នៅថ្ងៃទី១៤ ខែមេសានេះ ប្រជាជនកម្ពុជាកំពុងត្រៀមខ្លួនទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២៥៦៩។ បន្ទាប់ពីនេះ នៅថ្ងៃទី១៤ ១៥ និង១៦ ប្រជាជនខ្មែរខ្លះក៏មានគម្រោងដើរលេងតាមទីតាំងរៀបចំកម្មវិធីសង្ក្រាន្ត ក៏ដូចជាបណ្ដារមណីយដ្ឋាននានាដូចគ្នា។

យ៉ាងណាមិញ ខែមេសា ឬខែចេត្រនេះ អាកាសធាតុនៅក្នុងប្រទេសកម្ពុជាក៏ឡើងក្ដៅខ្លាំង ដែលអាចបង្កផលរំខានដល់សុខភាព ជាពិសេសសម្រាប់មនុស្សចាស់ និងកូនក្មេងដែលងាយនឹងជួបអាការ Heatstroke។ ហេតុនេះ ការយល់ដឹងពី រោគសញ្ញា វិធីសាស្រ្តការពារ និងការសង្គ្រោះបឋមពី Heatstroke គឺជារឿងសំខាន់ កុំបណ្ដែតបណ្ដោយ។
អ្វីទៅជា Heatstroke?
Heatstroke គឺជាស្ថានភាពដែលរាងកាយឡើងកម្តៅខ្ពស់ខ្លាំង ដែលកើតឡើងដោយសារតែការធ្វើការ ហាត់ប្រាណ ឬស្ថិតនៅក្នុងទីតាំងដែលមានសីតុណ្ហភាពខ្ពស់។ វាច្រើនតែកើតឡើងនៅពេលដែលសីតុណ្ហភាពរាងកាយឡើងដល់ ៤០ អង្សាសេ ឬលើសពីនេះ ដែលអាចបង្កគ្រោះថ្នាក់ដល់សរីរាង្គសំខាន់ៗដូចជា ខួរក្បាល បេះដូង សួត តម្រងនោម សាច់ដុំ ខណៈក្នុងករណីធ្ងន់ធ្ងរ ក៏អាចប៉ះពាល់ដល់ជីវិតបានដូចគ្នា។
សញ្ញាព្រមាននៃ Heatstroke
រោគសញ្ញាដែលព្រមានថា អ្នកអាចនឹងជួបនឹងអាការ Heatstroke មានដូចជា៖
- រាងកាយឡើងកម្តៅខ្លាំង (សីតុណ្ហភាពខ្ពស់ជាង ៤០ អង្សាសេ)
- ស្បែកស្ងួតនិងក្តៅ រាងកាយក្តៅឡើងជាលំដាប់ តែមិនបែកញើស
- សម្ពាធឈាមធ្លាក់ចុះ
- បេះដូងលោតញាប់ខ្លាំង ញ័រទ្រូង ជីពចរដើរលឿន
- ស្រេកទឹកខ្លាំង
- វិលមុខ ឈឺក្បាល វង្វេងវង្វាន់ ងងឹតមុខ
- ចង់ក្អួត ក្អួតចង្អោរ អស់កម្លាំងល្ហិតល្ហៃ
- អាចឈានដល់ការប្រកាច់ រឹងខ្លួន និងបាត់បង់ស្មារតី។

អ្នកដែលមានហានិភ័យខ្ពស់
ក្រុមមនុសុ្សដែលងាយនឹងជួបអាការ Heatstroke រួមមាន៖
១. កុមារអាយុក្រោម ៥ ឆ្នាំ និងមនុស្សចាស់ ដោយសាររាងកាយមិនអាចបញ្ចេញកម្តៅបានល្អដូចមនុស្សពេញវ័យ។
២. អ្នកមានជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយ ដូចជា លើសឈាម ជំងឺបេះដូង និងទឹកនោមផ្អែម។
៣. អ្នកដែលមានទម្ងន់ខ្លួនលើស ឬធាត់។
៤. អ្នកដែលសម្រាកមិនបានគ្រប់គ្រាន់។
៥. អ្នកដែលធ្វើការ ឬធ្វើសកម្មភាពក្រោមពន្លឺថ្ងៃយូរ ដូចជា អ្នកហាត់ប្រាណ កសិករ និងអ្នកធ្វើការងារក្រៅផ្ទះ។
៦. អ្នកដែលនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ រួចចេញមកជួបអាកាសធាតុក្ដៅខ្លាំងភ្លាមៗ រហូតដល់រាងកាយមិនអាចសម្របខ្លួនទាន់។
៧. អ្នកដែលទទួលទានគ្រឿងស្រវឹង ព្រោះរាងកាយបានបាត់បង់ជាតិទឹក រួមជាមួយជាតិរ៉ែច្រើនជាងធម្មតា។ ខណៈគ្រឿងស្រវឹងធ្វើឱ្យបេះដូងលោតញាប់ និងខ្លាំងជាងមុន ស្របពេលដែលសម្ពាធឈាមឡើងខ្ពស់។
ការសង្គ្រោះបឋមមុនបញ្ជូនទៅមន្ទីរពេទ្យ
ក្នុងករណីជួបនឹងបញ្ហានេះ វិធីសាស្ត្រសង្គ្រោះបឋមមុនបញ្ជូនទៅមន្ទីរពេទ្យមានដូចជា៖
- ប្រញាប់នាំអ្នកជំងឺចូលទៅក្នុងម្លប់ កន្លែងដែលមានខ្យល់ចេញចូលល្អ ដើម្បីបន្ថយសីតុណ្ហភាពរាងកាយ
- ឱ្យអ្នកជំងឺគេងសន្ធឹងខ្លួន រួចលើកជើងទាំងពីរឱ្យខ្ពស់ ដើម្បីបង្កើនលំហូរឈាមទៅចិញ្ចឹមខួរក្បាល
- បន្ធូរសម្លៀកបំពាក់ឱ្យធូរ ដើម្បីឱ្យរាងកាយអាចបញ្ចេញកម្តៅបានលឿន
- ប្រើក្រណាត់ជក់ទឹកត្រជាក់ ឬទឹកកកស្អំត្រង់បរិវេណក ក្លៀក ក្រលៀន និងថ្ងាស រួចប្រើកង្ហារជួយបក់ខ្យល់ ដើម្បីបន្ថយសីតុណ្ហភាពឱ្យធ្លាក់ចុះលឿនបំផុត
- ប្រសិនបើមិនទាន់បាត់បង់ស្មារតី អ្នកជំងឺត្រូវញ៉ាំទឹកស្អាតឱ្យបានច្រើន និងប្រញាប់បញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។

វិធីការពារខ្លួនពីបញ្ហា Heatstroke
ដូចសុភាសិតខ្មែរដែលចែងថា “ការពារប្រសើរជាងព្យាបាល” វិធីសាស្រ្តការពារខ្លួនពីបញ្ហានេះ រួមមាន៖
- ជៀសវាងការធ្វើសកម្មភាពក្រៅផ្ទះ ឬនៅកន្លែងដែលមានកម្តៅខ្លាំង
- ស្លៀកសម្លៀកបំពាក់ពណ៌ស្រាល សាច់ស្តើង មិនក្រាស់ ទម្ងន់ស្រាល អាចឱ្យខ្យល់ចេញចូលបានល្អ
- ញ៉ាំទឹកឱ្យបានញឹកញាប់ យ៉ាងហោចណាស់ ៦-៨ កែវក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក្ដី
- ជៀសវាងគ្រឿងស្រវឹង តែ កាហ្វេ និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់
- កុំទុកកុមារ មនុស្សចាស់ ឬសត្វចិញ្ចឹមចោលក្នុងឡានដែលចតក្រោមថ្ងៃក្តៅ
- កុមារ មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ មិនគួរនៅម្នាក់ឯងក្នុងកន្លែងក្តៅ
- សម្រាប់អ្នកហាត់ប្រាណ គួរជ្រើសរើសពេលព្រឹកព្រលឹម ឬពេលល្ងាច និងគួរកម្តៅសាច់ដុំមុនពេលហាត់ជានិច្ច
- ពាក់វ៉ែនតាការពារកម្តៅថ្ងៃ និងពាក់មួកដែលមានគែមធំជួយបាំងកម្ដៅ
- អ្នកដែលមានជំងឺប្រចាំកាយ ប្រសិនបើមានអាការៈមិនប្រក្រតី ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕

























































Account
Security
Favourite Content