ខេត្តកែបជាទីឋានដ៏សែនមនោរម្យ ប្រកបដោយខ្យល់អាកាសល្អបរិសុទ្ធ ជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរទៅសម្រាកលម្ហែកាយ។ ជាពិសេសដែនដីតូចច្រឡឹងមួយនេះ ល្បីគ្រឿងសមុទ្រមានរសជាតិផ្អែមឆ្ងាញ់ និងសំបូរទៅដោយតំបន់ទេសចរណ៍ស្អាតៗជាច្រើនកន្លែង។
អ្វីដែលភ្ញៀវទេសចរតែងដក់ចិត្តចំពោះទឹកដីខេត្តកែបនោះ គឺសម្រស់ដងវិថីក្នុងក្រុងពិតជាស្រស់ស្អាត មានកូនភ្នំ ខ្ពស់ទាបនៅសងខាងផ្លូវ។ ជាពិសេសនោះឱ្យតែដល់រដូវផ្កាក្ងោករីកម្ដងៗ កាន់តែបន្ថែមសោភ័ណភាពកាន់តែស្រស់បំព្រងទ្វេឡើង។ ដល់រដូវភ្លៀងធ្លាក់នាដើមវស្សា ដើមក្ងោក ឬអ្នកខ្លះហៅថា ផ្កាតាសេកនោះ បានជម្រុះស្លឹកចោលអស់ បញ្ចេញផ្កាក្រពុំ ក្រហមឆ្អិនឆ្អៅ ចោលក្លិនក្រអូបប្រហើរ នាំឱ្យអ្នកដែលធ្វើដំណើរឆ្លងកាត់ទទួលបានអារម្មណ៍ស្រស់ស្រាយ គយគន់ មិនចេះជិនណាយ។
ចំពោះអ្នកស្រឡាញ់ធម្មជាតិ ចូលចិត្តទេសភាពតាមដងផ្លូវ ទៅកម្សាន្តនៅខេត្តកែបពេលនេះ ច្បាស់ជាមិនខកបំណង។ ក្រៅពីគយគន់សម្រស់ធម្មជាតិតាមដងផ្លូវក្នុងក្រុង ទេសចរអាចរុករកកន្លែងកម្សាន្តនៅជិតៗក្រុងមានមិនចេះតិច សាកភ្លក់កាហ្វេភ្នំ ឬក៏ទៅដើររកទិញគ្រឿងសមុទ្រនៅផ្សារក្ដាម ហើយទៅក្រាលកន្ទេលអង្គុយ នៅតាមឆ្នេរសមុទ្រក៏អាចបង្កើតបរិយាកាសរីករាយ បង្កើតពេលវេលាល្អៗជាមួយមិត្តភក្ដិ គូស្នេហ៍ និងក្រុមគ្រួសារ៕
រូបភាព៖ រដ្ឋបាលខេត្តកែប