សម្ដេចព្រះវររាជនី នាថ វ័ណ ជាម្ចាស់ «កន្លាស់ចាបទាំងគ្រាប់» ដ៏ប្រណីត កាលពីអតីតកាល បានកំពុងក្លាយជាគ្រឿងអលង្ការដ៏ថ្លៃថ្លា នាថ្ងៃមង្គលការកូនក្រមុំ សម្រាប់ឈុតស្បៃខ្មែរដ៏ប្រណីត និងអស្ចារ្យ។

បើតាមការស្រាវជ្រាវលោក វីរៈវ៉ារ៉ានី និងមានលោក Ponleu Reaksmey Mech (ខ្មែរអតីតកាល) ជាអ្នកអធិប្បាយ បានឲ្យដឹងថាសម្តេចព្រះវររាជនីនាថ វ័ណ ជាម្ចាស់ «កន្លាស់ចាបទាំងគ្រាប់» ឃើញដោយរូបភាព ១ សន្លឹកបន្សល់ទុកជាមួយជនជាតិបារាំង ដែលទ្រង់គ្រងអាវ ស្បៃពានា សំពត់ក្បិន និងមាន «កន្លាស់ចាបទាំងគ្រាប់» ខ្ទាស់ជាប់។
«កន្លាស់ចាបទាំងគ្រាប់» ធ្វើឡើងពីមាសសុទ្ធ ជាទម្រង់សត្វចាបត្រដាងស្លាប និងមានដាំពេជ្រទាំងគ្រាប់ៗ ហើយក៏បានបន្ថែមដោយក្បូរក្បាច់រចនាខ្មែរ។ អ្នកម្នាង វ័ណ ជាអ្នកម្នាងរបស់ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ។
គួរបញ្ជាក់ថា ព្រះជាយា ឬអ្នកម្នាងរបស់ ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ តែងតែមានកន្លាស់អាវរៀងៗខ្លួន។ កន្លាស់អាវគឺជាគ្រឿងតុបតែងលម្អកាយារបស់ត្រកូលខត្តិយៈ។ ព្រះវររាជនី នាថ វ័ណ គឺជាព្រះមាតា ព្រះបាទ សម្ដេចព្រះ ស៊ីសុវត្ថិ មុន្នីវង្ស។ ក្រោយ ព្រះបាទ សម្ដេចព្រះ ស៊ីសុវត្ថិ ចូលទិវង្គត ព្រះបាទ សម្ដេចព្រះ ស៊ីសុវត្ថិ មុន្នីវង្ស បានឡើងគ្រងរាជ្យសម្បត្តិ និងបានតែងតាំងអ្នកម្នាង នាថ ជាសម្ដេចព្រះវររាជនី វ័ណ។
សម្ដេចព្រះវររាជនី វ័ណ បានប្រទាន «កន្លាស់ចាបទាំងគ្រាប់» ទៅព្រះអង្គម្ចាស់ក្សត្រិយ៍ ស៊ីសុវត្ថិ កុសុមៈ ជាចៅរបស់ទ្រង់ ថែរក្សារតនវត្ថុដ៏មានតម្លៃនោះបន្ត។ ព្រះអង្គម្ចាស់ក្សត្រិយ៍ ស៊ីសុវត្ថិ កុសុមៈនារីរតន៍សិរីវឌ្ឈនា នាពេលក្រោយៗមកទៀត បានបញ្ជាឲ្យជាងទងក្នុងរាជវាំង ធ្វើ«កន្លាស់ចាបទាំងគ្រាប់» ដើម្បីបំពាក់នៅលើមកុដរបាំព្រះរាជទ្រព្យតួនាង។
សម្រាប់ «កន្លាស់ចាបទាំងគ្រាប់» នេះក៏ឃើញមាននៅព្រះបរមរាជវាំងខ្មែរដែរ។ មកទល់ពេលនេះ «កន្លាស់ចាបទាំងគ្រាប់» ត្រូវបានឃើញជាច្រើននៅតាមសម្លៀកបំពាក់ស្បៃខ្មែរ ក្នុងពិធីមង្គលការរបស់កូនក្រមុំខ្មែរ ដោយមិនបានដឹងពីប្រវត្តិនៃឫសគល់កន្លាស់អាវនេះឡើយ។ ពីដើមឡើយកន្លាស់អាវ គឺជាគ្រឿងតុបតែងកាយមិនអាចខ្វះបានរបស់ស្ត្រីខ្មែរ ពិសេសវណ្ណៈខ្ពង់ខ្ពស់៕





















































Account
Security
Favourite Content