មុនការរកឃើញរបស់ Tu Youyou ជំងឺគ្រុនចាញ់បានលេបត្របាក់ជីវិតមនុស្សរាប់លានអ្នកនៅជុំវិញពិភពលោក។ ហេតុដូច្នេះហើយ ទើបអ្នកវិទ្យាសាស្ត្រចិនដីគោកដំបូងគេដែលទទួលបានរង្វាន់ណូបែលក្នុងវិស័យវិទ្យាសាស្ត្ររូបនេះ បានខិតខំសិក្សាលើឯកសារវេជ្ជសាស្ត្រចិនបុរាណពីរាជវង្ស Zhou Qing និង Han រហូតអាចកែប្រែបញ្ហាសកលបានជោគជ័យ។

Tu Youyou កើតនៅឆ្នាំ ១៩៣០ នៅទីក្រុង Ningbo តាមឆ្នេរសមុទ្រខាងកើតនៃប្រទេសចិន។ ធំធាត់ក្នុងគ្រួសារដែលស្គាល់ពីតម្លៃនៃចំណេះដឹង ម្ដាយឪពុកតែងតែលើកទឹកចិត្តឱ្យកូនទាំង ៥នាក់ខិតខំរៀនសូត្រ។ យ៉ាងណាមិញ នៅក្នុងវ័យ ១៦ឆ្នាំ លោកស្រីត្រូវផ្អាកការសិក្សារយៈពេល ២ឆ្នាំ ដោយសារលោកស្រីបានឆ្លងជំងឺរបេង។
នៅពេលត្រឡប់មកសិក្សាវិញ លោកស្រីបានដឹងយ៉ាងច្បាស់ថា ខ្លួនចង់សិក្សាលើផ្នែកមួយដែលឆ្លើយតបទៅនឹងបទពិសោធន៍របស់ខ្លួនផ្ទាល់។ នោះគឺជាផ្នែកវេជ្ជសាស្ត្រ ដោយលោកស្រីមានគោលបំណងស្វែងរកវិធីព្យាបាលជំងឺ ដូចជាជំងឺដែលធ្លាប់ធ្វើឱ្យលោកស្រីឈឺក្នុងគ្រាកន្លងមក។
ផ្អែកតាម The Nobel Prize នៅ Beijing Medical College លោកស្រីបានសិក្សាផ្នែកឱសថសាស្ត្រ ដោយរៀនពីវិធីចាត់ថ្នាក់រុក្ខជាតិឱសថ ការចម្រាញ់សារធាតុសកម្ម និងការកំណត់រចនាសម្ព័ន្ធគីមីរបស់សារធាតុទាំងនោះ។ នៅពេលលោកស្រីបញ្ចប់ការសិក្សានៅឆ្នាំ ១៩៥៥ ក្នុងអាយុ ២៤ ឆ្នាំ លោកស្រីបានចូលធ្វើការនៅ Academy of Traditional Chinese Medicine ដែលទើបតែបង្កើតថ្មី និងបន្តធ្វើការនៅទីនោះរហូតមក។ លុះមកដល់ចន្លោះឆ្នាំ ១៩៥៩ ដល់ ១៩៦២ លោកស្រីក៏បានចូលវគ្គសិក្សាពីវេជ្ជសាស្ត្រចិនបុរាណ ដែលធ្វើឡើងសម្រាប់អ្នកស្រាវជ្រាវដែលធ្លាប់បានសិក្សាវេជ្ជសាស្ត្របែបលោកខាងលិច។
នៅអំឡុងសង្គ្រាមវៀតណាម វៀតណាមខាងជើងបានស្នើសុំជំនួយពីប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ដែលកំពុងលេបត្របាក់ជីវិតរបស់ទាហានខ្លួន ព្រោះថាប៉ារ៉ាស៊ីតដែលបង្កជំងឺគ្រុនចាញ់ បានចាប់ផ្ដើមសាំជាមួយនឹង chloroquine ដែលជាថ្នាំព្យាបាលជំងឺគ្រុនចាញ់នៅពេលនោះ។

ក្រោមការស្នើសុំជំនួយនេះ លោកម៉ៅ សេទុង បានប្រកាសចាប់ផ្ដើមគម្រោង Project 523 នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ១៩៦៧ ដើម្បីស្វែងរកវិធីសាស្រ្តព្យាបាលជំងឺគ្រុនចាញ់ដែលលែងអាចប្រើប្រាស់ chloroquine ព្យាបាលបានផល។
រំលង ២ឆ្នាំក្រោយ លោកស្រី Tu Youyou ក៏បានកាន់តំណែងជាប្រធានគម្រោងនេះ ហើយលោកស្រីក៏ចាប់ផ្ដើមដោយស្រាវជ្រាវអំពីផលប៉ះពាល់នៃជំងឺគ្រុនចាញ់នៅក្នុងតំបន់ដែលកំពុងកើតមានជំងឺនេះផ្ទាល់។ ដើម្បីធ្វើដូច្នេះ លោកស្រីបានធ្វើដំណើរទៅកាន់កោះ Hainan នៅភាគខាងត្បូងប្រទេសចិន ដែលនៅពេលនោះកំពុងជួបប្រទះនឹងការផ្ទុះឡើងនូវជំងឺគ្រុនចាញ់។ ខណៈលោកស្រីត្រូវឃ្លាតកូនរយៈពេល ៣ឆ្នាំ ដើម្បីបំពេញបេសកកម្មនេះ។
នៅក្នុងព្រៃតំបន់ត្រូពិចនាដែនកោះនេះ លោកស្រីបានឃើញដោយផ្ទាល់នូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ជំងឺគ្រុនចាញ់ទៅលើរាងកាយមនុស្ស។

នៅពេលត្រឡប់ទៅទីក្រុងប៉េកាំង ក្រុមការងារបានពិនិត្យឡើងវិញនូវឯកសារវេជ្ជសាស្ត្រចិនបុរាណ ដើម្បីស្វែងយល់ពីវិធីព្យាបាលជំងឺគ្រុនចាញ់តាមបែបប្រពៃណីចិន ដោយបានសាកល្បងសារធាតុជាង ២៤ម៉ឺនប្រភេទ ដើម្បីស្វែងរកថ្នាំប្រឆាំងជំងឺគ្រុនចាញ់ ប៉ុន្តែមិនមានសារធាតុណាមួយមានប្រសិទ្ធភាពឡើយ។
ទីបំផុត ក្រុមការងារក៏បានរកឃើញការព្យាបាលដែលពាក់ព័ន្ធទៅនឹងរុក្ខជាតិម៉្យាង មានឈ្មោះថា Sweet Wormwood ដែលចាស់បុរាណចិនបានប្រើប្រាស់តាំងតែពីឆ្នាំ ៤០០ ដើម្បីព្យាបាល “ជំងឺគ្រុនក្តៅដែលម្ដងកើតម្ដងបាត់” ជារោគសញ្ញាមួយនៃជំងឺគ្រុនចាញ់។

លោកស្រីធ្លាប់បាននិយាយថា៖ “វេជ្ជសាស្ត្រចិននឹងជួយយើងយកឈ្នះជំងឺដែលគំរាមកំហែងដល់ជីវិតមនុស្សនៅទូទាំងពិភពលោក ហើយមនុស្សនៅជុំវិញពិភពលោកនឹងទទួលបានអត្ថប្រយោជន៍ពីវា”។
នៅឆ្នាំ ១៩៧១ ក្រុមការងាររបស់ Tu Youyou បានញែកសារធាតុសកម្មមួយពី Wormwood ដែលទំនងជាអាចប្រយុទ្ធនឹងប៉ារ៉ាស៊ីតដែលបង្កជំងឺគ្រុនចាញ់បាន។ ក៏ប៉ុន្តែការសាកល្បងនេះ មិនមានប្រសិទ្ធភាពឡើយ។

ដូច្នេះហើយ លោកស្រី Tu Youyou បានត្រឡប់ទៅពិនិត្យឯកសារបុរាណម្តងទៀត ហើយសង្ស័យថា សារធាតុសកម្មនៅក្នុង Wormwood ប្រហែលបាត់បង់ប្រសិទ្ធភាព ដោយសារតែកម្ដៅ ព្រោះដំបូងឡើងក្រុមការងារបានជ្រើសរើសប្រើប្រាស់ការដាក់ស្ងោររុក្ខជាតិនេះក្នុងទឹកក្ដៅ ដើម្បីចម្រាញ់សារធាតុសកម្ម។
ដូច្នេះ លោកស្រីបានសាកល្បងវិធីរៀបចំថ្មី តាមបែប Ether-based ព្រោះវិធីនេះមានចំណុចរំពុះទាបជាង ដែលមិនបំផ្លាញសារធាតុពី Wormwood ឡើយ។ នៅពេលលោកស្រីសាកល្បងយកសារធាតុនេះទៅពិសោធន៍លើសត្វកណ្តុរ និងស្វា។ លទ្ធផលបានបង្ហាញអត្រាជោគជ័យ ១០០ ភាគរយ។
លោកស្រី Tu Youyou និងមិត្តរួមការងារ ២ នាក់ទៀត បានស្ម័គ្រចិត្តសាកល្បងសារធាតុនេះលើខ្លួនឯង មុនពេលសាកល្បងលើអ្នកជំងឺចំនួន ២១ នាក់ នៅកោះ Hainan។ ជាលទ្ធផល អ្នកជំងឺទាំងអស់បានជាសះស្បើយ ដូចការប៉ងទុក។
នៅឆ្នាំបន្ទាប់ ក្រុមការងាររបស់ លោកស្រីបានដាក់ឈ្មោះសារធាតុសកម្មនេះថា Artemisinin មុននឹងចែករំលែកលទ្ធផលស្រាវជ្រាវ។ លុះដល់ឆ្នាំ ១៩៧៩ ទើបការស្រាវជ្រាវនេះទទួលបានការបោះពុម្ពផ្សាយជាភាសាអង់គ្លេស បន្តដល់ឆ្នាំ ១៩៨១ អង្គការសុខភាពពិភពលោក (WHO) ធនាគារពិភពលោក (World Bank) និងអង្គការសហប្រជាជាតិ (UN) បានអញ្ជើញលោកស្រីឱ្យធ្វើបទបង្ហាញ អំពីការរកឃើញរបស់លោកស្រីនៅលើឆាកអន្តរជាតិ។

២ ទសវត្សរ៍ក្រោយ ទើប WHO បានណែនាំ Artemisinin combination therapy ថាជាវិធីព្យាបាលជួរមុខសម្រាប់ជំងឺគ្រុនចាញ់ ខណៈមូលនិធិ Lasker Foundation ដែលបានផ្តល់ពានរង្វាន់ Clinical Medical Research Award ដល់លោកស្រី Tu Youyou នៅឆ្នាំ ២០១១ បានហៅការរកឃើញ Artemisinin ថាជា “ការអន្តរាគមន៍នៅក្នុងផ្នែកឱសថសាស្ត្រដ៏សំខាន់បំផុត ក្នុងរយៈពេលកន្លះសតវត្សរ៍ចុងក្រោយ”។
លោកស្រីតែងតែបង្វែរការសរសើរទៅកាន់មិត្តរួមការងារ ទាំងអ្នកវិទ្យាសាស្ត្រចិនសម័យទំនើប និងអ្នកប្រាជ្ញចិនបុរាណ។ នៅពេលលោកស្រីទទួលពានរង្វាន់ណូបែលផ្នែកសរីរវិទ្យា ឬវេជ្ជសាស្ត្រ ក្នុងឆ្នាំ ២០១៥ សុន្ទរកថារបស់លោកស្រីមានចំណងជើងថា៖ “ការរកឃើញ Artemisinin៖ អំណោយពីវេជ្ជសាស្ត្រចិនបុរាណទៅកាន់ពិភពលោក”។
ទោះបីជាយ៉ាងណាក៏ដោយ មិនអាចប្រកែកបានទេថា លោកស្រី Tu Youyou ក៏មានមោទកភាពចំពោះការរកឃើញរបស់ខ្លួនដូចគ្នាដែរ ដោយលោកស្រីបាននិយាយថា៖ “អ្នកវិទ្យាសាស្ត្រគ្រប់រូប សុទ្ធតែសុបិនចង់ធ្វើអ្វីមួយដែលអាចជួយពិភពលោកបាន”។





















































Account
Security
Favourite Content