J-Hope ក្រុម BTS និងក្រុមចម្រៀងនារីរបស់ផលិតកម្ម Starship គឺ IVE នឹងបង្ហាញប្រជាប្រិយភាពលំដាប់សកលរបស់ខ្លួនជាថ្មី តាមរយៈការបង្ហាញ ខ្លួនក្នុងនាមសិល្បករជួរមុខក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រីធំនៅប្រទេសអាល្លឺម៉ង់គឺ Lollapalooza Berlin។

អ្នករៀបចំកម្មវិធីមហោស្រពតន្ត្រី Lollapalooza សាខាក្រុងបែរឡាំង បានឱ្យដឹងកាលពីថ្ងៃទី២០ ខែកុម្ភៈ ថាតារាចម្រៀងខេប៉ុបដូចជាសមាជិកក្រុម BTS J-Hope និងក្រុមចម្រៀងនារី IVE នឹងស្ថិតក្នុងចំណោមអ្នកសម្ដែងសំខាន់ក្នុងឆ្នាំនេះរួមជាមួយតារាចម្រៀងអាមេរិក Justin Timberlake, Gracie Abrams និង តារាចម្រៀងអង់គ្លេស Raye ផងដែរ។ ព្រឹត្តិការណ៍តន្ត្រីដ៏ធំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ និង ១៣ ខែកក្កដា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋាន Olympiastadion និង Olympiapark។
គួរបញ្ជាក់ថាព្រឹត្តិការណ៍ Lollapalooza ដែលមានអ្នកចូលរួមរាប់សែននាក់ក្នុងមួយឆ្នាំៗគឺជាព្រឹត្តិការណ៍មហោស្រពតន្ត្រីដ៏ល្បីល្បាញមួយដែលបានចាប់ផ្តើមនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩១ ហើយក្រោយៗមកក៏បានរីកសុសសាយក្នុងប្រទេសផ្សេងៗដូចជាប្រទេសបារាំង ប្រេស៊ីល អាហ្សង់ទីន និងអាល្លឺម៉ង់ជាដើម។

សម្រាប់ J-Hope នេះជាការបង្ហាញខ្លួនជាលើកទីពីរហើយរបស់គេនៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមួយនេះ ដោយកាលពីខែកក្កដាឆ្នាំ ២០២២ តារារ៉េបប្រចាំក្រុម BTS រូបនេះបានក្លាយជាសិល្បករ K-pop ដំបូងបង្អស់ដែលបានក្លាយជាសិល្បករជួរមុខនៅក្នុងព្រឹត្តិការណ៍ Lollapalooza ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក។
មុនការសម្តែងនៅទីក្រុងបែរឡាំងនេះដែរ ម្ចាស់បទ “Chicken Noodle Soup” នឹងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកដំបូងរបស់ខ្លួនក្នុងនាមជាសិល្បករទោលជាមួយនឹងការសម្ដែងចំនួនបីថ្ងៃនៅ KSPO Dome ក្នុងទីក្រុងសេអ៊ូលចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈដល់ថ្ងៃទី ២ ខែមីនា រួចហើយនឹងបន្តទៅកាន់ទីក្រុងចំនួន ១៥ ដូចជាទីក្រុង New York ទីក្រុង Chicago ទីក្រុងម៉ិកស៊ិក ម៉ានីល និងទីក្រុង Saitama ក្នុងប្រទេសជប៉ុនជាដើម។
រីឯក្រុមនារី IVE ក៏ធ្លាប់សម្តែងនៅកម្មវិធី Lollapalooza ទីក្រុង Chicago ផងដែរក្នុងខែសីហា ឆ្នាំ ២០២៤ ដូច្នេះហើយព្រឹត្តិការណ៍នៅទីក្រុងបែរឡាំង នឹងជាការបង្ហាញខ្លួនជាលើកទីពីររបស់ពួកគេសម្រាប់ព្រឹត្តិការណ៍មហោស្រពតន្ត្រីមួយនេះដូចគ្នា។
យោងតាមការប្រកាសរបស់ Starship Entertainment ក្រុមចម្រៀងនារីដែលមានសមាជិក៦នាក់មួយនេះក៏នឹងត្រូវឡើងសម្ដែងក្នុងកម្មវិធីមហោស្រពតន្ត្រី Lollapalooza មួយទៀតនៅទីក្រុងប៉ារីស នៅថ្ងៃទី២០ ខែកក្កដា ៕
























































Account
Security
Favourite Content