ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ នេះ ជាថ្ងៃខួបគម្រប់ ៤០ឆ្នាំ នៃតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា។ ក្នុងថ្ងៃពិសេសនេះ តារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្សមាសរូបនេះ មិនភ្លេចជូនពរខ្លួនឯងនោះឡើយ ថែមទាំងពោលពាក្យអរគុណមនុស្សជុំវិញខ្លួននាងថែមទៀត។
ម្ចាស់បទ «ស្រីល្ងង់» មិនឱ្យរំលងថ្ងៃខួបមួយឆ្នាំមានម្តង ដោយនាងបានបង្ហើបបទចម្រៀងថ្មីមួយដល់ហ្វេនៗរបស់នាង ដោយបទថ្មីនោះចំណងជើងថា «ម្ចាស់កេរ្តិ៍»។ គ្រាន់តែបានស្តាប់ភ្លេង សំណេរចម្រៀងខ្លីៗ និងរូបថតរបស់តារាចម្រៀងស្រីរូបនេះអ្នកគាំទ្រព្រឺសម្បុរបាត់ហើយ ទាំងមិនទាន់បានស្តាប់បទចម្រៀងពេញផង។

គេនៅមិនទាន់ដឹងថា ស្នាដៃបទចម្រៀង «ម្ចាស់កេរ្តិ៍» របស់ ពេជ្រ សោភា នឹងទម្លាក់លើទីផ្សារថ្ងៃណានោះទេ ព្រោះនៅមិនទាន់មានការបញ្ជាក់នៅឡើយ ខណៈសាមីខ្លួននាងក៏កំពុងជាប់រវល់ធ្វើគ្រូបង្វឹកនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ ផងដែរ។



ក្រឡេកទៅមើលហ្វេនៗ និងសិល្បករ-សិល្បការិនីល្បីៗបាននាំគ្នា comment ជូនពរ idol រូបនេះគ្រប់ៗគ្នាក្នុងថ្ងៃខួបគម្រប់ ៤០ ឆ្នាំនេះ។ ដ្បិតវ័យឈានចូល ៤០ ឆ្នាំហើយក៏ពិត មែន តែសម្រស់របស់តារាចម្រៀងស្រីរូបនេះនៅតែស្រស់ផូរផង់ រូបរាងស្រឡូនស្អាត ចំណែកការរៀបចំតុបតែងខ្លួនវិញនោះ នៅមានរសនិយមខ្ពស់មិនចាញ់សិល្បកររួមជំនាន់ និងសិល្បករស្រករក្រោយនោះឡើយ។




បើនិយាយពីរឿងរៀបការវិញ ពេជ្រ សោភា និងគូដណ្តឹងតារាសម្ដែង ឆឹម សក្កដា ហាក់នៅស្រពិចស្រពិលនៅឡើយ ព្រោះដំបូងអ្នកទាំងពីរចង់រៀបការនៅក្នុងឆ្នាំ ២០២៣ នេះ តែត្រូវបានរំសាយចោលវិញដោយសារតែនាង និងគូដណ្តឹង មានគំនិតខ្វែងគ្នា ព្រោះនាងចង់រៀបការ តែអនាគតស្វាមីថារៀបចំមិនទាន់ទៅវិញ ដូច្នេះហើយគេមិនដឹងថាមង្គលការរបស់តារាចម្រៀងទាំងពីររូបនេះអាចកើតឡើងក្នុងឆ្នាំនេះមែនឬយ៉ាងណាទេ មានតែរង់ចាំមើលការបញ្ជាក់របស់សាមីខ្លួនទាំងពីររូប៕
























Account
Security
Favourite Content