នៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកានេះ អគ្គីភ័យយ៉ាងសន្ធោសន្ធៅមួយបានឆាបឆេះអគារ Wenchang Pavilion ដែលជាផ្នែកមួយនៃប្រាសាទបុរាណ Yongqing មានទីតាំងស្ថិតនៅក្នុងទីក្រុង Zhangjiagang ខេត្ត Jiangsu ប្រទេសចិន បន្សល់ទុកតែគ្រោងបេតុង។

យោងតាមសារព័ត៌មាន The Standard ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១៖២៤នាទីព្រឹក (ម៉ោងក្នុងស្រុក) បង្កឱ្យមានផ្សែងខ្មៅក្រាស់ហោះឡើងនៅក្នុងអាកាស។ ក្រោយពីពន្លត់បានដោយជោគជ័យ សំណង់អាគារ ៣ជាន់ដែលបានសាងសង់ឡើងវិញនេះ នៅសល់តែគ្រោងបេតុងប៉ុណ្ណោះ។
យ៉ាងណាមិញ ប្រភពដដែលនេះបានឱ្យដឹងបន្ថែមថា មិនមានមនុស្សណាម្នាក់ដែលត្រូវរងរបួស ឬស្លាប់នៅក្នុងករណីអគ្គិភ័យនេះទេ ខណៈមូលហេតុនៃការឆាបឆេះកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។

មានអាយុប្រមាណ ១៥០០ឆ្នាំ ប្រាសាទបុរាណនេះបានសាងសង់ឡើងនៅឆ្នាំ ៥៣៦ ក្នុងរាជវង្ស Liang ខាងត្បូង ខាងលើភ្នំ Fenghuang ដោយកវីនិពន្ធ Du Mu នារាជវង្ស Tang ក៏បានបញ្ចូលទីតាំងប្រវត្តិសាស្ត្រនេះ ទៅក្នុងកំណាព្យរបស់លោក ក្រោមឈ្មោះជាទីតាំងមួយក្នុងចំណោម “ប្រាសាទដ៏អស្ចារ្យទាំង ៤៨០” ផងដែរ។
ក្នុងគ្រាអតីត អគារ Wenchang Pavilion ធ្លាប់មានព្រះសង្ឃគង់នៅ មុននឹងសំណង់ដើ់មបានរុះរើនៅក្នុងឆ្នាំ ១៩៥៨។ មានន័យថា អគារដែលឆាបឆេះនេះ គឺជាសំណង់អគារថ្មីដែលបានសាងសង់ឡើងវិញនៅក្នុងឆ្នាំ ១៩៩៣៕




























Account
Security
Favourite Content