ជឿជាក់ថាប្រិយមិត្តភាគច្រើនបានស្គាល់មកហើយនូវតារាស្រីជួរមុខ Han So Hee ដែលជាតួឯកស្រីក្នុងរឿង Soundtrack#1 និង My Name ជាដើម។ ក្រៅពីទេពកោសល្យ សមត្ថភាព អត្តចរិត និងអាកប្បកិរិយា នាងក៏ត្រូវបានអ្នកគាំទ្រសរសើរអំពីសម្រស់ផងដែរ ជាពិសេសគឺក្បាលពោះរាបស្មើ គ្មានជាតិខ្លាញ់តែម្ដង។ ដូច្នេះថ្ងៃនេះ យើងនឹងចែករំលែកអំពីអាថ៌កំបាំងទាំង ៤ ដែលតួឯកស្រីម្នាក់នេះអាចរក្សារាងស្អាតបានបែបនេះ៖
១. ទំពាអាហារចាប់ពី ៥០ ដងឡើងទៅ

Han So Hee ធ្លាប់បានចែករំលែកថានាងមានទម្លាប់ទំពាអាហារយឺតៗព្រោះវិធីនេះជួយឱ្យនាងឆ្អែតបានយូរ ថែមទាំងអាចធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អជាងមុនទៀតផង។ ជាមួយគ្នានេះ នាងក៏បានជៀសវាងនូវអាហារដែលមានកាឡូរីខ្ពស់ និងមិនល្អដល់រាងកាយដូចជាអាហារម្សៅ អាហារផ្អែម និងអាហារបំពងជាដើម។
ជាទូទៅ នាងតែងតែញ៉ាំប្រហិតសាច់មាន់ និងបន្លែសម្រាប់អាហារពេលល្ងាច។ ប៉ុន្តែនាងនៅតែអាចញ៉ាំមីកញ្ចប់ ឬដំឡូងបំពងបានមួយសប្ដាហ៍ម្ដង តែត្រូវហាត់ប្រាណខ្លាំងជាងរាល់ដងបន្តិច។
២. រក្សាការហាត់យូហ្គា
បន្ថែមពីលើការគ្រប់គ្រងរបបអាហារ Han So Hee ក៏រក្សាទម្លាប់នៃការធ្វើលំហាត់ប្រាណដូចជាយូហ្គា និងភីឡេត (pilates) ជាដើមដើម្បីពង្រឹងរាងកាយផងដែរ។ ប៉ុន្តែភាគច្រើនតារាស្រីកូរ៉េរួមទាំងនាងគឺមានពេញនិយមខ្លាំងទៅលើការធ្វើលំហាត់ប្រាណបែបភីឡេតជាងព្រោះវាអាចកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួនបានលឿន និងច្រើនជាង ប្រសិនបើយើងប្រៀបធៀបជាមួយយូហ្គា។
៣. ម៉ាស្សាជើងជាមួយប្រេង
តួឯកស្រីក្នុងរឿង My Name រូបនេះក៏បានបន្តថានាងបានរក្សាទម្លាប់ម៉ាស្សាជើងជាមួយប្រេងក្រោយពេលហាត់ប្រាណ ឬងូតទឹកហើយ។ ការរក្សាទម្លាប់បែបនេះអាចជួយសម្រួលសាច់ដុំជើងក្រោយនឿយហត់ពេញមួយថ្ងៃ និងការពារការឡើងប្រមូលផ្ដុំជាតិខ្លាញ់ផងដែរ។ ក្រៅពីនេះ ប្រេងក៏អាចជំរុញចលនាចរន្តឈាមឱ្យរត់ល្អ ផ្ដល់សំណើមដល់ស្បែក ថែមទាំងអាចជួយឱ្យជើងស្រឡូន និងសរលោងទៀតផង។
៤. ប្រុងប្រយ័ត្នឥរិយាបថពេលអង្គុយ
មនុស្សស្រីភាគច្រើនមែនទែនមានទម្លាប់អង្គុយគងជើងលើគ្នាដែលឥរិយាបថបែបនេះនឹងធ្វើឱ្យឈាមពិបាករត់ និងខ្លាញ់ប្រមូលផ្ដុំកាន់តែច្រើននៅត្រង់ភ្លៅ។ ដូច្នេះនាងតែងតែរំឭកខ្លួនឯងថាមិនត្រូវអង្គុយ “គងជើងលើគ្នា” នោះទេ។ ប្រសិនបើយើងតាមដានមើលទៅ ជាធម្មតានាងតែងតែអង្គុយឱ្យត្រង់ខ្នង ដាក់ជើងទន្ទឹមគ្នា ឬបែរចំហៀងបន្តិច លើកលែងតែពេលនាងត្រូវថតប៉ុណ្ណោះ៕



Account
Security
Favourite Content