ជាដំណឹងដ៏រីករាយថ្មីទៀត ដោយថ្មីៗនេះគេបានប្រទះឃើញកូនផ្សោតទើបកើត១ក្បាលថែមទៀត នៅអន្លង់កាំពី ខេត្តក្រចេះ ដែលនេះអាចជួយឲ្យអ្នកទេសចរបានឃើញសត្វកម្រមួយនេះកាន់តែច្រើន ពេលធ្វើដំណើរទៅកម្សាន្ត។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល បានចេញសេចក្ដីប្រកាសមួយ ថា ក្រសួង “មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF វេលាម៉ោង ១៥:១០នាទី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។ កូនផ្សោតនេះ ស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៣ក្បាលផ្សេងទៀត”។
សូមជម្រាបថា នេះគឺជាកូនផ្សោតទី៧ ដែលបានកើតនៅដើមឆ្នាំ ២០២៤ នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានថ្លែងអំណរគុណចំពោះឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។
ទន្ទឹមនេះអាជ្ញាធរបានប្រកាសថា ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ច ជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ