មិនត្រឹមជាប្រាសាទតូចមួយនៅកាច់ជ្រុងកំពែងនោះទេ ប្រាសាទជ្រុងជាឃ្លាំងផ្ទុកនូវទិន្នន័យប្រវត្តិសាស្ត្រ និងជាមរតកសិល្បៈដ៏វិចិត្រ ដែលឆ្លុះបញ្ចាំងពីភាពរុងរឿងនៃអាណាចក្រខ្មែរ ក្រោមការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧។

ប្រាសាទជ្រុងជាស្នាដៃវិចិត្រលើកំពែងមហានគរ ដែលស្ថិតនៅលើកំពែងប្រសព្វរវាងទិសត្បូង និងខាងលិចនៃរាជធានីអង្គរធំ កសាងឡើងនៅចុងសតវត្សរ៍ទី១២ ក្រោមស្នាព្រះហស្តព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទមួយនេះជាសំណងស្ថាបត្យកម្មសាងសង់ឡើងពីថ្មភក់ និងថ្មបាយក្រៀម បង្ហាញពីភាពរស់រវើកដ៏អស្ចារ្យ ទោះបីមានទំហំតូច ប៉ុន្តែគ្រប់ផ្នែកនៃសំណង់ប្រាសាទរំលេចទៅដោយចម្លាក់អាទិទេព និងក្បាច់រចនាផ្កាភ្ញីយ៉ាងប្រណីត។ ប្រាសាទនេះជាកន្លែងតម្កល់សិលាចារឹកដ៏សំខាន់ K.២៨៨ ជាកំណត់ត្រាប្រវត្តិសាស្ត្រ ដែលបានពិពណ៌នាយ៉ាងពិស្តារអំពីការស្ថាបនាមហាកំពែង កសិន្ធុទឹកព័ទ្ធជុំវិញ និងទ្វារចូលរាជធានីអង្គរធំ។








ចំណុចពិសេសមួយទៀតនៃប្រាសាទជ្រុង នៅខាងក្រោមកំពែងត្រង់នេះ មាន«រន្ធត្រដេវ» ដែលច្រកទ្វារបង្ហូរទឹកប្រើប្រាស់ហើយចេញក្រៅក្រុង។ បើយើងដើរហួសពីប្រាសាទទៅទិសខាងកើតប្រមាណ ២០០ ម៉ែត្រ តាមខ្នងកំពែង រួចចុះមកក្រោមនឹងបានជួបអច្ឆរិយភាពមួយទៀត គឺសំណង់ទ្វារបង្ហូរទឹក ហៅសព្វថ្ងៃថា «រន្ធត្រដេវ»។ វាជារន្ធទ្វារទឹកមានប្រាំស្ថិតនៅជាប់ៗគ្នា ដែលសង់ទម្លុះខាងក្រោមមហាកំពែងអង្គរធំ។ សំណង់នេះមានមុខងារធារាសាស្ត្រប្រើប្រាស់ជាច្រកទឹកដែលប្រើរួច (ទឹកស្អុយ) នៅក្នុងក្រុង ចេញមករក្សាទុកត្រង់បឹងធំមួយជាប់គ្នានេះ ទើបបានបង្ហូរចោលមកក្រៅក្រុងនៅភាគនិរតី។ ប្រាសាទតូចមួយនេះស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃប្រាសាទបាយ័នត្រង់កន្លែងកាច់ជ្រុងនៃទន្លេអុំ៕
រូបភាព ៖ អាជ្ញាធរជាតិអប្សរា






















































Account
Security
Favourite Content