ស្រលាញ់ប្រុសដូចគ្នា គួរប្រាប់អ្នកផ្ទះថាម៉េច? ប្រលោមលោកខ្លី រឿង ៖ ដរាបណា យើង…! (វគ្គ ១)

ម្តាយរបស់ខ្ញុំមិនចូលចិត្តមនុស្សស្រលាញ់ភេទដូចគ្នាទេ ហើយខ្ញុំលាក់បាំងគាត់មករហូត…!

អំឡុងខែមីនាឆ្នាំមុន (២០១៨) ខ្ញុំនៅចាំច្បាស់ថាមានពេលល្ងាចមួយម៉ាក់របស់ខ្ញុំបានដើរចូលមកក្នុងបន្ទប់ខ្ញុំនិយាយរឿងខ្ញុំគិតតែពីសំងំក្នុងបន្ទប់មិនចុះទៅក្រោមជួយមើលហាងលក់សម្ភារៈសិក្សា រួចក៏ឆ្លៀតរអ៊ូរទាំរឿងខ្ញុំមិនចេះសំអាតរៀបចំទុកដាក់អីវ៉ាន់ឱ្យមានរបៀប មួយថ្ងៃៗរវល់តែចុចទូរស័ព្ទ លេងហ្គេមអត់ប្រយោជន៍ ហើយបើមិនអីចឹងទេដើរលេងមានស្រីដាច់យប់…។ ដើមខែមីនាឆ្នាំនេះ ខ្ញុំចូលមកសំអាតបន្ទប់របស់គាត់ម្តង ទោះបីជាគាត់មិនបានប្រើឱ្យខ្ញុំធ្វើ ទោះបីជាគាត់មិនបានរអ៊ូរទាំដាក់ខ្ញុំក៏ដោយ ហើយបើទោះបីជាចង់លឺក៏លែងបានលឺទៀតដែរ។

ខ្ញុំឈរមើលបរិវេនផ្ទៃបន្ទប់របស់ម៉ាក់ទាំងនឹកស្រណោះមួយសន្ទុះ មុននឹងលើកគំនូរមួយផ្ទាំងដែលគាត់ស្រលាញ់ជាងគេគឺរូបមនុស្សពីរនាក់ជិះទូកក្នុងបរិយាកាសអួរអាប់ ក៏នឹកដល់យប់មួយពេលដែលលោកប៉ាមិននៅផ្ទះ។ យប់នោះ ខ្ញុំឈឺក្បាលខ្លាំងក៏ដើរមករកម៉ាក់នៅបន្ទប់របស់គាត់។ ខ្ញុំឃើញម៉ាក់កំពុងតែអង្គុយបែរខ្នងទល់មុខផ្ទាំងគំនូរនេះក្នុងផ្ទៃបន្ទប់ដែលមានពន្លឺភ្លើងពណ៌ក្រហមស្រាល ដោយគាត់អង្គុយមើលវាយ៉ាងស្ងៀមស្ងាត់ហាក់ដូចជាលង់អារម្មណ៍យ៉ាងជ្រៅ…។ នៅចំហៀងខាងស្តាំដៃគាត់មានក្រដាសរ៉ាមទំហំ A3 មួយសន្លឹកប្រឡាក់ដោយពណ៌ផាត់ទឹកដែលមើលមួយភ្លែតមិនដឹងថាជារូបអ្វីនោះទេ។ ខ្ញុំមិនបានគិតអីវែងឆ្ងាយទេកាលនោះ ហើយក៏ហៅគាត់ដើម្បីប្រាប់ពីអការៈរបស់ខ្ញុំ។ ម៉ាក់ស្រវ៉ាមកសួរនាំនិងស្ទាប់ស្ទង់កំដៅ រកថ្នាំឱ្យខ្ញុំលេប ហើយបើសិនជាមិនបានធូរស្រាលគាត់នឹងនាំខ្ញុំទៅពេទ្យ។ ខ្ញុំគេងនៅក្នុងបន្ទប់ម៉ាក់រហូតដល់បានធូរស្បើយ ស្របពេលដែលគាត់នៅចាំមើលថែខ្ញុំជានិច្ច។ ព្រឹកឡើងខ្ញុំភ្ញាក់ពីដេក ចំពេលគាត់ដើរចូលមក សួរនាំអការៈខ្ញុំដែលបានជាសៈស្បើយរួច គាត់ក៏ប្រាប់​ឱ្យខ្ញុំយកគំនូរមនុស្សពីរនាក់ជិះទូកទៅទុកឬតាំងនៅក្នុងបន្ទប់ខ្ញុំវិញ ព្រោះបន្ទប់គាត់ចង្អៀតណាស់…។

គំនូរមួយផ្ទាំងនោះត្រូវបានដាក់តាំងនៅក្នុងបន្ទប់របស់ខ្ញុំរហូតមក ហើយឥឡូវគិតថាយកមកដាក់តាំងក្នុងបន្ទប់របស់ម៉ាក់វិញ តែកំពុងរកកន្លែងណាដែលសក្ដិសម។ បន្ទប់ដែលជាអតីតកម្មសិទ្ធិរបស់ប៉ានិងម៉ាក់ ឥឡូវវាក្លាយជាបន្ទប់ដាក់អីវ៉ាន់របស់ម៉ាក់វិញហើយ។ ខ្ញុំគឺជាអ្នកទទួលខុសត្រូវរៀបចំបន្ទប់នេះ ព្រោះអ្នកផ្ទះរបស់ខ្ញុំមានលោកប៉ា បងប្រុសបងស្រី និងប្អូនស្រីពៅសុទ្ធតែជាអ្នករវល់រឿងការងារនិងរៀនសូត្រ ទំនេរក៏ឆ្លៀតមកជួយសំអាតម្តងម្កាលដែរ។ ខ្ញុំក៏រវល់ដែរក៏ប៉ុន្តែខ្ញុំចាត់ទុកការងារនេះជាអទិភាព ខ្ញុំសប្បាយចិត្តបំផុតពេលបានធ្វើការងារទាំងនេះ ហើយរបស់របរប្រើប្រាស់ជាទីស្រលាញ់របស់ម៉ាក់ខ្ញុំជាអ្នករក្សាវាទុក។ អ្នកស្គាល់ខ្ញុំគ្រប់គ្នាតែងតែនិយាយថាមានតែខ្ញុំម្នាក់គត់ដែលកាត់ទៅខាងម៉ាក់ជាងគេដោយសារខ្ញុំមានចំណង់ចំណូលចិត្តច្រើនខាងផ្នែកសិល្បៈ។ ខ្ញុំចូលចិត្តគូររូប លេងតន្រ្តី ពេលខ្លះដើរក៏រាំងូតទឹកក៏ច្រៀង រៀនខាងឌីសាញក៏រៀងពូកែដែរ ហើយខ្ញុំជំនាញគូរប្លង់នៅក្នុងកុំព្យូទ័រច្រើនជាងគូរលើក្រដាស។

ខ្ញុំកំពុងឈរមើលផ្ទៃជញ្ជាំងក្នុងបន្ទប់ថាតើគួររៀបចំដាក់រូបថតណាខ្លះនៅជ្រុងណា រូបគំនូរនៅខាងណា

            “សៀ?”

ពេលនោះក៏លឺសម្លេងលោកប៉ា ស្រែកហៅខ្ញុំពីក្នុងបរិវេនផ្ទះ

            “បាទ ប៉ា!”

            “ចុះមកញ៉ាំបាយសិន ចាំរៀបចំបន្តទៀត…”

            “បាទ!”

ខ្ញុំបាទឈ្មោះ សុក្រ កក្កដា ហៅក្រៅថា សៀ កើតនៅឆ្នាំ១៩៩៦ ជាកូនទី៣ នៅក្នុងគ្រួសារមួយដែលមានឪពុកជាគ្រូបង្រៀន ហើយនៅផ្ទះរកស៊ីបើករោងពុម្ភផង និងលក់សម្ភារៈសិក្សាផងនៅម្តុំវិទ្យាល័យបាក់ទូកបន្តជំនាន់ពីខាងឪពុកតាំងពីដូនតាមក។ ដោយឡែកម៉ាក់របស់ខ្ញុំគឺជាអ្នកខេត្តសៀមរាប ជាកូនស្រីច្បងនៅក្នុងគ្រួសារមួយដែលរកស៊ីលក់វត្ថុអនុស្សាវរីយ៍និងផ្ទាំងគំនូរ។ បើនិយាយពីជំនាញបោះពុម្ភវិញខ្ញុំមានបទពិសោធន៍ច្រើនដែរ ហើយខ្ញុំទើបហ្នឹងរៀបចប់បានមួយជាងឆ្នាំខាងផ្នែកឌីសាញជំនាញគំនូរសារគមនាគមន៍ និយាយឱ្យស្រួលស្តាប់ទៅគឺផ្នែករចនាក្រាហ្វិកហ្នឹង​ឯង។

ខណៈខ្ញុំចុះពីជាន់លើក្នុងផ្ទះមកកាន់តុញ៉ាំបាយ ដែលមានលោកប៉ា បងស្រីនិងប្អូនស្រីខ្ញុំចូលរួម ប៉ានិយាយប្រាប់កូនៗថា ស្អែកពេលព្រឹកព្រលឹម បងប្រុសធំរបស់ខ្ញុំដែលមានប្រពន្ធបែកផ្ទះផ្សេងតាំងពីឆ្នាំ២០១៥ មកនឹងមកទទួលពួកខ្ញុំទៅសៀមរាបជាមួយគ្នា ដើម្បីធ្វើបុណ្យរំលឹកខួបមួយឆ្នាំឱ្យម៉ាក់។ លឺការសន្ទនានេះហើយ វាធ្វើឱ្យខ្ញុំនឹកដល់គ្រាកាលដែលម៉ាក់នៅមានជីវិត…។

នៅលើបណ្តោយផ្លូវ Charles De Gualle ភ្ជាប់នឹងផ្លូវទៅព្រលានយន្តហោះនៅខេត្តសៀមរាបមានផ្ទះមួយខ្នងក្នុងចំណោមផ្ទះអ្នកស្រុកឯទៀតគឺជាផ្ទះលោកយាយខាងម៉ាក់របស់ពួកយើង។ កាលពីពួកយើងនៅក្មេងៗគ្រួសារយើងឧស្សាហ៍ជុំគ្នាទៅលេងផ្ទះលោកយាយណាស់។ រៀងរាល់រដូវបុណ្យចូលឆ្នាំថ្មីម្តងៗ ខ្ញុំនិងបងប្អូនប្រុសស្រីរួមទាំងប៉ាម៉ាក់តែងរៀបចំអីវ៉ាន់បិទហាងជុំគ្នាមួយថ្ងៃឬពីរថ្ងៃមុនយ៉ាងសប្បាយរីករាយ មុននឹងចេញដំណើរទៅខេត្តសៀមរាប។ នៅទីនោះ ម៉ាក់ក៏មានផ្ទះមួយខ្នងដែលលោកយាយនិងលោកតាបានចែកឱ្យសម្រាប់ពួកយើងពេលទៅស្នាក់នៅដែរ តែភាគច្រើនយើងតែងទៅគេងនៅផ្ទះយាយតាជុំគ្នា។ បងប្អូនសាច់ញាតិឯទៀតបានមកជួបជុំធ្វើបាយម្ហូបញ៉ាំ ដោយម៉ាក់តែងតែធ្វើម្ហូបដូចជាបុកមាន់ ទសប្រហុក ហើយពួកយើងទៅវត្តជុំគ្នាជាដើម។

ម៉ាក់តែងជាអ្នកនាំខ្ញុំ និងបងស្រីទៅដើរលេងតាមប្រាសាទ បើមិនអីចឹងទេ ពួកយើងដើរលេងទៅតាមបណ្តាខេត្តនានាក៏មាន។ មិនថាទៅដើរលេងកន្លែងណាលោកប៉ា បងប្រុសនិងប្អូនស្រីពៅចូលចិត្តតែអង្គុយមួយកន្លែងញ៉ាំអីលេង មិនសូវចូលចិត្តដើរដូចពួកយើងបីនាក់ទេ។ នៅសៀមរាប ម៉ាក់ប្រៀបបីដូចជាអ្នកនាំភ្ញៀវម្នាក់អីចឹងដែរ គាត់ដឹងរឿងរ៉ាវប្រវត្តិសាស្រ្តច្រើនគួរសម ហើយតែងលើកទឹកចិត្តឱ្យពួកយើងខិតខំរៀនពីប្រវត្តិប្រាសាទបុរាណទាំងនោះ។ ម៉ាក់ក៏ចេះគូររូបដែរដូចបានដឹងហើយ តែមិនមែនជាអ្នកជំនាញនិងបានបោះបង់អាជីពនៃក្តីស្រម៉ៃមួយនេះតាំងពីអាយុ ១៩ ពេលរៀបការជាមួយប៉ា។

អនុស្សាវរីយមួយនេះបានចាប់ផ្តើមស្ថិតនៅក្នុងការចង់ចាំរបស់ខ្ញុំតាំងពីខ្ញុំទើបតែអាយុប្រមាណជា ៥ឆ្នាំមកម្ល៉េះ ហើយពេលវេលានោះបានបន្តរហូតដល់ខ្ញុំមានអាយុប្រមាណជា ២០ឆ្នាំ ព្រោះវាបានក្លាយជាឆ្នាំចុងក្រោយដែលពួកយើងលែងបានទៅលេងស្រុកកំណើតរបស់ម៉ាក់ជុំគ្នា។

ការប្រែប្រួលនេះមិនបានទើបតែចាប់ផ្តើមកើតឡើងនៅឆ្នាំហ្នឹងទេ គឺនៅមុនពេលនោះទៅទៀត នៅពេលដែលបងប្រុសធំរបស់ខ្ញុំគាត់បានរៀបការ ហើយពួកគាត់ក៏ចាប់ផ្តើមទៅលេងផ្ទះខាងប្រពន្ធនៅខេត្តកំពង់ចាមរៀងរាល់រដូវបុណ្យទានចាប់តាំងពីពេលនោះមក។ មិនយូរប៉ុន្មានបន្ទាប់ពីបងប្រុសចេញទៅរស់នៅជាលក្ខណៈគ្រួសារថ្មី បងស្រីរបស់ខ្ញុំក៏ទទួលបានអាហាររូបករណ៍ទៅរៀននៅបរទេសពីរឆ្នាំ។ ពួកយើងចាប់ផ្តើមចែកផ្លូវគ្នាដើរ ហើយខ្ញុំនិងម៉ាក់ជាមនុស្សតែពីរនាក់គត់ដែលបន្តទៅលេងសៀមរាបជាមួយគ្នានៅបីឆ្នាំចុងក្រោយ មុនពេលគាត់បានចែកឋានទៅទាំងមិនគួរឱ្យជឿ។ ខ្ញុំនៅមិនទាន់អាចរៀបរាប់ពីទិដ្ឋភាពនោះបានទេ ព្រោះវាបានធ្វើបាបផ្លូវចិត្តរបស់ខ្ញុំខ្លាំងណាស់ក្នុងគ្រានោះ ហើយរបួសមួយនេះក៏នៅមិនទាន់ជាសៈស្បើយនៅឡើយ…

…ខ្ញុំមិនអាចបំភ្លេចបានទេនូវពេលវេលាបីឆ្នាំចុងក្រោយដើរកម្សាន្តជាមួយម៉ាក់ ម៉ាក់តែងនាំខ្ញុំទៅកន្លែងប្លែកៗ ហាក់ដូចជាចង់ចែករំលែកអនុស្សាម្យ៉ាងរបស់គាត់មកដល់ខ្ញុំ ហើយក៏ជាពេលវេលាដែលបណ្តាលឱ្យខ្ញុំបានជួបនឹងមនុស្សប្រុសម្នាក់ផងដែរ…។

ម៉ាក់ជាមនុស្សម្នាក់ដែលយល់ចិត្តខ្ញុំជាងអ្នកណាទាំងអស់មិនថានៅក្នុងគ្រួសារនៅសាលារៀន ឬនៅជុំវិញបរិយាកាសនេះទាំងមូល។ មានគំនូរជាច្រើនដែលម៉ាក់របស់ខ្ញុំបានគូរភាគច្រើនជាគំនូរចំរុះពណ៌យ៉ាងមានអត្ថន័យ គំនូរខ្លះដាក់លក់ ខ្លះក៏រក្សាទុក។ ដូចបានដឹងស្រាប់ម៉ាក់ជាអ្នកឱ្យខ្ញុំរក្សាទុកព្រោះមើលទៅគាត់ហាក់ដូចជាទុកចិត្តខ្ញុំជាងគេយ៉ាងម៉េចមិនដឹងទេ តែគាត់គ្រាន់តែថាគាត់ដឹងថាខ្ញុំស្រលាញ់វា ដូច្នេះខ្ញុំនឹងចេះថែរក្សាការពារវា ព្រោះគាត់ដឹងថាមានគំនូរមួយផ្ទាំងជាកម្មសិទ្ធរបស់ខ្ញុំដែលគ្មានអ្នកណាប៉ះពាល់វាបានវាមានឈ្មោះថា Until…ជាឈ្មោះដែលខ្ញុំគិតថាអ្នកគូរចេះតែដាក់ឱ្យតែបាន។

ទោះបីជាខ្ញុំ និងគាត់រៀងស្និទ្ធស្នាលជាងគេមែន ក៏ប៉ុន្តែខ្ញុំមានរឿងមួយដែលនៅទីបំផុតខ្ញុំមិនអាច មិនមែនមិនអាចទេ គឺបាត់បង់ឱកាសចែករំលែករឿងនេះជាមួយគាត់ ព្រោះខ្ញុំបានដឹងមកថាគាត់មិនចូលចិត្តមនុស្សស្រលាញ់ភេទដូចគ្នាទេ។ គាត់តែងតែបញ្ឈប់គ្រប់គ្នាមិនឱ្យនិយាយពីរឿងនោះ កាលណាប្រធានបទជជែករបស់ពួកយើងនិយាយអំពី LGBTIQ+។ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ កាលពីគាត់នៅមានជីវិត ខ្ញុំគួរណាស់តែហ៊ាននិយាយ ដើម្បីឱ្យដឹងថាតើគាត់នឹងមានប្រតិកម្មបែបណា ហើយខ្ញុំប្រហែលជាមានឱកាសបានជំនៈលើរឿងមួយនេះ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ តើខ្ញុំអាចធ្វើអ្វីបានទៅ ខ្ញុំគួរនិយាយទៅកាន់ដួងវិញ្ញាណរបស់គាត់ថាម៉េច បើខ្ញុំចង់បន្តទំនាក់ទំនងមួយនេះ…? តើគាត់នឹងអធ្យាស្រ័យឱ្យខ្ញុំទេ?

…………………………………….

ខែមីនាឆ្នាំនេះ (២០១៩) បន្ទាប់ពីបញ្ចប់បុណ្យរំលឹកខួបមួយឆ្នាំរបស់គាត់នៅសៀមរាបរួចហើយ ខ្ញុំសម្រេចចិត្តថាបន្តស្នាក់នៅសៀមរាបតែម្នាក់​ឯងរហូតដល់ចប់ចូលឆ្នាំខ្មែរ។ ប្អូនស្រីខ្ញុំក៏ចង់នៅបន្តដែរ តែដោយសារវាជាឆ្នាំប្រលងទី១២របស់នាង ទើបប៉ានាំនាងមកភ្នំពេញមុន។ ចំណែកបងប្រុសស្រីរបស់ខ្ញុំក៏ចាកចេញពីសៀមរាបក្នុងថ្ងៃតែមួយជាមួយប៉ាដូចគ្នាដែរ។

…………………………..

រសៀលថ្ងៃនោះ ខ្ញុំក៏ជិះកង់ដើរលេងកម្សាន្តរំសាយអារម្មណ៍ រួចនឹកដល់កន្លែងមួយនៅក្នុងបរិវេនប្រាសាទតាព្រហ្មផ្លូវសំដៅទៅកាន់ដើមស្ពង់ កន្លែងដែលធ្វើឱ្យខ្ញុំបានជួបនឹងមនុស្សប្រុសម្នាក់ដែលខ្ញុំបាននិយាយលើកមុន គឺពួកយើងទាំងពីរបានទាក់ទងគ្នាអស់រយៈពេលប្រហែលមួយឆ្នាំ មុនពេលខ្ញុំសម្រេចចិត្តបោះបង់ទំនាក់ទំនងមួយនេះចោល ដោយសារយល់ឃើញថាវាមិនអាចទៅរួចនោះទេ។ គាត់មានឈ្មោះថា សត្យា អាយុច្រើនជាងខ្ញុំ ៣ឆ្នាំ ជាបុរសមានរូបរាងសង្សារមាឌមាំរាងខ្ពស់ស្រឡះហើយពូកែញញឹមយ៉ាងមានមន្តស្នេហ៍ និងជាមនុស្សស្រលាញ់សិល្បៈដូចជាខ្ញុំដែរ។

ត្រឡប់ទៅកាលពីពីរឆ្នាំមុន (២០១៧) ថ្ងៃនោះក្រោយពីទៅទទួលម៉ាក់មកពីផ្សារវិញជាមួយលោកយាយ ពួកគាត់ក៏នាំគ្នារៀបចំទុកដាក់ត្រៀមទទួលទេវតាឆ្នាំថ្មី និងសម្រាកនៅផ្ទះមិនទៅណាទៀតទេ ខ្ញុំក៏សុំម៉ាក់ដើរលេងហើយមកកាន់ប្រាសាទនេះ។ ពេលខ្ញុំដើរចុះឡើងក៏បានជួបនឹងបងសត្យាជាលើកទី១ ដែលកាលនោះគាត់គឺជាជាងគំនូរដែលគូររូបបណ្តើរលក់គំនូរបណ្តើរ។ នេះជាលើកទី១ដែលខ្ញុំមានអារម្មណ៍ចម្លែក ឃើញសកម្មភាពគាត់អង្គុយគូររូបបានទាក់ទាញចិត្តខ្ញុំតែម្តង ជាអារម្មណ៍ដែលខ្ញុំមិនធ្លាប់មានហើយមិននឹកស្មានថាខ្ញុំមានអារម្មណ៍រំភើបបែបមិនដឹងពន្យល់ថាម៉េច…

…ខ្ញុំមិនមែនជាសុភាពបុរសអីនោះទេ ដើរលេងរាំច្រៀងចូលក្លឹបមានសង្សារជាមនុស្សស្រីពីមុនមករៀងច្រើនគួរសមដែរ តែមិនដែលច្បាស់លាស់ជាមួយនឹងអ្នកណាម្នាក់ទេ ហើយទំនាក់ទំនងបែបនេះ មិនដែលស្ថិតក្នុងបេះដូងរបស់ខ្ញុំជាប់លាប់បានយូរទាល់តែសោះ។

…អ្នកដើរលេងទាំងឡាយ អាចប្រហែលធ្លាប់ជួបគាត់ ឬជាងគំនូរឯទៀតដែរហើយមើលទៅ ហើយគំនូរពួកគាត់ភាគច្រើនមានតែប្រហែលបួនដប់សន្លឹកទំហំធំជាងក្រដាស A3 បន្តិចប៉ុណ្ណោះពេលដាក់លក់ម្តងៗ។ ពេលនោះ ខ្ញុំបានឈរមើលគាត់កំពុងផ្ចង់គូររូបមួយសន្ទុះ ខណៈអ្នកទេសចរប្រុសស្រីឯទៀតក៏ឈប់មើលគាត់មួយភ្លែតដែរ។ មាននារីៗពីរបីនាក់ឈរមើលហើយក៏ដើរហួសទៅតែបកក្រោយមកវិញបន្ទាប់ពីស្រុះស្រួលគ្នាជាមួយមិត្តមកទិញគំនូរពីគាត់។ នៅក្បែរបងសត្យាកាលនោះមានក្មេងស្រីម្នាក់ទៀត អាយុប្រហែលជា១២ ទៅ១៣ឆ្នាំនៅចាំជួយលក់ និងរៀបចំគំនូរឱ្យទៅអតិថិជន នាងមានឈ្មោះថា នីតា ជាប្អូនស្រីបង្កើតរបស់គាត់។ ខ្ញុំចាប់អារម្មណ៍នឹងឥរិយាបថគាត់កាន់តែខ្លាំងនៅពេលឃើញគាត់សន្ទនាជាមួយអ្នកទិញដោយទឹកមុខញញឹម និងព្យាយាមស្តាប់នូវអ្វីដែលអ្នកទិញនិយាយ ដោយគាត់ហាក់ដូចជាមិនមែនលក់គំនូរជាមុខជំនួញដើម្បីរកតែប្រាក់ចំណូលតែមួយមុខទេ តែគាត់ដូចជាកំពុងតែរីករាយជាមួយនឹងការងារមួយនេះយ៉ាងពិតប្រាកដចេញពីចិត្ត និងចង់ចែករំលែកស្នាដៃសិល្បៈរបស់គាត់ទៅកាន់អ្នកដទៃយ៉ាងអីចឹង។​ គាត់និយាយទៅកាន់អ្នកទិញជានារីមានមុខមាត់ស្រស់សោភាម្នាក់ដែលសុំចុះថ្លៃគំនូររូបប្រាសាទតាព្រហ្មនាពេលរាត្រីមួយផ្ទាំង ថា

“គំនូរនឹងកាន់តែមានគុណតម្លៃអាស្រ័យលើម្ចាស់គំនូរយល់ពីវា និងចេះថែរក្សាវា។ លុយមិនអាចជាដែនកំណត់គុណតម្លៃវាទេ។ បងដឹងថាប្អូន​​ឯង​ឱ្យតម្លៃលើគំនូរនេះលើសពីតម្លៃដែលចង់ចំណាយ”

“…ចា៎ បើអីចឹង បង ហិហិ…ចុះថ្លៃឱ្យខ្ញុំបន្តិចទៀតមកណា៎។ ខ្ញុំនេះ មកដើរលេងជុំគ្នាជាមួយពួកម៉ាក plan ច្រើនឆ្នាំហើយបងអើយ ទំរាំបានមកជុំគ្នាម្តង លុយក៏អត់មានច្រើនដែរ បងឯងលក់ទៅបង”

បងសត្យា អស់សំណើចបន្តិចហើយក៏ងក់ក្បាល ពេលនោះនីតាក៏រៀបចំច្រកគំនូរដោយរុំឱ្យមូលដាក់ចូលក្នុងស្មុកធ្វើពីស្លឹកត្នោតប្រគល់ឱ្យនារីនោះ។ នារីនោះទទួលយកគំនូរយ៉ាងរីករាយហើយក៏ដើរទៅមុខបន្តទៀតជាមួយមិត្តភក្តិរបស់នាង…

 បន្ទាប់មកកន្លែងលក់របស់គាត់ហ្នឹងអត់មានភ្ញៀវទេ ខ្ញុំចង់ចូលទៅទិញតែអត់ហ៊ានចូលទៅសោះ ដូចឆ្កួតអីចឹង មានអារម្មណ៍ថាខ្លាចគេដឹងថាយើងចាប់អារម្មណ៍គេ ខ្លាចអកប្បកិរិយារបស់យើងហ្នឹងធ្វើ​ឱ្យគេដឹង…ខ្ញុំឈរគិតមួយស្របក់សិនថាគួរធ្វើយ៉ាងម៉េចអីចេស ធ្វើធម្មតាៗទៅមានទៅស្អី!!! តែមានអារម្មណ៍ថាពេលវេលាដើរលឿនមែនទែន។ ពេលនោះក៏មានអ្នកទេសចរបរទេសស្រីប្រុសវ័យចំណាស់ៗពីរនាក់ចូលទៅទិញគំនូររូបប្រាសាទអង្គរវត្តពីគាត់ ហើយទីបំផុតគំនូរនៅសល់តែមួយសន្លឹកគត់ និងគំនូរគាត់កំពុងគូរបង្ហើយមួយផ្ទាំងទៀត។ ក៏ប៉ុន្តែជនបរទេសទាំងពីរក៏ទិញយកមួយផ្ទាំងចុងក្រោយ។ ចប់បណ្តោយ!! រកទៅទិញដែរសិន នៅមួយផ្ទាំងកំពុងគូរហ្នឹងផង!

ពេលខ្ញុំដើរចូលទៅរកគាត់ គាត់បានចាប់ផ្តើមរៀបចំអីវ៉ាន់បាត់ទៅហើយ ហើយរើទាំងផ្ទាំងគំនូរកំពុងគូរហ្នឹងទៀត។ ខ្ញុំប្រញាប់សួរថា

            “បង អស់គំនូរនៅ?”

គាត់ងាកមកកាន់ខ្ញុំហើយក៏ញញឹមបែបចូលរួមសោកស្តាយ ថា

            “អូ៎ អស់បាត់ហើយ។ អស់បាត់ហើយហ្នឹង!”

សូរស័ព្ទរបស់គាត់ មិនខុសពីខ្ញុំប៉ុន្មាន គាត់បែបមិនមែនអ្នកសៀមរាបទេមើលទៅ?

            “លឿនម្ល៉េះ? ខ្ញុំថាចង់ទិញមួយសន្លឹកពីរអី…”

បងសត្យារៀងភាំង ហើយក៏ចាប់ផ្តើមគិត ខ្ញុំឆ្លៀតអើតមើលគំនូរនៅលើក្តារខៀនរបស់គាត់ តែគាត់ប្រញាប់លាក់វាដោយកាយវិកាបិតបាំង។ ខ្ញុំដកខ្លួនវិញទាំងមិនដឹងគិតយ៉ាងម៉េចមានតែដើរចេញ។ ខ្ញុំបម្រុងដើរចេញគាត់ក៏សួរថា

            “ចង់ទិញមែន?”

“អ៎ ហ្នឹងហើយ! បាទ!”

“អីចឹង ចាំខ្ញុំនាំទៅកន្លែងបងប្អូនខ្ញុំ គាត់មានលក់ ម៉ាកាណូ (មួយគំនរ)…”

ខ្ញុំនិយាយកាត់

“អត់អីទេបង នៅតាមផ្លូវមានគេលក់ហូរហែដែរ តែខ្ញុំអត់ចង់បានផង”

គាត់ងក់ក្បាលទាំងសោកស្តាយ

“ខ្ញុំមានគំនូរនៅផ្ទះពីរបីសន្លឹកដែរ តែមិនដឹងថាប្រូឯងចូលចិត្តឬក៏អត់?”

“អ៎…តែចុះបង​ឯងឈប់គូរហើយ?”

“បាទ ខ្ញុំគិតថាវារៀងល្ងាចដែរហើយ គូរក៏អត់ហើយដែរ ណាមួយភ្ញៀវគេ មិនចាំទិញទេ”

“ចុះហ្នឹងរូបអីគេដែរបង?”

“អូ នេះរូបអ្នកទេសចរម្នាក់ ឈរមើលប្រាសាទ ជាមួយម៉ាស៊ីនថត តែគូរមិនទាន់ហើយ”

ខ្ញុំមើលហើយ ឡើងចង់បាន

            “បងខ្ញុំចង់បានរូបហ្នឹង បងជួយគូរឱ្យហើយបានអត់?”

            “ចុះប្រូឯងអត់ទៅដើរលេងចូលទៅក្នុងទេ?”

            “អត់ទេបង”

ខ្ញុំឆ្លើយឡើងស្វ័យប្រវត្តិ ភ្លេចគិតសិន តែជ្រុលនិយាយហើយ និយាយឱ្យចប់ហ្មង

            “អ៎ ខ្ញុំ អត់…ខ្ជិលចូល ណាមួយឧស្សាហ៍មកសឹងអី! លើកហ្នឹង មកត្រឹមហ្នឹងក៏បាន”

នៅទីបំផុត ពួកយើងក៏នាំគ្នាមកអង្គុយនៅខាងមុខប្រាសាទទល់មុខច្រកចូលវិញ តែនីតាបានទៅផ្ទះមុន ហើយខ្ញុំរង់ចាំឱ្យគាត់គូរបង្ហើយ ដោយដើរលេងចុះឡើងប្រហែលជាមួយម៉ោង។ វាជារូបគំនូរដ៏ស្រស់ស្អាតហើយផ្ចិតផ្ចង់មួយ ខ្ញុំពិតជាស្រលាញ់គំនូរនេះខ្លាំងណាស់។ គាត់សម្លឹងមើលខ្ញុំដែលសម្លឹងមើលវាដោយទឹកមុខញញឹម ហើយខ្ញុំក៏សួរ

            “បង វាថ្លៃប៉ុន្មានដែរ?”

តែគាត់គ្រវីក្បាលទាំងញញឹម

            “ខ្ញុំឱ្យប្រូឯងជាកាដូទៅចុះ! មិនចាំបាច់យកលុយអីទេ”

            “អត់ទេបង! ខ្ញុំ…បងធ្វើអីចឹង មិនកើតទេ…បងជាអ្នកលក់…”

ខ្ញុំព្យាយាមយកលុយពីកាបូបមួយចំនួនហុចឱ្យគាត់ តែគាត់បែរជាគេចវេសទៅរៀបចំអីវ៉ាន់ ហើយដើរសំដៅទៅច្រកចេញចោលខ្ញុំ។ ខ្ញុំដើរតាមពីក្រោយ ទាំងហុចលុយឱ្យគាត់ដដែលៗ

            “បង នេះយកទៅ បងឱ្យខ្ញុំ វាមិនសមទេ”

            “បងថា បងឱ្យប្រូឯងជាកាដូ! The time you spend waiting for me is worth it.”

លឺគាត់និយាយយ៉ាងដូច្នោះ ខ្ញុំក៏តបអ្វីលែងចេញ។

មុនពេលដើរដល់ផ្លូវចេញ ពួកយើងបានជជែកគ្នាអំពីរឿងរ៉ាវផ្ទាល់ខ្លួនម្នាក់ៗបន្តិចបន្តូច មិនទាន់លំអិតអីទេ។ គាត់ថាគាត់ចូលចិត្តគូររូប តែវាមិនមែនជាអាជីពចំបងចិញ្ចឹមជីវិតរបស់គាត់នោះទេ។ គាត់គឺជា Freelance writer ផងជា Photojournalist ផង និងជាអ្នកស្រាវជ្រាវ project based លើប្រវត្តិសាស្រ្តខ្មែរផ្នែកសិល្បៈនៅមជ្ឈមណ្ឌលមួយប្រចាំខេត្តសៀមរាបផងដែរ។ គាត់ទើបនឹងរៀនចប់បានពីរឆ្នាំផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ ខ្ញុំសួរគាត់ថាម៉េចបានជាគាត់រៀនជំនាញហ្នឹង តែគាត់គ្រាន់តែនិយាយថាព្រោះគាត់ស្រលាញ់ការងាររបៀបអីចឹងៗ តែក្រោយមកគាត់ក៏រកឃើញថាគាត់ចូលចិត្តសិក្សាអំពីប្រវត្តិមនុស្សជាង និងចូលចិត្តអានសៀវភៅបែបចិត្តសាស្ត្រ។ ហើយក្រោយមកទៀតគាត់ក៏បានរកឃើញថាគាត់ស្រលាញ់ផ្នែកគំនូរខ្លាំងដែរ ព្រោះពេលគូររូបគាត់អាចស្រម៉ៃចេញនូវអ្វីដែលគាត់ចង់ឃើញ ជាពិសេសមនុស្សប្រុស។

ចេញមកដល់តាមផ្លូវ ខ្ញុំក៏ដើរទៅកាន់ចំណតរថយន្ត ចំណែកគាត់ជិះកង់ទៅផ្ទះគាត់ ដែលនៅម្តុំវត្តតាព្រហ្មមានជ័យ។ កាលនោះខ្ញុំចង់ធ្វើអ្វីម្យ៉ាង តែមិនដឹងស្អី ក៏នឹកឃើញបបួលគាត់ញ៉ាំបាយល្ងាចពីរនាក់ ព្រោះមានរឿងចង់ជជែកបន្តិច។ ចេញពីប្រាសាទតាព្រហ្ម ក៏នាំគ្នាមកញ៉ាំបាយនៅភោជនីយដ្ឋានម្តុំត្រង់ផ្លូវបំបែកប្លុក Tnout Restaurant។ នៅទីនោះ ពេលកំពុងញ៉ាំមាន់ដុត ខ្ញុំបានប្រាប់គាត់ថាខ្ញុំក៏ចូលចិត្តគំនូរដែរតែខ្ញុំជំនាញក្រាហ្វិកឌីសាញ ខ្ញុំជាកូនរបស់អ្នកលក់គំនូរសៀមរាបហ្នឹងដែរ។ គាត់ភ្ញាក់ផ្អើល និងអស់សំណើច តែយល់ពីខ្ញុំដោយគាត់និយាយថា

“ប្រូសៀឯងស្រដៀងខ្ញុំដែរ ខ្ញុំដើរទិញគំនូរដែលខ្ញុំស្រលាញ់ពីគេឯងដែរ តែខ្ញុំនៅតែគូរខ្លួនឯងហើយលក់ឱ្យគេ”

“ម៉េចបានបង មកគូរលក់អីចឹង បងលក់កន្លែងហ្នឹងជាប្រចាំ កន្លងមកខ្ញុំអត់ដែលឃើញបងសោះ ឃើញតែគេផ្សេង”

“ការពិតទៅ ដូចខ្ញុំនិយាយអីចឹង ខ្ញុំធ្វើការនៅកន្លែងស្រាវជ្រាវទេ តែខ្ញុំចូលចិត្តបរិយាកាសនេះ របៀបអង្គុយគូររូប ហើយខ្ញុំ ក៏…ចង់ដឹងថា គំនូរខ្ញុំ មានគេចូលចិត្តដែរឬក៏អត់? កន្លងមកខ្ញុំតែងទៅលេង និងគូររូបនៅតាមកន្លែងផ្សេងៗដែរហ្នឹង…។ ហីមួយទៀត ខ្ញុំក៏ចូលចិត្តថតរូបលេងហ្គីតា ចូលចិត្តសរសេររឿងខ្លះៗដែរ និងចូលចិត្ត…”

គាត់និយាយដល់ត្រឹមហ្នឹងក៏ឈប់និយាយសិន ព្រោះរវល់ងាកមកមើលខ្ញុំបេះសាច់ជាប់ឆ្អឹងមាន់។ គាត់បែបគិតថាខ្ញុំអត់បានស្តាប់គាត់ទេ តែខ្ញុំស្តាប់គាត់តើគ្រាន់តែស្តាប់បណ្តើរញ៉ាំបណ្តើរ។ ពេលខ្ញុំចាប់ហែកសាច់មាន់អត់បាន គាត់ក៏ជួយខ្ញុំ និងបេះយកស្លាបមាន់រួចហុចឱ្យខ្ញុំទាំងញញឹម

            “អរគុណបង!”

គាត់ក៏បន្តរឿងរ៉ាវរបស់គាត់យ៉ាងជាក់លាក់ថា

            “ខ្ញុំចូលចិត្តមនុស្សគ្រប់គ្នាទូទៅ តែខ្ញុំស្រលាញ់ តែមនុស្ស…ប្រុស!”

ខ្ញុំកំពុងខាំមាន់ ថារកទំពា​តែទំពាលែងកើត បឹះច្រឡំលេបទាំងមូលងួលងាប់ តែនឹកឃើញភ្ញាក់ស្មារតីឡើងវិញទាន់។ ខ្ញុំងាកមុខចេញ ហើយលួចទំពាទាំងដូចមានអារម្មណ៍ថាយ៉ាងម៉េចមិនដឹង ពិបាកក្នុងខ្លួន និងមិនដឹងតបទៅគាត់វិញថាម៉េច។ ខ្ញុំងាកយឺតៗបែរមកមើលគាត់វិញ តែបែជាឃើញគាត់ធ្វើធម្មតា ទាំងខ្ញុំឯណេះជ្រើមជ្រួលខុសរបៀប។ គាត់ចាក់ភេសជ្ជះចូលកែវទឹកកកបន្ថែម ហើយលើកផឹកក្អឿកៗ…ខ្ញុំក្រឡេកមើលទៅចំបំពង់ករបស់គាត់ ហើយលេបទឹកមាត់ក្អឹក!

បងសត្យាជាមនុស្សនិយាយអ្វីបង្ហាញពីចិត្តបែបត្រង់ៗ មាត់ឆៅបន្តិច ហើយពេលគាត់និយាយភ្នែកទាំងគូររបស់គាត់ឡើងដៀងហ្មង។ ដំបូងឡើយខ្ញុំរៀងភាំងៗភ្ញាក់ផ្អើលដែរ តែដល់ស្គាល់គាត់យូរៗទៅក៏ស៊ាំ។ ខ្ញុំក៏សួរគាត់ថា អីចឹងម៉េចបានជាគាត់គូររូបមនុស្សប្រុសក្នុងគំនូរនេះ គាត់បានឆ្លើយថា គាត់គូររូបមនុស្សដែលគាត់ស្រលាញ់។ បងសត្យាគឺជាមនុស្សម្នាក់ ដែលធ្វើឱ្យខ្ញុំរកឃើញថាខ្ញុំចាប់អារម្មណ៍មនុស្សប្រុសដូចគ្នា។

ខ្ញុំបានសុំធ្វើជាអ្នកចេញលុយថ្លៃបាយមួយពេលនេះ មុននឹងចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន ហើយខ្ញុំឆ្លៀតសួរគាត់ថា

“បង! ពេលបង​ឯងគូរូបមួយសន្លឹកៗ មានគំនិតអី មាន concept អីអត់ ឬក៏បងមើលតាមទេសភាពជាក់ស្តែង!”

“It depends! ពេលខ្លះ បរិយាកាសនៅចំពោះមុខ inspire តែម្តង តែពេលខ្លះតាមអារម្មណ៍ដែលចង់ express និងចង់បង្ហាញពីអ្វីមួយនៅទីនោះ ដែលពេលខ្លះអ្នកទេសចរខ្លះ ពួកគាត់អត់បានចាប់អារម្មណ៍…។ ខ្ញុំគិតថាប្រូឯង យល់ហើយ ប្រូ​ឯងចូលចិត្តគំនូរដែរតើ”

ខ្ញុំងក់ក្បាល រួចក៏សួរបន្ត

“បាទ! ចុះមួយទៀត គំនូរល្បីៗនៅស្រុកគេដូច Mona Lisa, Salvator Mundi, Woman In gold, រូប Olympia អីជាដើមសុទ្ធតែមានឈ្មោះរបស់គេអឹចឹងហ្មង ចុះបងឯងដែលធ្វើអីចឹងអត់?”

បងសត្យា រៀងគិត

“I have some…but I don’t think my painting is a good one! It’s only for me to understand my own feeling ”

ខ្ញុំចង់សួរកាត់គាត់ថា ថាម៉េចបង? ស្តាប់មិនចង់ទាន់ តែអត់ហ៊ានសួរ! គាត់បន្តថា

            “មាន តែក៏ដូចជាអត់មាន!”

            “ហាក៎! តែបង ចុះ គំនូរបងឯងឱ្យខ្ញុំនេះ បងឯងគូរដោយសារអ្វី ហើយមានឈ្មោះអត់?”

            “គូរចេញពីចិត្ត អារម្មណ៍ដែលមានរៀងគិតយូរដែរ។ បើនិយាយពីឈ្មោះ…”

គាត់រៀងគិតសិនដែរ ហើយខ្ញុំកាន់តែចង់ដឹង…

“គំនូរហ្នឹង ខ្ញុំគូរទាំងអត់បានផ្ចិតផ្ចង់ច្បាស់លាស់ ការពិតទៅបងអត់ចង់ឱ្យវាទៅប្រូឯងសោះ ព្រោះបងគូរទាំងអត់មានពេលគ្រប់គ្រាន់…”

            “អត់អីទេបង ខ្ញុំចូលចិត្តវាហើយ ខ្ញុំចង់បានគំនូរហ្នឹង!”

            “អូខេ!”

ពួកយើងក៏ រៀបហ្នឹងចែកផ្លូវគ្នា តែគាត់ក៏ងាកមកសួរខ្ញុំទាំងមិនអស់ចិត្ត

“ប្រូ បែបជាមនុស្ស ល្អែង…មនុស្សឧស្សាហ៍ ពូកែស្រាវជ្រាវដែរហើយ Olympia វាជាគំនូរបែប erotic មួយណា៎”

ខ្ញុំគ្រវីក្បាលឡើងតតាត់

“អត់ពូកែអីទេបង ខ្ញុំស្គាល់វាតាមមិត្តភក្តិរៀនជាមួយគ្នាទេ ហើយណាមួយម៉ាក់ខ្ញុំក៏ចូលចិត្តគំនូរដែរ គាត់ចេះគូររូបខ្លះដែរ ហើយខ្ញុំក៏ធ្លាប់ search រូបគំនូរនៅប្រទេសផ្សេងៗឱ្យគាត់មើលដែរ…”

            “អ៎ វ៉ាវ you’re taking after your mom?”

ខ្ញុំគ្រាន់តែសើចហិហិ ហើយគាត់បន្ត

            “ចូលចិត្តជិះកង់ទេ ស្អែកព្រឹកយើងជិះកង់ជាមួយគ្នាទៅ”

            “អូ ផ្ទះខ្ញុំ ផ្ទះយាយខ្ញុំមិនដឹងថាមានកង់ហីអត់ផង ចាំមើលខ្ញុំទៅរកមើលសិន!”

            “អត់មានក៏បានដែរ ខ្ញុំបងជួយរកឱ្យ តែចង់ដឹងថាចង់ជិះកង់ជាមួយគ្នាអត់!”

            “បាទ!”

            “សុំ…លេខទូរស័ព្ទមកអីចឹង!!!”

មិនដឹងយ៉ាងម៉េច គ្រាន់តែគាត់ហាមាត់សុំលេខទូរស័ព្ទភ្លាម ខ្ញុំនេះអីក៏រំភើបត្រេកអរខ្លាំងម្ល៉េះ!! ចិត្តវិញនិយាយពីថាចង់ឱ្យគាត់ទាក់ទងមកខ្ញុំឆាប់ៗ ចង់ស្តាប់លឺសម្លេងរបស់គាត់តាមទូរស័ព្ទ ស្រម៉ៃដល់ពេលវេលាថានឹងបានជជែកសាសងគ្នារៀងរាល់យប់…

ចាប់តាំងពីថ្ងៃនោះមក ខ្ញុំនិងគាត់ក៏ណាត់ជួបគ្នាជិះកង់ និងដើរលេងស្ទើតែរៀងរាល់ថ្ងៃ រហូតដល់ចប់ឱកាសបុណ្យចូលឆ្នាំខ្មែរ។ ក្រៅតែពីជិះកង់ដើរលេងជុំវិញបរិវេនទីក្រុង ពួកយើងក៏បាននាំគ្នាដើរលេងតាមកន្លែងនានាដូចជាចាំមើលថ្ងៃរះនៅលើកំពូលភ្នំបាក់ខែង ទៅភ្នំគូលែន ទៅលេងនៅប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ និងកន្លែងឯទៀតក្នុងខេត្តសៀមរាប។ ចំណែកម៉ាក់ខ្ញុំវិញ សប្បាយចិត្តណាស់ឃើញខ្ញុំចេះក្រោកពីព្រលឹមស្រាងៗជិះកង់ហាត់ប្រាណអីនុះ ហើយគាត់ក៏មិនបានខ្វាយខ្វល់អីច្រើនដែរ ធម្មតា គាត់បណ្តោយឱ្យខ្ញុំដើរលេងតាមចិត្ត គ្រាន់តែពេលខ្លះខ្ញុំត្រូវទៅចូលរួមញ៉ាំបាយល្ងាចនៅខាងក្រៅជាមួយពួកគាត់ នៅចាំតូបម្តងម្កាលនៅផ្លូវទៅប្រាសាទបាយ័ន ក៏ដូចជាជូនម៉ាក់និងលោកយាយទៅផ្សារទិញម្ហូបម្តងម្កាលដែរ។

ព្រឹកមួយនាមួយថ្ងៃបន្ទាប់ពីចប់បុណ្យចូលឆ្នាំ ក្រោយពីមើលថ្ងៃរះជាមួយគ្នា ពួកយើងបណ្តើរកង់ចេញពីភ្នំបណ្តើរ ជជែកគ្នាបណ្តើរ គាត់ក៏ប្រាប់ខ្ញុំថា គាត់បានគិតថាចង់គូររូបមួយសន្លឹកជាកាដូដល់ខ្ញុំ តែមិនទាន់ដឹងថាគូររូបអ្វីសោះ។

            “ចុះប្រូឯង ចូលចិត្តគំនូររបៀបម៉េចដែរ?”

            “ខ្ញុំ? រូបអ្វីក៏បាន ឱ្យតែបងគូរឱ្យ ខ្ញុំអត់ច្បាស់ថាប្រភេទម៉េចៗដែរទេ”

“បងយល់ តែបងចង់សួរថា របៀបជារូបមនុស្ស ទេសភាព ព្រៃ សត្វអីជាដើមហ្នឹងណា…ហើយពណ៌វា ចូលចិត្តបែបស្រគត់ស្រគម ស-ខ្មៅ ឬក៏ colorful?”

ខ្ញុំក៏គិតបន្តិចសិន

“បែបធម្មជាតិ មានពណ៌ចំរុះ តែមិនច្រើនពណ៌ពេក ក៏រៀងមិនចំពោះពេក របៀប metaphor អីម្យ៉ាង ដែលអត់បង្ហាញឱ្យចំ ហើយមួយទៀត បែប Negative space painting ក៏ខ្ញុំចូលចិត្តដែរ!”

            “អូខេ Negative space painting !  I see! ចុះបែប Olympia?”

            “Olympia!”

ខ្ញុំអស់សំណើច ហើយក៏នឹកដល់ឈុតមួយក្នុងរឿង Titanic          

            “ម្យ៉ាងតើបង!”

            “ចុះនៅផ្ទះរបស់ប្រូសៀឯង មានលក់គំនូរបែបណាខ្លះ?”

“ច្រើនណាស់បង! បងសាកទៅលេងម្តងទៅ នៅជិតហ្នឹងដែរទេ តែថ្ងៃហ្នឹងបិទតូបបាត់ហើយ”

            “ថាម៉េច? បែបអត់ចង់ឱ្យបងទៅមែន?”

“មានឯណា​? ដោយសារម៉ាក់ខ្ញុំ អ៊ុំស្រី និងយាយខ្ញុំគាត់រវល់ជុំគ្នាធ្វើអីញ៉ាំនៅផ្ទះអ៊ុំស្រីនៅជិតដំដែកឯណោះ។ បងចង់ទៅមើលក៏បានដែរតើ”

            “អូខេ! តែឥឡូវ ទៅផ្ទះបងសិនទៅ ចង់ទៅលេងផ្ទះបងអត់? ចង់ទៅអត់?”

            “ចង់ ប៉ុន្តែ!”

គាត់ ឈ្ងោកមុខមកជិតសួរបញ្ជាក់

            “ប៉ុន្តែ?”

“ចង់ទៅផ្ទះសិន ខ្ញុំចង់ទៅផ្លាស់ខោអាវ ទម្លាប់ខ្ញុំ ហាត់ប្រាណហើយ ងូតទឹកសិន បានធ្វើអីផ្សេងទៀតកើត។ ទៅផ្ទះគេរបៀបនេះ ខ្ញុំមិនចេះទេ”

            “មានទៅផ្ទះគេ​ឯណា ទៅផ្ទះ​បងតើ!”

            “តែ…អើ…”

“អត់អីទេ ទៅក៏បានអត់ក៏បាន តែថាផ្ទះបង អ្នកផ្ទះគេទៅដើរលេងរតនគិរីអត់ទាន់មកវិញទេ”

គាត់សម្លឹងមើលខ្ញុំពីចុងជើងទៅដល់ក្បាល

            “ប្រុសដូចគ្នាសោះហ្នឹងណា៎ ធ្វើដូច​ឯង…នៅផ្ទះបងខ្វះអីខោអាវ…។”

ចប់វគ្គ ១

អានវគ្គ ២ សូមចុចទីនេះ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ