យុវតី ហ៊ុន សារ៉ាត់ឧស្សាហ៍ ជាតារាម៉ូដែលលេចធ្លោម្នាក់ក្នុងក្រុមតារាម៉ូដែលរបស់ អូលីវ៉ា គង់ ដោយជារឿយៗគេរមែងឃើញម៉ូដែលរូបស្រស់នេះ បញ្ចេញសមត្ថភាពដើរបង្ហាញម៉ូដក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិ តាមរយៈការជ្រើសរើសផ្ទាល់ពីម្ចាស់ប្រេន KALKIN។

ឆ្នាំ ២០២៣ ចាត់ទុកថាជាឆ្នាំដ៏ពិសេសសម្រាប់ ឧស្សាហ៍ ដោយម៉ូដែលវ័យក្មេងនេះ ទទួលបានឱកាសចេញទៅដើរបង្ហាញម៉ូដលើឆាកអន្តរជាតិជាបន្តបន្ទាប់ សូម្បីតែព្រឹត្តិការណ៍ជាតិធំៗក៏នាងមានមុខជាមួយរៀមច្បងផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងកម្មវិធីដើរម៉ូដ ASIA FASHION RUNWAY COLLECTION នៅម៉ាឡេស៊ីថ្មីៗនេះ ឧស្សាហ៍ ថែមទាំងទទួលបានពានរង្វាន់ Asia Junior Model Award ជាពានដ៏ពិសេសដែលមានតែមួយគត់ក្នុងកម្មវិធីដើរម៉ូដលំដាប់អន្តរជាតិនេះ។
អ្នកច្នៃម៉ូដ អូលីវ៉ា គង់ បានឱ្យដឹងថា យុវតី ហ៊ុន សារ៉ាត់ឧស្សាហ៍ ជាតារាម៉ូដែលតែម្នាក់គត់ក្នុងចំណោមតារាម៉ូដែលមកពីបណ្តាប្រទេសផ្សេងៗ ដែលទទួលបានពានរង្វាន់ពិសេសនេះពីកម្មវិធី ASIA FASHION RUNWAY COLLECTION ហើយនាងក៏ជាតារាម៉ូដែលកម្ពុជាតែម្នាក់គត់ដែលទទួលបានពាន Asia Junior Model Award ជាលើកដំបូង។ នេះពិតជាកិត្តិយសដ៏ធំធេងសម្រាប់តារាម៉ូដែលកម្ពុជាយើង ដែលមានសមត្ថភាពអាចឆាបយកចិត្តទស្សនិកជនឱ្យបោះឆ្នោតគាំទ្ររូបថតនាងបាន។


ពានរង្វាន់ Asia Junior Model Award ដែលទទួលបាននេះ ជារឿងដ៏ចៃដន្យបំផុត សូម្បី សារ៉ាត់ឧស្សាហ៍ ជាសាមីខ្លួនក៏ពុំដឹងសោះឡើយថា ខ្លួនឯងអាចទទួលបានពានរង្វាន់នេះ រហូតត្រូវប្រកាសឱ្យឡើងទទួលពានទើបដឹងខ្លួន។ ម៉ូដែលវ័យក្មេងរូបនេះថា នាងពិតជាសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ដោយមិននឹកស្មានថាអាចឈ្នះពាននេះទេ ព្រោះមានតារាម៉ូដែលមកពីប្រទេសផ្សេងច្រើនមែនទែនដែលគេបើកឱ្យបោះឆ្នោះគាំទ្រនោះ។





ឧស្សាហ៍ បញ្ជាក់ថា ពានរង្វាន់នេះគឺគេផ្តល់ឱ្យយើងតាមរយៈការបោះឆ្នោតគាំទ្រ (Vote) ក្នុងវេបសាយរបស់គេ ហើយអ្នកទទួលបានសំឡេង vote ច្រើនជាងគេនឹងជាអ្នកឈ្នះ។ បន្ទាប់ពីទទួលពានពានរង្វាន់នេះ ឧស្សាហ៍ ប្តេជ្ញាខិតខំពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែល្អ ដើម្បីមានឱកាសចេញទៅដើរម៉ូដលឆាកអន្តរជាតិបន្ទាប់ទៀត ហើយឆ្លៀតឱកាសនេះក៏សូមអរគុណដល់លោកគ្រូ អូលីវ៉ា ដែលតែងតែផ្តល់ឱកាសឱ្យរូបនាង និងតារាម៉ូដែលកម្ពុជាផ្សេងៗទៀតបានដើរលើឆាកអន្តរជាតិ និងបានបង្ហាញឱ្យពិភពលោកស្គាល់ពីស្នាដៃសិល្បៈវប្បធម៌ ការច្នៃម៉ូដ និងភាពក្លាហានរបស់តារាម៉ូដែលកម្ពុជាយើង៕























Account
Security
Favourite Content