នៅពេលនិយាយអំពីខេត្តព្រះសីហនុ មនុស្សភាគច្រើនតែងតែនឹកឃើញដល់ឆ្នេរខ្សាច់ពណ៌សក្បុស និងកោះដ៏ស្រស់ស្អាតជាច្រើន។ ប៉ុន្តែ បន្ថែមពីលើសម្រស់សមុទ្រដ៏ខៀវស្រងាត់ ខេត្តជាប់ឆ្នេរមួយនេះក៏មានសម្បត្តិធម្មជាតិព្រៃភ្នំ និងទឹកធ្លាក់ដ៏ត្រជាក់ល្ហឹម ដែលអាចបំពេញបេះដូងអ្នកស្នេហាធម្មជាតិឱ្យជ្រះស្រឡះបានផងដែរ។ ក្នុងចំណោមនោះ «ទឹកធ្លាក់គីឡូម៉ែត្រលេខ២០» គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ទឹកធ្លាក់គីឡូម៉ែត្រលេខ២០ មានទីតាំងស្ថិតនៅភូមិចាំស្រី ស្រុកកំពង់សិលា។ ដើម្បីទៅដល់ទីនោះគេអាចធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឬផ្លូវល្បឿនលឿនរហូតដល់ផ្លូវបំបែកចូលទៅកាន់ទឹកធ្លាក់នេះ គឺស្ថិតនៅត្រង់ចំណុចកែងច្រកផ្លូវល្បឿនលឿនកំពង់សិលា។ ស្ថានភាពផ្លូវចូលជាដីក្រហម អមដោយដើមឈើខៀវស្រងាត់ ដោយមុននឹងទៅដល់គោលដៅ ភ្ញៀវទេសចរអាចចូលលេង «ទឹកធ្លាក់គីឡូ ១៥» មុនសិនក៏បាន។
បន្ទាប់ពីចាកចេញពីទឹកធ្លាក់គីឡូ ១៥ ផ្លូវមានលក្ខណៈពិបាកបន្តិច ដោយកន្លែងខ្លះមានទឹកហូរ និងគ្រលុកខ្លាំង។ មុនទៅដល់ទឹកធ្លាក់ ទេសចរក៏ត្រូវចំណាយពេលដើរជើងអស់រយៈពេលប្រមាណ ១ ម៉ោងនិង ២០ នាទី។ យ៉ាងណាមិញ បន្ទាប់ពីឆ្លងកាត់ភាពហត់នឿយ គ្រប់គ្នានឹងបានឃើញទេសភាពដ៏ស្រស់ស្អាតប្លែកភ្នែក ទឹកធ្លាក់មានពណ៌ខៀវស្រងាត់ ព័ទ្ធជុំវិញដោយធម្មជាតិស្រស់បំព្រង ជាពិសេសម្រាប់រដូវភ្លៀងដូចជាពេលនេះ។
ដូច្នេះប្រសិនបើមានគម្រោងទៅលេងកំពង់សោម និងចូលចិត្តបែបចូលព្រៃផ្សងព្រេងដែរនោះសូមកុំភ្លេចឆ្លៀតពេលទៅលំហែកាយនៅ «ទឹកធ្លាក់គីឡូម៉ែត្រលេខ២០»។ ភាពត្រជាក់ត្រជុំនៃទឹកធ្លាក់ពីភ្នំ និងភាពស្ងប់ស្ងាត់នៃធម្មជាតិនៅទីនេះ នឹងជួយសាកថ្មជីវិតគ្រប់គ្នាឱ្យពេញឡើងវិញ មុននឹងត្រឡប់ទៅបំពេញការងារប្រចាំថ្ងៃជាធម្មតា ៕






📷រូបភាព៖ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា – ម៉ក់ ភារៈ






















































Account
Security
Favourite Content