Marie Curie ស្រ្តី និងបុគ្គលតែម្នាក់គត់ដែលទទួលបានពានរង្វាន់ណូបែលក្នុងវិស័យវិទ្យាសាស្រ្ត ២ ផ្នែកផ្សេងគ្នា

ការតាំងចិត្តដ៏មុតមាំ និងចំណង់ចង់ដឹងចង់ឃើញឥតឈប់ឈរ បានធ្វើឱ្យ Marie Curie ក្លាយជាស្រ្ដីដ៏ល្បីល្បាញក្នុងពិភពវិទ្យាសាស្ត្រសម័យទំនើប។ ទោះបីជាត្រូវប្រឈមមុខនឹងការងារដែលត្រូវប្រើកម្លាំងកាយខ្លាំង និងទីបំផុតនាំឱ្យបាត់បង់ជីវិតក៏ដោយ ក៏ Marie Curie នៅតែមិនព្រមចុះចាញ់ ដោយបានរកឃើញធាតុប៉ូឡូញ៉ូម និងរ៉ាដ្យូម ជំរុញការប្រើប្រាស់វិទ្យុសកម្មក្នុងវិស័យវេជ្ជសាស្ត្រ និងបានផ្លាស់ប្តូរការយល់ដឹងរបស់ពិភពលោកអំពីបាតុភូតវិទ្យុសកម្ម។

កន្លងមក អ្នកអាចនឹងធ្លាប់បានឃើញរូបភាពមួយសន្លឹកខាងក្រោមនេះ។ រូបថតដ៏ល្បីល្បាញនេះបានចាប់យកអ្នកចូលរួមសន្និសីទអន្តរជាតិ Solvay លើកទី ៥ ស្តីពីរូបវិទ្យា ដែលបានប្រារព្ធឡើងក្នុងខែតុលា ឆ្នាំ ១៩២៧ នៅឯវិទ្យាស្ថានអន្តរជាតិ Solvay ប្រទេសបែលហ្ស៊ិក។ ក៏ប៉ុន្តែចំណុចពិសេសមួយ ដែលយើងអាចសង្កេតឃើញ នៅក្នុងចំណោមអ្នករូបវិទ្យាទាំង ២៩នាក់នេះ គឺមានវត្តមានស្រ្តីតែម្នាក់គត់​។ នោះគឺ Marie Curie។

គេហទំព័រ The Nobel Prize បានឱ្យដឹងថា Marie Curie កើតនៅឆ្នាំ ១៨៦៧ ក្នុងទីក្រុង Warsaw។ គ្រួសាររបស់លោកស្រីបានជួបការលំបាកក្រោមការគ្រប់គ្រងរបស់របប Tsarist Regime ដែលព្យាយាមលុបបំបាត់វប្បធម៌ប៉ូឡូញ។ ឪពុកម្តាយរបស់ Marie Curie គឺជាជនជាតិប៉ូឡូញ ហើយពួកគាត់ទាំងពីរជាគ្រូបង្រៀន ដែលជាការងារមិនមានលំនឹង។

ឪពុករបស់ Marie Curie បានប្តូរការងារពីកន្លែងមួយទៅកន្លែងមួយ ហើយគ្រួសាររបស់គាត់ត្រូវរស់នៅក្នុងផ្ទះកាន់តែតូចទៅៗ។ នៅពេលលោកស្រីមានអាយុ ១១ ឆ្នាំ ម្តាយរបស់លោកស្រីបានស្លាប់ដោយសារជំងឺរបេង បន្ថែមដោយបងស្រីច្បងដែលបានស្លាប់ដោយសារជំងឺគ្រុនពោះវៀន។

កាលនៅជាយុវវ័យ Marie Curie បានធ្វើកិច្ចព្រមព្រៀងជាមួយបងស្រីរបស់លោកស្រីឈ្មោះ Bronya ថា លោកស្រីនឹងជួយឧបត្ថម្ភដល់បងស្រីនៅពេលគាត់រៀនពេទ្យនៅទីក្រុងប៉ារីស ហើយបន្ទាប់មក Bronya នឹងចេញថ្លៃសិក្សាឱ្យ Marie Curie វិញ។

អស់រយៈពេល ៦ឆ្នាំ រាប់ចាប់ពីអាយុ ១៧ ឆ្នាំ Marie Curie បានធ្វើការងារជាគ្រូបង្រៀនផ្ទាល់ខ្លួន ស្របពេលដែលព្យាយាមសិក្សាដោយខ្លួនឯងក្នុងពេលទំនេរ។ លុះមកដល់អាយុ ២៤ ឆ្នាំ លោកស្រីបានចូលរៀននៅសាកលវិទ្យាល័យ Sorbonne ឯទីក្រុងប៉ារីស ប្រទេសបារាំង។

រំលងមកដល់ពេលធ្វើនិក្ខេបបទ Marie Curie បានជ្រើសរើសប្រធានបទវិទ្យុសកម្ម ដែលលោក Henri Becquerel  ទើបតែរកឃើញនៅក្នុងអ៊ុយរ៉ាញ៉ូម។ លោកស្រីបានរកឃើញថា រ៉ែដែលមានផ្ទុកអ៊ុយរ៉ាញ៉ូម គឺមានកាំរស្មីវិទ្យុសកម្មខ្លាំងជាងកម្រិតដែលអ៊ុយរ៉ាញ៉ូមមានទៅទៀត។ ការណ៍នេះបាននាំឱ្យលោកស្រី និងស្វាមីរបស់លោកស្រីឈ្មោះ Pierre រកឃើញធាតុថ្មីមួយ ដែលមានជាតិវិទ្យុសកម្មខ្លាំងជាងអ៊ុយរ៉ាញ៉ូមដល់ទៅ ៤០០ ដង។

ក្រោយមក​ ពោលគឺនៅក្នុងឆ្នាំ១៨៩៨ ធាតុថ្មីនេះត្រូវបានបន្ថែមទៅក្នុងតារាងខួប ក្រោមឈ្មោះប៉ូឡូញ៉ូម ដែលដាក់ឈ្មោះតាមប្រទេសកំណើតរបស់លោកស្រី។

បន្ទាប់មក Marie Curie បានរកឃើញធាតុដែលមានជាតិវិទ្យុសកម្មខ្លាំងជាងនេះទៅទៀត គឺរ៉ាដ្យូម។ តាមរយៈការសង្កេតលើរ៉ាដ្យូម លោកស្រីបានរកឃើញចំណុចសំខាន់មួយគឺ វិទ្យុសកម្មមិនមែនអាស្រ័យលើការរៀបចំរបស់អាតូមទៅតាមកម្រិតម៉ូលេគុលនោះទេ ប៉ុន្តែមានអ្វីមួយកើតឡើងនៅខាងក្នុងអាតូមដោយផ្ទាល់។

ពានរង្វាន់ណូបែលក្នុងវិស័យវិទ្យាសាស្ត្រចំនួន ២

សម្រាប់ការស្រាវជ្រាវរបស់ Marie Curie លើ “បាតុភូតវិទ្យុសកម្ម” លោកស្រីបានក្លាយជាស្ត្រីដំបូងគេដែលទទួលបានពានរង្វាន់ណូបែលក្នុងឆ្នាំ ១៩០៣ សម្រាប់វិស័យរូបវិទ្យា។ ក្រុមអ្នកសិក្សាជនជាតិបារាំង ដើមឡើយបានស្នើសុំតែឈ្មោះស្វាមីរបស់លោកស្រី និងលោក Henri Becquerel ប៉ុណ្ណោះ ប៉ុន្តែលោក Pierre Curie បានទទូចថា ស្ត្រីជាភរិយាគួរតែទទួលបានកិត្តិយសនេះរួមគ្នាដែរ។

ក្នុងឆ្នាំ ១៩១១ Marie Curie ទទួលបានពានរង្វាន់ណូបែលមួយទៀត សម្រាប់ការញែកធាតុរ៉ាដ្យូម ដែលលើកនេះគឺក្នុងវិស័យគីមីវិទ្យា។ លោកស្រីគឺជាបុគ្គលតែមួយគត់ដែលទទួលបានពានរង្វាន់ណូបែលក្នុងវិស័យវិទ្យាសាស្ត្រពី ២ ផ្នែកផ្សេងគ្នា។ នៅពេលនោះ Marie Curie មានឈ្មោះល្បីល្បាញទូទាំងពិភពលោក និងជានាយិកានៃមន្ទីរពិសោធន៍ Curie ស្ថិតនៅវិទ្យាស្ថាន Radium ដែលបច្ចុប្បន្ន វិទ្យាស្ថាននេះមានឈ្មោះថា វិទ្យាស្ថាន Curie។

គូស្នេហ៍អ្នកសិក្សាវិទ្យុសកម្ម

លោក Pierre Curie គឺជាដៃគូជីវិត និងជាដៃគូស្រាវជ្រាវវិទ្យាសាស្ត្ររបស់ Marie Curie។ ក្រោយរៀបការ លោកបានបោះបង់ការស្រាវជ្រាវរបស់ខ្លួនឯង ដើម្បីចូលរួមជាមួយភរិយាលើការសិក្សាអំពីវិទ្យុសកម្ម។

Marie Curie ជឿជាក់ថា ការស្រាវជ្រាវវិទ្យាសាស្ត្រ គឺជាប្រយោជន៍សាធារណៈ។ លោកស្រី និងស្វាមីបានរកឃើញថា រ៉ាដ្យូមបំផ្លាញកោសិកាដែលកើតរោគ បានលឿនជាងការធ្វើការរបស់កោសិកាដែលមានសុខភាពល្អ ឈានដល់ការប្រើប្រាស់វិទ្យុសកម្មដើម្បីព្យាបាលដុំសាច់។

ក្នុងអំឡុងសង្គ្រាមលោកលើកទី១ Marie Curie បានលើកកម្ពស់ការប្រើប្រាស់កាំរស្មីអ៊ិច (X-rays) ដោយលោកស្រីបានបង្កើតរថយន្តបំពាក់កាំរស្មីអ៊ិច ដើម្បីឱ្យគ្រូពេទ្យវះកាត់នៅសមរភូមិ អាចថតកាំរស្មីអ៊ិចលើទាហានរងរបួស និងធ្វើការវះកាត់បានកាន់តែត្រឹមត្រូវ។

គូស្នេហ៍ត្រកូល Curies មិនបានដឹងច្បាស់អំពីគ្រោះថ្នាក់នៃសារធាតុវិទ្យុសកម្មដែលពួកគេបានកាន់ និងសិក្សាជាប្រចាំនោះទេ។ លោក Pierre Curie ធ្លាប់បានធ្វើឱ្យដៃរបស់ខ្លួនមានរបួស នៅពេលដែលលោកបានយកដៃទៅប៉ះនឹងរ៉ាដ្យូមដោយចេតនា។ អ្នកទាំងពីរតែងតែឈឺជាប្រចាំដោយសារវិទ្យុសកម្ម ហើយការស្លាប់របស់ Marie Curie ដោយសារជំងឺ Aplastic Anemia ដែលទាក់ទងនឹងភាពស្លេកស្លាំង ក្នុងឆ្នាំ ១៩៣៤ ក្នុងអាយុ ៦៦ឆ្នាំ ក៏ទំនងជាមានដើមហេតុពីការប៉ះពាល់នឹងវិទ្យុសកម្មដែរ។

សៀវភៅ និងឯកសារមួយចំនួនរបស់ Marie Curie នៅតែមានជាតិវិទ្យុសកម្មខ្លាំង រហូតដល់ត្រូវរក្សាទុកក្នុងប្រអប់សំណ។ តួយ៉ាង សៀវភៅកំណត់ហេតុរបស់លោកស្រី ពីឆ្នាំ ១៨៩៩-១៩០២ ដែលបានកត់ត្រាពីការពិសោធន៍លើសារធាតុវិទ្យុសកម្ម គឺនៅតែមានជាតិវិទ្យុសកម្មរហូតមកដល់បច្ចុប្បន្ន ហើយនឹងនៅតែបន្តមានរយៈពេល ១ ៥០០ ឆ្នាំទៅមុខទៀត។ ការណ៍នេះប្រៀបដូចជា Marie Curie បានបានបន្សល់ទុកនូវកេរដំណែលវិទ្យាសាស្ត្រដ៏មានតម្លៃ ដែលមិនមាននរណាអាចប៉ះពាល់បាន៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

Leave a Reply

Your email address will not be published.Required fields are marked *