សាកស្រមៃមើលបើសិនបានទស្សនាភាពយន្តសំណព្វចិត្តបណ្ដើរ ហើយបានញ៉ាំស៊ុប Hot Pot ដែលមានសាច់ស្រស់ បន្លែស្រស់បណ្ដើរ តើនឹងមានអារម្មណ៍ពិសេសបែបណា?

អ្វីដែលគ្រប់គ្នាធ្លាប់តែស្រមៃ នៅពេលនេះបានកើតឡើងហើយ ដោយរោងភាពយន្ត Dadi ដែលស្ថិតនៅក្នុងផ្សារទំនើប Pavilion Kuala Lumpur ប្រទេសម៉ាឡេស៊ី បានផ្ដល់នូវបទពិសោធន៍មើលកុនជាមួយអាហារពេលល្ងាចដ៏ថ្មីប្លែកគឺការទទួលទានស៊ុប Hotpot បណ្ដើរ ទស្សនាភាពយន្តបណ្ដើរក្នុងសាលបញ្ចាំងកុនដ៏ទំនើប។



ខណៈដែលមិនទាន់មានព័ត៌មានលម្អិតផ្សេងនៅឡើយ គណនី Facebook និង Instagram របស់រោងភាពយន្តខាងលើបានបង្ហោះរូបថតមួយចំនួន ដោយបង្ហើបថារោងកុននេះនឹងបើកដំណើរការផ្លូវការក្នុងពេលឆាប់ៗ។



មិនតែប៉ុណ្ណោះ តារាសម្ដែងហុងកុង Bosco Wong និង Carlos Chan ដែលកំពុងស្ថិតក្នុងទីក្រុងគូឡាឡាំពួ ដើម្បីផ្សព្វផ្សាយភាពយន្តថ្មីរបស់ពួកគេគឺរឿង “The Unwavering Brotherhood” ក៏បានបង្ហាញភាពភ្ញាក់ផ្អើលណាស់ដែរពេលបានឃើញការរៀបចំដ៏ប្លែកនេះក្នុងថ្ងៃសម្ពោធភាពយន្តរបស់ខ្លួន។


បន្ទាប់ពីរូបភាពពីរោងកុនថ្មីនេះត្រូវបានបង្ហោះលើបណ្ដាញសង្គម ក៏មានការស៊ែរចែករំលែកបន្តជាច្រើន ព្រមជាមួយការបញ្ចេញមតិផ្សេងៗគ្នា។ មតិជាច្រើនបានបង្ហាញការចាប់អារម្មណ៍និងនាំគ្នាបបួលមិត្តភ័ក្ដិទៅសាកល្បងបទពិសោធន៍មើលកុនដ៏ថ្មីនេះ ខណៈមានមតិជាច្រើនផងដែរដែលបារម្ភពីបញ្ហាអនាម័យ ក្លិនផ្សែង និងការរំខានការមើលកុនដែលជាធម្មតាត្រូវការភាពស្ងប់ស្ងាត់ ៕




















































Account
Security
Favourite Content