BOYNEXTDOOR ទទួលបានចំណាត់ថ្នាក់លេខ ១ ជាមួយនឹងបទ I Feel Good ពីអាល់ប៊ុមខ្នាតតូច No Genre នៅក្នុងកម្មវិធី M Countdown របស់ Mnet កាលពីថ្ងៃទី២២ ខែឧសភានេះ។

ចូលរួមដោយសមាជិកទាំង ៦នាក់ គឺ Sungho, Riwoo, Taesan, Leehan និង Woonhak ដោយមាន Jaehyuon ធ្វើជាពិធីករផង ក្រុមចម្រៀងខេប៉ុបរូបនេះបានអរគុណដល់ក្រុមអ្នកគាំទ្រថា៖ “ខ្ញុំសូមអរគុណ ONEDOOR សម្រាប់ពានរង្វាន់មួយនេះ។ យើងនឹងខិតខំធ្វើជាសិល្បករដែលនឹងបញ្ចេញនូវបទចម្រៀងពីរោះ និងការសម្ដែងនៅលើឆាកដ៏អស្ចារ្យនៅថ្ងៃខាងមុខទៀត ដើម្បីជាការតបស្នងសម្រាប់ក្ដីស្រឡាញ់ដែលអ្នកបានប្រគល់មកឱ្យពួកយើង”។
បន្ថែមពីភាពជោគជ័យខាងលើ យោងតាមតារាង Hanteo អាល់ប៊ុម No Genre ក៏ទទួលបានការគាំទ្រខ្លាំង រហូតអាចលក់ចេញអស់ ១ ១៦៦ ៤១៩ ច្បាប់ក្នុងពេលត្រឹមមួយសប្ដាហ៍។ លើសពីនេះទៀត អាល់ប៊ុមដែលចេញកាលពីថ្ងៃទី១៣ ខែឧសភានេះ ក៏បានជាប់តំណែងលេខ ១ នៅលើតារាងអាល់ប៊ុមប្រចាំសប្ដាហ៍របស់ Circle Chart ក្នុងសប្ដាហ៍ជាមួយគ្នានេះដែរ។

ក្រឡែកមកភាពជោគជ័យនៅក្រៅស្រុកវិញ អាល់ប៊ុមខ្នាតតូចនេះក៏បានជាប់ចំណាត់ថ្នាក់ដូចគ្នា នៅលើតារាង Billboard Top Album Sales ក្នុងប្រទេសជប៉ុន ទន្ទឹមគ្នានឹងកេរ្តិ៍ឈ្មោះនៅលើតារាង Soaring Chart របស់កម្មវិធីស្ដាប់តន្ត្រី QQ Music ពីប្រទេសចិនដូចគ្នា។
គួរឱ្យដឹងផងដែរថា M Countdown គឺជាកម្មវិធីតន្រ្តីដែលចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ នៅលើកញ្ចក់ទូរទស្សន៍តន្រ្តី Mnet ដោយការជ្រើសរើសម្ចាស់ពានរង្វាន់ គឺផ្ដោតទៅលើចំនួននៃការលក់ចេញនៃអាល់ប៊ុម ប្រជាប្រិយភាពនៅលើបណ្ដាញទំនាក់ទំនងសង្គម និងការបោះឆ្នោតគាំទ្រពីទស្សនិកជនជាដើម៕























Account
Security
Favourite Content