ស្ថិតនៅក្នុងតំបន់រលួស ខេត្តសៀមរាប មានប្រាសាទបុរាណដ៏ចំណាស់មួយដែលត្រូវបានអ្នកស្រាវជ្រាវជំនាញដាក់ការសន្និដ្ឋានថាជាអតីតព្រះបរមរាជវាំងនៃរាជធានីហរិហរាល័យ មជ្ឈមណ្ឌលគ្រប់គ្រងចក្រភពខ្មែរនាសម័យអង្គរដំបូង។

ផ្អែកលើឈ្មោះ «មន្ទីរ» និងរចនាសម្ព័ន្ធបរិវេណដែលមានភាពខុសប្លែកពីប្រាសាទដ៏ទៃ បាននាំឱ្យអ្នកស្រាវជ្រាវដាក់ការសន្និដ្ឋានលើប្រាសាទព្រៃមន្ទីរថា ទីតាំងមួយនេះអាចជាអតីត «ព្រះបរមរាជវាំង» នាសម័យអង្គរដំបូង។ ស្ថាបត្យកម្មនៃប្រាសាទចំណាស់មួយនេះស្ថិតក្នុងរចនាបថព្រះគោ ហើយមានលក្ខណៈប្លែកពីប្រាសាទភ្នំដ៏ខ្ពស់ត្រដែតផ្សេងទៀត ហើយមានតួប្រាសាទឥដ្ឋចំនួន ៣ សាងសង់តម្រៀបគ្នាយ៉ាងផ្ចិតផ្ចង់បំផុត។ ក្រៅអំពីតម្លៃស្ថាបត្យកម្ម ប្រាសាទដែលមានអាយុកាលជាង ១ម៉ឺនឆ្នាំនេះក៏មានភស្តុតាងប្រវត្តិសាស្ត្រផ្សេងទៀតផងដែរដូចជា អាងទឹកថ្មភក់ , សិលាចារិកអាថ៌កំបាំងរាងចតុកោណកែងដែលមានឆ្លាក់ក្បូរក្បាច់យ៉ាងរស់រវើក , អក្សរចារឹកបង្កប់នៅផ្នែកខាងក្រោមនៃជញ្ជាំងអាង។
ប្រាសាទព្រៃមន្ទីរជាសំណង់ស្ថាបត្យកម្មសាសនាធ្វើអំពីឥដ្ឋនាដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៣ កសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាស្ថិតនៅទិសនិរតីនៃប្រាសាទបាគង។ ប្រាសាទព្រៃមន្ទីរ មានចម្ងាយប្រហែល១២គីឡូម៉ែត្រពីក្រុងសៀមរាប ក្នុងភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប និងមានចម្ងាយ ១គីឡូម៉ែត្រ ពីប្រាសាទបាគង។ ប្រាសាទនេះហាក់បីដូចជាឯការកណ្ដាលព្រៃ កណ្ដោចកណ្ដែង ព្រោះមិនងាយមានទេសចរណាបានទៅដល់ និងទស្សនាកម្សាន្ដប្រាសាទព្រៃមន្ទីរនេះឡើយ៕











ប្រភព ៖ អាជ្ញាធរជាតិអប្សរា






















































Account
Security
Favourite Content