នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីប្រកាសហាមមិនឱ្យមានសកម្មភាពមួយចំនួនដាច់ខាតមួយចំនួន ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
ក្នុងឱកាសបុណ្យចូលឆ្នាំចិនចាប់ពីថ្ងៃទី ២៨ ដល់ ៣១ មករា ២០២៥ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសណែនាំហាមមិនឱ្យមានសកម្មភាពមួយចំនួនដូចជា៖
ទី១ ៖ ហាមដាច់ខាតមិនឱ្យមានការដុតផាវ ឬកាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ
ទី២ ៖ ហាមដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ
ទី៣ ៖ ហាមមិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនាឬប្រពៃណីដែលគ្មានការអនុញ្ញាត
មិនតែប៉ុណ្ណោះ រដ្ឋបាលរាជធានីក៏បានណែនាំបន្ថែមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ទៅលើគ្រោះអគ្គីភ័យ ដែលអាចកើតឡើងជាយថាហេតុ។ មួយវិញទៀត ការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ហាមដាច់ខាតដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។
បន្ថែមពីនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ កុំឱ្យមានការនាំចូលផាវកាំជ្រួច និងជាតិផ្ទុះគ្រប់ប្រភេទ និងដកហូតវត្ថុទាំងអស់នោះប្រសិនមានការតាំងលក់នៅលើទីផ្សារ និងទីតាំងក្នុងរាជធានីភ្នំពេញ។ សូមអានលម្អិតសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ៖
ជាចុងក្រោយ រដ្ឋបាលរាជធានីភ្នំពេញសុំឱ្យក្រសួងពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការផ្សព្វផ្សាយណែនាំដល់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋដើម្បីការអនុវត្តទទួលបានប្រសិទ្ធភាពខ្ពស់។ ក្នុងករណីមានជនដែលបំពានឬល្មើសការណែនាំខាងលើនឹងត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕