តារាចម្រៀង អេដា សុំឱ្យស្ថាប័ន Miss Universe Cambodia និងអ្នកពាក់ព័ន្ធងាកមក update រាល់សកម្មភាពប្រកួតរបស់ ហ្វីយ៉ាតា Miss Universe Cambodia 2025 និងបំផុសការបោះឆ្នោតគាំទ្រ ដោយទុករឿងចម្រូងចម្រាសមួយឡែកសិន។

ដូចដែលមហាជនបានជ្រាប ពេលនេះបវរកញ្ញាតំណាងកម្ពុជា ថៃ នារីសុជាតា ហ្វីយ៉ាតា កំពុងមានវត្តមាននៅទឹកដីនៃរាជាណាចក្រថៃក្នុងការប្រកួត Miss Universe 2025 ដើម្បីមុខមាត់ប្រទេសលើឆាកអន្តរជាតិ។ ស្របជាមួយគ្នានេះ តារាចម្រៀង អេដា បានលើកឡើងចំៗទៅកាន់ស្ថាប័ន Miss Universe Cambodia និងបណ្ដាអ្នកពាក់ព័ន្ធយ៉ាងដូច្នេះថា៖ «ស្ថាប័ន Miss Universe Cambodia និងអ្នកពាក់ព័ន្ធកម្មវិធីទាំងអស់ គួរទុករឿងចម្រូងចម្រាសផ្ទាល់ខ្លួនមួយឡែកសិន ហេីយចូលមកបង្ហេីយការងារដែលបានចាប់ផ្តេីមអោយចប់ចុងចប់ដេីម បូករួមទាំងការបង្ហោះពីសម្មភាពប្រលងរបស់បេក្ខភាពតំណាងកម្ពុជានៅលេីទឹកដីប្រទេសថៃ បំផុសបំផុលការបោះឆ្នោតគាំទ្រ និងធ្វេីបច្ចុប្បន្នភាព (Update) អំពីភាពលេចធ្លោរបស់ បវរកញ្ញាកម្ពុជា Fiyata នៅក្នុងវគ្គនីមួយៗ អោយប្រជាជនកម្ពុជានិងពិភពលោកបានដឹង ព្រោះនេះជាផេកផ្លូវការ តំណាងអោយកម្ពុជា ក្នុងខណ:ពេលនេះត្រូវសាមគ្គីគ្នាកុំអោយប្រទេសជាប់របងគេមេីលងាយព្រោះ Fiyata បានជាទៅដល់ប្រទេសគេហេីយ ជាន់ឆាកគេហេីយ ចាំចប់កម្មវិធីចាំឈ្លោះគ្នាឯងតទៀតទៅ។ ឯណាសំលេងវិជ្ជមាន គាំទ្រស្រ្តី និងមាតា ដែលអ្នកាន់កម្មវិធីតែងតែស្រែកកោកៗនោះ?This is the platform to support our Woman to raise her voice, not holding her back. Gather your senses and finish what you have started.»។
បញ្ហាចម្រូងចម្រាសរវាងម្ចាស់ភាគហ៊ុន Miss Universe Cambodia បានជះឥទ្ធិពលខ្លាំងដល់ម្ចាស់មកុដ Miss Universe Cambodia 2025 រហូតមុនការចេញទៅប្រកួតប៉ុន្មានថ្ងៃ មានលិខិតជូនដំណឹងលែងបញ្ជូនបេក្ខភាពចេញទៅប្រកួតថែមទៀតផង។ ជាការឆ្លើយតប ថៃ នារីសុជាតា ក៏បានឲ្យក្រុមមេធាវីរបស់ខ្លួន ចេញលិខិតផ្លូវច្បាប់ បញ្ជាក់ពីភាពស្អាតស្អំ ព្រមទាំងជំហរចេញទៅប្រកួតនៅថៃឲ្យបានទៀតផង។
ដូចនេះហើយទើបផេកផ្លូវការ Miss Universe Cambodia លែងមានការបង្ហោះអ្វីពាក់ព័ន្ធនឹងការប្រកួតរបស់បវរកញ្ញាកម្ពុជា ថៃ នារីសុជាតា អំឡុងពេលចេញទៅប្រកួតកម្មវិធី Miss Universe លើកទី៧៤ ដែលកំពុងរៀបចំឡើ់ងនៅប្រទេសថៃ។
ការលើកឡើងរបស់ អេដា ក្នុងពេលនេះបានធ្វើឱ្យមហាជនអ្នកតាមដានវិស័យបវរកញ្ញាគាំទ្រជាខ្លាំង ខណៈនេះជាចំណុចរសើប និងមិនគួរបណ្ដែតបណ្ដោយបន្តទៀតនោះឡើយ ហើយក៏សង្ឃឹមថាស្ថាប័ន Miss Universe Cambodia គិតគូរចំពោះចំណុចទាំងអស់ខាងលើនេះ៕




រូបភាព ៖ Fiyata & Adda Angel























Account
Security
Favourite Content