ប្រាសាទបន្ទាយប្រី គឺជាសំណង់សាសនាលាក់ខ្លួនមួយ ស្ថិតក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។ ប្រាសាទដ៏ស្ងប់ស្ងាត់មួយនេះ ជានិមិត្តរូបនៃស្ថាបត្យកម្មប្រណីត និងជាទីតាំងដែលបង្ហាញពីកិច្ចសន្ទនារវាងសំណង់បុរាណនិងទេសភាពវប្បធម៌ តែគួរឱ្យស្ដាយហាក់មិនសូវមានអ្នកស្គាល់។

តាមផ្នែកភូមិសាស្ត្រ ប្រាសាទបន្ទាយប្រីស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ សក្ការភូមិមួយនេះ ត្រូវបានកសាងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចនាបថបាយ័នដើម្បីឧទ្ទិសថ្វាយក្នុងព្រះពុទ្ធសាសនាមហាយាន។
ទោះបីជាសំណង់ប្រាសាទនេះមានទំហំតូចល្មម និងពុំសូវមានសិលាចារឹករៀបរាប់វែងឆ្ងាយដូចប្រាសាទធំៗដទៃទៀតក្តី ប៉ុន្តែតម្លៃប្រវត្តិសាស្ត្រដែលលាក់ខ្លួននៅលើស៊ុមទ្វារ គឺពិតជាមានសារៈសំខាន់ជាសារវន្ត។ ផ្ទាំងសិលាចារឹកខ្លីៗទាំងនោះ ជាតម្រុយប្រវត្តិសាស្ត្រដ៏វិសេសវិសាលក្នុងការស្វែងយល់ពីព្រលឹង និងរចនាសម្ព័ន្ធសង្គមសម័យនោះ។ ជាក់ស្តែង ផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវលើសិលាចារឹកលេខ K.526 ដែលមានកម្រាស់៤បន្ទាត់ បានបង្ហាញព័ត៌មានយ៉ាងសំខាន់៖ បីបន្ទាត់ខាងលើចារឹកណែនាំ និងថ្វាយព្រះនាមដល់ទេពផ្សេងៗ រួមមាន៖ កម្រតេង ជគត ឝ្រីរាជឝិល្បីន្ទ្រេឝ្វរ, កម្រតេង ជគត ឝ្រីចន្ទ្រេឝ្វរ, និង កម្រតេង ជគត ឝ្រីឝាន្តីឝ្វរី។ រីឯបន្ទាត់ខាងក្រោមបានផ្តល់ព័ត៌មានជាប្រវត្តិសាស្ត្រអំពីអត្តសញ្ញាណរបស់បុគ្គលជាន់ខ្ពស់ដែលមានសទ្ធាជ្រះថ្លាក្នុងការស្ថាបនាសំណង់សាសនានេះ គឺ «តិវ្រះអំតេងរាជឝិល្បិស្ថាបនា» (ព្រះអង្គម្ចាស់ រាជសិល្បិ ជាអ្នកស្ថាបនា)។
ស្ថាបត្យកម្មដែលសង់ឡើងពីថ្មភក់នៃប្រាសាទបន្ទាយប្រី បានឈរជើងយ៉ាងរឹងមាំឆ្លងកាត់ការសឹករេចរិល ដោយសារអាយុកាលរាប់រយឆ្នាំ និងអាកាសធាតុ។ នាពេលបច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងខ្ពស់ពីអាជ្ញាធរជាតិអប្សរា ក្រុមអ្នកជំនាញបាននិងកំពុងដំណើរការការងារអភិរក្ស ស្រាវជ្រាវ ធ្វើសម្រង់ប្លង់ និងធ្វើកំណាយ ដើម្បីស្វែងរកបំណែកថ្មយកមកផ្គុំឡើងវិញតាមបច្ចេកទេសបុរាណវិទ្យា (Anastylosis)៕











រូបភាព ៖ អាជ្ញាធរជាតិអប្សរា























































Account
Security
Favourite Content