ក្រោយពីខកខនជួបជុំគ្នាអស់ពេល ១៤ឆ្នាំ Baby V.O.X ក្រុមចម្រៀងនារីខេប៉ុបល្បីឈ្មោះកាលពីឆ្នាំ ៩០ ឡើងសម្ដែងជាថ្មីម្ដងទៀតនៅលើវេទិកា 2024 KBS Song Festival កាលពីថ្ងៃទី២០ ខែធ្នូកន្លងទៅនេះ។

ទោះរំលងទៅច្រើនឆ្នាំហើយក្ដី ដែលក្រុមច្រៀងខេប៉ុបជំនាន់ទី១ មួយនេះមិនបានចេញចម្រៀងថ្មីជុំគ្នា តែប្រជាប្រិយភាពរបស់សមាជិកម្នាក់ៗនៅតែមានកម្រិតខ្លាំង។ ជាក់ស្ដែង វីដេអូដែលអ្នកទាំង ៥ ឡើងច្រើងបទ Get Up និង Coincidence នៅក្នុងកម្មវិធីតន្ត្រីប្រចាំឆ្នាំរបស់ស្ថានីយទូរទស្សន៍ KBS កាលពីពេលថ្មីៗនេះ ចំណាយពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ដើម្បីទទួលបានចំនួនអ្នកចូលទស្សនារហូតដល់ទៅ ២.២លាននាក់។
នេះជាការសម្ដែងជុំក្រុមលើកទី១ ក្នុងរយៈពេល១៤ឆ្នាំ ក្រោយពីសមាជិកម្នាក់ៗបានបំបែកផ្លូវគ្នាទៅបំពេញការងារររៀងៗខ្លួនក្នុងគ្រាកន្លងមក ដោយក្រុមចម្រៀងនារី Baby V.O.X បានរៀបរាប់ថា វាមិនមែនជារឿងងាយស្រួលនោះទេសម្រាប់ពួកនាងក្នុងការត្រឡប់មកចាប់មេក្រូច្រៀងរាំម្ដងទៀត ក្រោយពីសម្រាកអស់ពេលជាយូរឆ្នាំ។
ជាក់ស្ដែង Yoon Eun Hye បានលើកឡើងពីការហាត់សមសម្រាប់ការឡើងឆាកលើកនេះថា៖ “យើងបានចំណាយពេលហ្វឹកហាត់ជុំគ្នានៅពេលយប់រហូតដល់ទៅ២សប្ដាហ៍ ហើយខ្ញុំគិតថា ខ្ញុំនឹងត្រូវនឹកមិត្តរួមក្រុមម្ដងទៀតហើយបន្ទាប់ពីការសម្ដែងនេះចប់”។
ទន្ទឹមគ្នានេះ សមាជិកម្នាក់ទៀត Kan Mi Youn បានថ្លែងអំណរគុណថា៖ “អរគុណ KBS Song Festival ដែលអនុញ្ញាត្តឱ្យយើងមានពេលវេលាល្អៗជុំគ្នាម្ដងទៀត មិនថាសើច យំ និងការហាត់សមរួមគ្នានោះទេ”។

សូមរំឭកផងដែរថា Baby V.O.X បានចាប់ផ្ដើមអាជីពការងាររបស់ខ្លួនកាលពីឆ្នាំ ១៩៩៧ និងជាក្រុមចម្រៀងនារីដំបូងៗដែលបាននាំយកភាពល្បីល្បាញពីអ្នកស្ដាប់អន្តរជាតិជាច្រើនរូបចូលមកក្នុងវិស័យតន្រ្តីរបស់កូរ៉េខាងត្បូង ជាពិសេសគឺអ្នកគាំទ្រមកពីប្រទេសចិនតែម្ដង។
រយៈពេលជិត ១០ឆ្នាំក្នុងវិស័យខេប៉ុប Baby V.O.X បានចេញអាល់ប៊ុមសរុបចំនួន ៧ ជាមួយនឹងបទល្បីៗជាច្រើន ដូចជា Shee, Killer និងបទ Missing You មុននឹងអ្នកទាំង ៥សម្រេចចិត្តបញ្ឈប់សកម្មភាពក្រុមនៅក្នុងឆ្នាំ ២០០៦៕




















































Account
Security
Favourite Content