ពេលរីករាយក៏ស្តាប់ចម្រៀង ពេលកើតទុក្ខក៏ស្តាប់ចម្រៀង។ ចម្រៀងប្រៀបដូចជាមិត្តដែលនៅកំដរ និងជួយឱ្យមនុស្សជាច្រើនមានអារម្មណ៍ប្រសើរឡើង ហើយបាត់បង់អស់ភាពហត់នឿយ។

ជាក់ស្តែង នេះមិនមែនជាការគិតដោយខ្លួនឯងនោះទេ ក៏ប៉ុន្តែទំនាក់ទំនងរវាងចម្រៀង និងខួរក្បាល គឺស៊ីជម្រៅជាងអ្វីដែលអ្នកគិត ខណៈដែលសម្ព័ន្ធភាពនេះក៏មានវិទ្យាសាស្ត្រពន្យល់ផងដែរ។
ចម្រៀងជាអ្នកផ្ដល់ក្តីសុខ
នៅពេលដែលសំឡេងភ្លេងនៃចម្រៀងដែលអ្នកចូលចិត្តបន្លឺឡើង ខួរក្បាលនឹងចាប់ផ្តើមដំណើរការ Reward System និងបញ្ចេញអរម៉ូនដូប៉ាមីន (Dopamine) ដែលជាអរម៉ូននៃសេចក្តីសុខ។ សារធាតុគីមីនេះហើយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍រីករាយប្រៀបដូចពេលដែលអ្នកទទួលបានកាដូ ឬញ៉ាំម្ហូបឆ្ងាញ់ៗ។
ជាពិសេស នៅពេលដែលដល់ឃ្លាដែលអ្នកចូលចិត្ត ខួរក្បាលនឹងបញ្ចេញដូប៉ាមីនកាន់តែច្រើន រហូតធ្វើឱ្យអ្នកមានអារម្មណ៍ចង់ទះដៃ ញាក់ជើង ឬច្រៀងតាម និងរាំតាមជាដើម។ នោះគឺជាសញ្ញាបង្ហាញថា ខួរក្បាលកំពុងផ្តល់រង្វាន់ និងបំពេញថាមពលវិជ្ជមានដល់អ្នក។
ចម្រៀងជាអ្នកលួងលោម
បើអ្នកមានអារម្មណ៍ថាតានតឹង ឬសោកសៅ ការយំទៅតាមចម្រៀង ឬគ្រហឹមទៅតាមចង្វាក់ភ្លេង នឹងជំរុញឱ្យខួរក្បាលបញ្ចេញអរម៉ូនអង់ដូហ្វីន (Endorphins) ដែលប្រៀបដូចជាការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិ។
អង់ដូហ្វីននឹងជួយកាត់បន្ថយកម្រិតអរម៉ូននៃភាពតានតឹង Cortisol ជួយឱ្យសាច់ដុំដែលតឹងណែនសន្សឹមៗរំសាយខ្លួន បេះដូងលោតយឺតៗជាចង្វាក់ និងបំបាត់ភាពនឿយហត់ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ស្រាលខ្លួនជាងមុន។

ចម្រៀងជាតំបន់សុវត្ថិភាព (Safe Zone)
រាល់បទចម្រៀងដែលអ្នកចូលចិត្ត តែងលាក់បង្កប់នូវអនុស្សាវរីយ៍ និងការចងចាំដ៏កក់ក្តៅពីអតីតកាល។ ដូច្នេះ នៅពេលដែលអ្នកបានស្តាប់ចម្រៀងដែលខ្លួនឯងចូលចិត្ត ក៏ជាពេលដែលអ្នកស្ថិតនៅក្នុង Safe Zone ប្រៀបដូចជាមានមិត្តភក្តិចាំលួងលោមដូចគ្នាដែរ។
ប្រសិនបើថ្ងៃណាមួយអ្នកមានអារម្មណ៍សោកសៅ ឬហត់នឿយ សាកល្បងផ្តល់ពេលវេលាឱ្យខ្លួនឯងបានស្តាប់បទចម្រៀងដែលខ្លួនឯងចូលចិត្ត ព្រោះពេលខ្លះចម្រៀងអាចជាឱសថព្យាបាលផ្លូវចិត្តដែលអ្នកកំពុងស្វែងរកក៏ថាបាន៕



















































Account
Security
Favourite Content