Zhao LiYing ជាតារាសម្ដែងស្រីមានទេពកោសល្យម្នាក់ក្នុងប្រទេសចិន ជាតារាស្រីជំនាន់ឆ្នាំ ៨៥ ម្នាក់ដែលមានសមត្ថភាពប៉ិនប្រសប់ អាចបត់បែនការសម្ដែងរបស់ខ្លួនទៅតាមតួអង្គ និងគ្រប់ស្ថានភាព។ ជាពិសេសការសម្ដែងរបស់នាងនៅក្នុងភាគយន្ដ “Article 20” ដោយសម្ដែងជាតួអង្គ គ និយាយមិនរួច ពិតជាទទួលបានការកោតសរសើរយ៉ាងច្រើនពីមហាជន មិនថាតែក្នុងស្រុក ឬក្រៅស្រុកឡើយ។



ថ្មីៗ នេះ រូបនាងបានធ្វើឲ្យមហាជនជាច្រើនបានលើកសរសើររូបនាងម្ដងទៀត ដោយសារតែការខិតខំប្រឹងប្រែងយកចិត្ដទុកដាក់ក្នុងការសម្ដែងរឿង។ នាងបានបង្ហាញខ្លួនជាមួយសក់ខ្លីខ្លាំង ត្រឹមកប៉ុណ្ណោះ ស្ទីលសក់ថ្មីរបស់នាងមើលទៅហាក់ដូចជាមនុស្សប្រុស។ ការកាត់សក់របស់នាងបានក្លាយជារឿងដែលគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម ដោយសារតែតារាស្រីរូបនេះ ស្រឡាញ់សក់វែង និងបានសន្សំទុកសក់វែងអស់ជាច្រើនឆ្នាំមកហើយ។ នាងជ្រើសកាត់សក់ថ្មី ដើម្បីសម្ដែងរឿង។



យោងតាមប្រភពព័ត៌មាន ហុងកុង បានឲ្យដឹងថា តារាស្រីវ័យជាង ៣០ឆ្នាំរូបនេះ នឹងត្រៀមចូលសម្ដែងក្នុងភាពយន្ដថ្មីមានចំណងជើងថា “The Story Of a Woman Released from Prison”។ ដោយសារតួអង្គនាងត្រូវសម្ដែង តារាស្រី Zhao LiYing បានសម្រេចចិត្ដកាត់សក់ខ្លីតែម្ដង។ ភាពយន្ដនេះ នឹងដឹកនាំ ដោយអ្នកដឹកនាំ Feng XiaoGang។



Zhao LiYing ជាតារាសម្ដែងស្រីចិនដ៏ឆ្នើមម្នាក់ ទេពកោសល្យលេចធ្លោ និងទំនាក់ទំនងល្អ ធ្វើឲ្យនាងមានឱកាសសម្ដែងភាពយន្ដដែលដឹកនាំដោយអ្នកដឹកនាំល្បីៗ ដូចជា Zhang YiMou, Chen KeXin និងផ្សេងៗ ទៀត។ តារាសម្ដែងស្រីរូបនេះ ក៏តែងត្រូវមហាជនសរសើរពីទេពកោសល្យ និងការខិតខំប្រឹងប្រែងរបស់នាង យ៉ាងខ្លាំង ដោយនាងជាតារាស្រីដែលមិនខ្លាចនឿយហត់ ហ៊ានថតឈុតលំបាកជាច្រើន មិនតែប៉ុណ្ណោះនាងតែងទទួលយកនូវអ្វីដែលថ្មី ដើម្បីបន្ដអភិវឌ្ឍខ្លួនជាបន្ដបន្ទាប់។ នាងក៏ជាតារាស្រីដែលហ៊ានលះបង់ ដូចជាការកាត់សក់ ការហាត់ប្រាណយកសាច់ដុំ។ បើទោះជានាងមានឈ្មោះល្បីក្នុងពិភពសិល្បៈចិនក្ដី តែនាងត្រូវបានរាយការណ៍ថា ជាតារាស្រីដែលមិនវាយឫក និងងាយស្រួលចុះសម្រុង ៕

























































Account
Security
Favourite Content