តាមកំណត់ត្រាស្រាវជ្រាវជាច្រើនធ្លាប់បានអះអាងថា ប្រមាណជា ៤ ពាន់ឆ្នាំមុន មានហេតុការណ៍បន្ទុះភ្នំភ្លើងកើតឡើងនៅកម្ពុជាហើយបានបន្សល់ទុកស្លាកស្នាមប្រវត្តិសាស្ត្រ សព្វថ្ងៃគឺជាបឹងយក្សឡោម។ កន្លងអស់ច្រើនសតវត្សរ៍ បឹងបន្ទុះភ្នំភ្លើងមួយនេះ នៅតែស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ។

បឹងយក្សឡោម មានផ្ទៃបឹងដ៏ធំល្វឹងល្វើយ ទឹកថ្លាឈ្វេង ប្រកបទៅដោយសភាពស្ងប់ស្ងាត់ ហ៊ុំព័ទ្ធដោយព្រៃក្រាស់។ បឹងនេះមានរាងស្ទើរជារង្វង់ មានវិមាត្រប្រមាណ ២,៦១២ ម៉ែត្រ អង្កត់ផ្ចិតប្រមាណ ៨០០ ម៉ែត្រ និងជម្រៅចន្លោះពី ៥០ ទៅ ៧០ ម៉ែត្រ។ រម្លឹកពីបឹងបុរាណនេះ នៅពុំទាន់មានការសិក្សាស៊ីជម្រៅលម្អិតនោះទេ ក្រៅអំពីប្រវត្តិនៃរឿងព្រេងបុរាណដែលមានចារទុកក្នុងសៀវភៅខ្មែរសម្រាប់ការអាននិងយល់ដឹងបន្តនោះទេ។
ទោះជាយ៉ាងនេះ ទេសចរដែលទៅលេងនៅទីនោះ ត្រឹមអាចគយគន់សម្រស់នៃបឹងធម្មជាតិ ដែលស្រោបពីខាងលើនៃផ្ទៃបឹង តែនៅពុំទាន់មាននរណាម្នាក់បានដឹងអំពីរឿងរ៉ាវច្បាស់លាស់និងជាក់លាក់ថាផ្នែកខាងក្រោមនៃបឹងនេះ បានបន្សល់និងលាក់ទុកអ្វីខ្លះនោះឡើយ។
គួរជម្រាបថា បឹងយក្សឡោម គឺជារមណីយដ្ឋានធម្មជាតិដ៏សំខាន់មួយ ប្រចាំក្រុងបានលុង ខេត្តរតនគិរិ។ ស្ថិតនៅប៉ែកខាងត្បូង ឆៀងខាងកើតនៃទីរួមខេត្ត បឹងធម្មជាតិនេះ មានចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលក្រុងបានលុង។ ឈ្មោះបឹងយក្សឡោមនេះ បានក្លាយពីពាក្យភាសាទំពួន «យ៉ាករ៉ាឡោម»៕





រូបភាព ផ្ដល់ជូនដោយ ក្រុមប្រមាញ់រូបភាពជីវចម្រុះកម្ពុជា/លី សុវណ្ណា























































Account
Security
Favourite Content