រុក្ខជាតិកម្រមួយប្រភេទដែលដុះនៅតំបន់ភ្នំខ្មោច នៃខេត្តពោធិ៍សាត់ ពេលនេះត្រូវបានប្រទះឃើញក្នុងតំបន់រូងភ្នំមួយកន្លែងដែលស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត និងកំពុងក្លាយជាទីចាប់អារម្មណ៍នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ធ្លាប់តែបានមើលរឿងព្រេងបុរាណខ្មែរ និងឮចាស់ៗដំណាលតៗគ្នាអំពីប្រភេទរុក្ខជាតិកម្រមួយប្រភេទមានឈ្មោះថា ផ្ការាំទឹករាំ ស្រាប់តែថ្មីៗ នេះរុក្ខជាតិកម្រដែលដុះនៅតំបន់ភ្នំខ្មោច ត្រូវបានអ្នកទេសចររុករកមួយក្រុមប្រទះឃើញកំពុងតែលាក់ខ្លួនពួនអាត្មានៅក្នុងល្អាងភ្នំសេដាអោនឬ ភ្នំក្បាលរមាស ក្នុងស្រុកទឹកឈូ ខេត្តកំពត។
រុក្ខជាតិកម្រមួយប្រភេទនេះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរណ៍នៅក្នុងស្រុក ព្រោះថាផ្ការុក្ខជាតិមួយនេះមិនសូវឃើញដុះនៅតាមទីតំបន់ច្រើននោះទេ ណាមួយជាប្រភេទរុក្ខជាតិដែលមានដំណើរដើមទងនៅក្នុងរឿងព្រេង «ផ្ការាំទឹករាំ» របស់ខ្មែរថែមទៀតផង។ ផ្ការាំទឹករាំ ដែលដុះនៅក្នុងរូងភ្នំ នាខែត្រជាក់មានរយៈពេលត្រឹម ១០ទៅ១៥ថ្ងៃ រុក្ខជាតិកម្រមួយនេះអាចនឹងក្រៀមស្វិតទៅវិញ។ នេះបើតាមការឱ្យដឹងពីសំណាក់លោកអុឹម ចន្ទ័សោធន អភិបាលស្រុកទឹកឈូ។
ការរកឃើញរុក្ខជាតិកម្រ ផ្ការាំទឹករាំ ដែលដុះចេញពីប្រហោងល្អាងថ្មនៃឬសឈើជាច្រើនក្នុងល្អាងភ្នំក្បាលរមាសនេះត្រូវបានមហាជនជាច្រើនស្នើឱ្យមានការអភិរក្ស ក៏ដូចជាដាំបន្ថែម (ប្រសិនបើអាច) និងថែរក្សាដើម្បីជាទស្សនីយភាពនៅក្នុងតំបន់រមណីយដ្ឋានមួយនេះ៕
រូបភាព ផ្ដល់ដោយ ៖ សំចត-Explore