Marie Curie ស្រ្តី និងបុគ្គលតែម្នាក់គត់ដែលទទួលបានពានរង្វាន់ណូបែលក្នុងវិស័យវិទ្យាសាស្រ្ត ២ ផ្នែកផ្សេងគ្នា

ការតាំងចិត្តដ៏មុតមាំ និងចំណង់ចង់ដឹងចង់ឃើញឥតឈប់ឈរ បានធ្វើឱ្យ Marie Curie ក្លាយជាស្រ្ដីដ៏ល្បីល្បាញក្នុងពិភពវិទ្យាសាស្ត្រសម័យទំនើប។ ទោះបីជាត្រូវប្រឈមមុខនឹងការងារដែលត្រូវប្រើកម្លាំងកាយខ្លាំង និងទីបំផុតនាំឱ្យបាត់បង់ជីវិតក៏ដោយ ក៏ Marie Curie នៅតែមិនព្រមចុះចាញ់ ដោយបានរកឃើញធាតុប៉ូឡូញ៉ូម និងរ៉ាដ្យូម ជំរុញការប្រើប្រាស់វិទ្យុសកម្មក្នុងវិស័យវេជ្ជសាស្ត្រ និងបានផ្លាស់ប្តូរការយល់ដឹងរបស់ពិភពលោកអំពីបាតុភូតវិទ្យុសកម្ម។

កន្លងមក អ្នកអាចនឹងធ្លាប់បានឃើញរូបភាពមួយសន្លឹកខាងក្រោមនេះ។ រូបថតដ៏ល្បីល្បាញនេះបានចាប់យកអ្នកចូលរួមសន្និសីទអន្តរជាតិ Solvay លើកទី ៥ ស្តីពីរូបវិទ្យា ដែលបានប្រារព្ធឡើងក្នុងខែតុលា ឆ្នាំ ១៩២៧ នៅឯវិទ្យាស្ថានអន្តរជាតិ Solvay ប្រទេសបែលហ្ស៊ិក។ ក៏ប៉ុន្តែចំណុចពិសេសមួយ ដែលយើងអាចសង្កេតឃើញ នៅក្នុងចំណោមអ្នករូបវិទ្យាទាំង ២៩នាក់នេះ គឺមានវត្តមានស្រ្តីតែម្នាក់គត់​។ នោះគឺ Marie Curie។

គេហទំព័រ The Nobel Prize បានឱ្យដឹងថា Marie Curie កើតនៅឆ្នាំ ១៨៦៧ ក្នុងទីក្រុង Warsaw។ គ្រួសាររបស់លោកស្រីបានជួបការលំបាកក្រោមការគ្រប់គ្រងរបស់របប Tsarist Regime ដែលព្យាយាមលុបបំបាត់វប្បធម៌ប៉ូឡូញ។ ឪពុកម្តាយរបស់ Marie Curie គឺជាជនជាតិប៉ូឡូញ ហើយពួកគាត់ទាំងពីរជាគ្រូបង្រៀន ដែលជាការងារមិនមានលំនឹង។

ឪពុករបស់ Marie Curie បានប្តូរការងារពីកន្លែងមួយទៅកន្លែងមួយ ហើយគ្រួសាររបស់គាត់ត្រូវរស់នៅក្នុងផ្ទះកាន់តែតូចទៅៗ។ នៅពេលលោកស្រីមានអាយុ ១១ ឆ្នាំ ម្តាយរបស់លោកស្រីបានស្លាប់ដោយសារជំងឺរបេង បន្ថែមដោយបងស្រីច្បងដែលបានស្លាប់ដោយសារជំងឺគ្រុនពោះវៀន។

កាលនៅជាយុវវ័យ Marie Curie បានធ្វើកិច្ចព្រមព្រៀងជាមួយបងស្រីរបស់លោកស្រីឈ្មោះ Bronya ថា លោកស្រីនឹងជួយឧបត្ថម្ភដល់បងស្រីនៅពេលគាត់រៀនពេទ្យនៅទីក្រុងប៉ារីស ហើយបន្ទាប់មក Bronya នឹងចេញថ្លៃសិក្សាឱ្យ Marie Curie វិញ។

អស់រយៈពេល ៦ឆ្នាំ រាប់ចាប់ពីអាយុ ១៧ ឆ្នាំ Marie Curie បានធ្វើការងារជាគ្រូបង្រៀនផ្ទាល់ខ្លួន ស្របពេលដែលព្យាយាមសិក្សាដោយខ្លួនឯងក្នុងពេលទំនេរ។ លុះមកដល់អាយុ ២៤ ឆ្នាំ លោកស្រីបានចូលរៀននៅសាកលវិទ្យាល័យ Sorbonne ឯទីក្រុងប៉ារីស ប្រទេសបារាំង។

រំលងមកដល់ពេលធ្វើនិក្ខេបបទ Marie Curie បានជ្រើសរើសប្រធានបទវិទ្យុសកម្ម ដែលលោក Henri Becquerel  ទើបតែរកឃើញនៅក្នុងអ៊ុយរ៉ាញ៉ូម។ លោកស្រីបានរកឃើញថា រ៉ែដែលមានផ្ទុកអ៊ុយរ៉ាញ៉ូម គឺមានកាំរស្មីវិទ្យុសកម្មខ្លាំងជាងកម្រិតដែលអ៊ុយរ៉ាញ៉ូមមានទៅទៀត។ ការណ៍នេះបាននាំឱ្យលោកស្រី និងស្វាមីរបស់លោកស្រីឈ្មោះ Pierre រកឃើញធាតុថ្មីមួយ ដែលមានជាតិវិទ្យុសកម្មខ្លាំងជាងអ៊ុយរ៉ាញ៉ូមដល់ទៅ ៤០០ ដង។

ក្រោយមក​ ពោលគឺនៅក្នុងឆ្នាំ១៨៩៨ ធាតុថ្មីនេះត្រូវបានបន្ថែមទៅក្នុងតារាងខួប ក្រោមឈ្មោះប៉ូឡូញ៉ូម ដែលដាក់ឈ្មោះតាមប្រទេសកំណើតរបស់លោកស្រី។

បន្ទាប់មក Marie Curie បានរកឃើញធាតុដែលមានជាតិវិទ្យុសកម្មខ្លាំងជាងនេះទៅទៀត គឺរ៉ាដ្យូម។ តាមរយៈការសង្កេតលើរ៉ាដ្យូម លោកស្រីបានរកឃើញចំណុចសំខាន់មួយគឺ វិទ្យុសកម្មមិនមែនអាស្រ័យលើការរៀបចំរបស់អាតូមទៅតាមកម្រិតម៉ូលេគុលនោះទេ ប៉ុន្តែមានអ្វីមួយកើតឡើងនៅខាងក្នុងអាតូមដោយផ្ទាល់។

ពានរង្វាន់ណូបែលក្នុងវិស័យវិទ្យាសាស្ត្រចំនួន ២

សម្រាប់ការស្រាវជ្រាវរបស់ Marie Curie លើ “បាតុភូតវិទ្យុសកម្ម” លោកស្រីបានក្លាយជាស្ត្រីដំបូងគេដែលទទួលបានពានរង្វាន់ណូបែលក្នុងឆ្នាំ ១៩០៣ សម្រាប់វិស័យរូបវិទ្យា។ ក្រុមអ្នកសិក្សាជនជាតិបារាំង ដើមឡើយបានស្នើសុំតែឈ្មោះស្វាមីរបស់លោកស្រី និងលោក Henri Becquerel ប៉ុណ្ណោះ ប៉ុន្តែលោក Pierre Curie បានទទូចថា ស្ត្រីជាភរិយាគួរតែទទួលបានកិត្តិយសនេះរួមគ្នាដែរ។

ក្នុងឆ្នាំ ១៩១១ Marie Curie ទទួលបានពានរង្វាន់ណូបែលមួយទៀត សម្រាប់ការញែកធាតុរ៉ាដ្យូម ដែលលើកនេះគឺក្នុងវិស័យគីមីវិទ្យា។ លោកស្រីគឺជាបុគ្គលតែមួយគត់ដែលទទួលបានពានរង្វាន់ណូបែលក្នុងវិស័យវិទ្យាសាស្ត្រពី ២ ផ្នែកផ្សេងគ្នា។ នៅពេលនោះ Marie Curie មានឈ្មោះល្បីល្បាញទូទាំងពិភពលោក និងជានាយិកានៃមន្ទីរពិសោធន៍ Curie ស្ថិតនៅវិទ្យាស្ថាន Radium ដែលបច្ចុប្បន្ន វិទ្យាស្ថាននេះមានឈ្មោះថា វិទ្យាស្ថាន Curie។

គូស្នេហ៍អ្នកសិក្សាវិទ្យុសកម្ម

លោក Pierre Curie គឺជាដៃគូជីវិត និងជាដៃគូស្រាវជ្រាវវិទ្យាសាស្ត្ររបស់ Marie Curie។ ក្រោយរៀបការ លោកបានបោះបង់ការស្រាវជ្រាវរបស់ខ្លួនឯង ដើម្បីចូលរួមជាមួយភរិយាលើការសិក្សាអំពីវិទ្យុសកម្ម។

Marie Curie ជឿជាក់ថា ការស្រាវជ្រាវវិទ្យាសាស្ត្រ គឺជាប្រយោជន៍សាធារណៈ។ លោកស្រី និងស្វាមីបានរកឃើញថា រ៉ាដ្យូមបំផ្លាញកោសិកាដែលកើតរោគ បានលឿនជាងការធ្វើការរបស់កោសិកាដែលមានសុខភាពល្អ ឈានដល់ការប្រើប្រាស់វិទ្យុសកម្មដើម្បីព្យាបាលដុំសាច់។

ក្នុងអំឡុងសង្គ្រាមលោកលើកទី១ Marie Curie បានលើកកម្ពស់ការប្រើប្រាស់កាំរស្មីអ៊ិច (X-rays) ដោយលោកស្រីបានបង្កើតរថយន្តបំពាក់កាំរស្មីអ៊ិច ដើម្បីឱ្យគ្រូពេទ្យវះកាត់នៅសមរភូមិ អាចថតកាំរស្មីអ៊ិចលើទាហានរងរបួស និងធ្វើការវះកាត់បានកាន់តែត្រឹមត្រូវ។

គូស្នេហ៍ត្រកូល Curies មិនបានដឹងច្បាស់អំពីគ្រោះថ្នាក់នៃសារធាតុវិទ្យុសកម្មដែលពួកគេបានកាន់ និងសិក្សាជាប្រចាំនោះទេ។ លោក Pierre Curie ធ្លាប់បានធ្វើឱ្យដៃរបស់ខ្លួនមានរបួស នៅពេលដែលលោកបានយកដៃទៅប៉ះនឹងរ៉ាដ្យូមដោយចេតនា។ អ្នកទាំងពីរតែងតែឈឺជាប្រចាំដោយសារវិទ្យុសកម្ម ហើយការស្លាប់របស់ Marie Curie ដោយសារជំងឺ Aplastic Anemia ដែលទាក់ទងនឹងភាពស្លេកស្លាំង ក្នុងឆ្នាំ ១៩៣៤ ក្នុងអាយុ ៦៦ឆ្នាំ ក៏ទំនងជាមានដើមហេតុពីការប៉ះពាល់នឹងវិទ្យុសកម្មដែរ។

សៀវភៅ និងឯកសារមួយចំនួនរបស់ Marie Curie នៅតែមានជាតិវិទ្យុសកម្មខ្លាំង រហូតដល់ត្រូវរក្សាទុកក្នុងប្រអប់សំណ។ តួយ៉ាង សៀវភៅកំណត់ហេតុរបស់លោកស្រី ពីឆ្នាំ ១៨៩៩-១៩០២ ដែលបានកត់ត្រាពីការពិសោធន៍លើសារធាតុវិទ្យុសកម្ម គឺនៅតែមានជាតិវិទ្យុសកម្មរហូតមកដល់បច្ចុប្បន្ន ហើយនឹងនៅតែបន្តមានរយៈពេល ១ ៥០០ ឆ្នាំទៅមុខទៀត។ ការណ៍នេះប្រៀបដូចជា Marie Curie បានបានបន្សល់ទុកនូវកេរដំណែលវិទ្យាសាស្ត្រដ៏មានតម្លៃ ដែលមិនមាននរណាអាចប៉ះពាល់បាន៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *