ប៉ុន្មានមុន មានព័ត៌មានថា Areum អតីតសមាជិក T-ara អាចនឹងគិតខ្លី ព្រោះជួបរឿងមិនល្អច្រើនពេក ហើយឥឡូវនេះ Areum ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយរូបនាងប៉ុនប៉ងធ្វើអត្ដឃាតដូចការព្រួយបារម្ភ។



យោងតាមប្រភពព័ត៌មានកូរ៉េ Osen បានឲ្យដឹងថា Areum បានធ្វើអត្ដឃាតខ្លួនឯងនៅព្រឹកថ្ងៃទី ២៧ ខែ មីនា ឆ្នា ២០២៤ ប៉ុន្ដែជាសំណាងល្អរូបនាងត្រូវបានគេប្រទះឃើញ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ តែស្ថានភាពរបស់ Areum នៅពេលនេះ មិនទាន់ដឹងថាក្លាយជាយ៉ាងណាឡើយ។ បើយោងតាមប្រភពផ្ទៃក្នុងមួយផ្សេងទៀត បានឲ្យដឹងថា ស្ថានភាពរបស់នាងនៅមិនទាន់ដឹងខ្លួននៅឡើយ។
បកត្រឡប់ទៅ កាលពីខែ ធ្នូ ឆ្នាំ ២០២៣ រូបនាងបានប្រកាសលែងលះជាមួយអតីតស្វាមីដែលជាអ្នកជំនួញមានមុខម្នាក់។ បន្ទាប់មក រូបនាងបានទម្លាយថា អតីតស្វាមីរបស់នាងបានធ្វើអំពើហិង្សាលើកូនៗ ទាំងពីររបស់នាង ព្រមទាំងរូបនាងផងដែរ។ ក្រៅពីមានវិបត្ដិគ្រួសារ នាងក៏ត្រូវបានគេចោទប្រកាន់រឿងខ្ចីប្រាក់អ្នកដទៃ។ តែទោះជាយ៉ាងណាក្ដី នាងបានចេញមុខបកស្រាយថា មានជនខិលខូចបានបន្លំឈ្មោះរបស់នាងខ្ចីប្រាក់ទាំងនោះ នាងមិនបានជាប់ពាក់ព័ន្ធរឿងខ្ចីប្រាក់នរណាម្នាក់ឡើយ។



វិបត្ដិគ្រួសារ និងបញ្ហាចាក់ស្ដ្រេសជាច្រើនធ្វើឲ្យមហាជនជឿថា វាជាមូលហេតុធ្វើឲ្យរូបនាងជ្រើសរើសយក វិធីបញ្ចប់ជីវិតរបស់ខ្លួន។ គួរបញ្ជាក់ថា Areum ធ្លាប់ជាសមាជិកក្រុមចម្រៀងនារីខេប៉ុបល្បី T-ara ក្រោយមករូបនាងបានប្រកាសចាកចេញពីក្រុមក្នុងឆ្នាំ ២០១២។ រហូតដល់ឆ្នាំ ២០១៩ រូបនាងក៏ប្រកាសរៀបការជាមួយស្វាមីដែលជាអ្នកជំនួញគឺលោក Kim Young Gul។ ជារឿយៗ រូបនាងបានបង្ហោះរូបភាពក្នុងបណ្ដាញសង្គម ជាហេតុធ្វើឲ្យមហាជន និងអ្នកគាំទ្រជឿថា ជីវិតអាពាហ៍ពិពាហ៍ជាមួយស្វាមីអ្នកជំនួញពិតជាមានក្ដីសុខ៕

























Account
Security
Favourite Content