធមួយរូបរបស់រឿង “LOOT” និងប្រធាននាយកដ្ឋានផលិតកម្មរបស់ក្រុមហ៊ុន Apsara Media Service (AMS) ដែលបានទទួលសិទ្ធិចែកចាយភាពយន្តនេះក្នុងប្រទេសកម្ពុជា បានបញ្ចេញយោបល់ថា៖
«ភាពជោគជ័យនៃរឿង “LOOT” ក្នុងពេលនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ក្រុមការងារផលិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាណវិជ្ជមានដ៏ធំមួយសម្រាប់វិស័យភាពយន្តឯកសារនៅកម្ពុជាផងដែរ។ កន្លងមក យើងតែងតែបារម្ភថាភាពយន្តឯកសារបែបនេះពិបាកនឹងទាក់ទាញទស្សនិកជនវ័យក្មេងឱ្យចូលរួមទស្សនាពេញៗរោងណាស់។ ប៉ុន្តែតាមរយៈការខិតខំប្រឹងប្រែងរៀបចំសាច់រឿង ការធ្វើទីផ្សារបែបសម័យទំនើប និងជាពិសេសគឺការចង់ចេះចង់ដឹងពីសំណាក់យុវជនខ្មែរ បានសបញ្ជាក់ឱ្យឃើញថា ទោះបីជារឿងឯកសារក៏ដោយ ប្រសិនបើខ្លឹមសារមានភាពទាក់ទាញ ឆ្លុះបញ្ចាំងពីការពិត និងបណ្ដុះស្មារតីជាតិនិយម គឺប្រាកដជាអាចដក់ជាប់ក្នុងបេះដូងទស្សនិកជន និងបង្កើតបានជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ឧស្សាហកម្មភាពយន្តយើងមិនខាន។»
តាមរយៈខ្សែភាពយន្តឯកសារនេះ លោកក៏សង្ឃឹមថានឹងអាចពញ្ញាក់ស្មារតីយុវជន ឱ្យចាប់ផ្តើមគិតគូរ ខិតខំប្រឹងប្រែងបណ្តុះស្មារតីស្រឡាញ់ជាតិ មាតុភូមិ ពុះពារ ជម្នះឧបសគ្គ ឱ្យដូចពាក្យមួយឃ្លាក្នុងបទពង្សាវតាខ្មែរថា «តាំងចិត្តឱ្យធំ ខិតខំប្រឹងវិញ បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើង ឱ្យបានរុងរឿង ជាថ្មីឡើងតាមសាវតា» ៕



















































Account
Security
Favourite Content