ដូចពាក្យគេតែងតែនិយាយតៗគ្នាថាមនុស្សស្គាល់មុខមាត់ ប៉ុន្តែមិនស្គាល់ចិត្តឡើយ។ ជាក់ស្ដែងដូចមនុស្សមួយចំនួនបើមើលពីសម្បកក្រៅហាក់ដូចជារួសរាយ ស្លូតបូតគួរឱ្យស្រឡាញ់រាប់អានមែនទែន។ ផ្ទុយទៅវិញយើងមិនអាចដឹងឡើយថាក្នុងចិត្តរបស់ពួកគេគិតបែបណានោះ។ ដូច្នេះឆ្លៀតឱកាសនេះ AMS នឹងមកចែករំលែកនូវមនុស្ស ២ ប្រភេទដែលមើលទៅស្លូតណាស់ ប៉ុន្តែក្នុងចិត្តគឺមិនអាចស្មានដឹង៖
១. មនុស្សដាក់ខ្លួនជ្រុល
ជាធម្មតាការចេះដាក់ខ្លួនគោរពគេគឺជារឿងដែលមនុស្សយើងតែងធ្វើដោយសារតែការផ្ដល់តម្លៃទៅឱ្យមនុស្សជុំវិញខ្លួន។ យ៉ាងណាមិញចំពោះមនុស្សមួយចំនួនត្បិតតែចេះដាក់ខ្លួនពិតមែន ប៉ុន្តែក្នុងចិត្តរបស់ពួកគេបែរជាបង្កប់ទៅដោយល្បិចកលសាមាន្យទៅវិញ។ ពេលខ្លះពួកគេតែងតែអោនលំទោន សម្ដែងហាក់ដូចជាគោរពមនុស្សជុំវិញខ្លួនណាស់ តែបែរជាមានគំនិតមិនល្អជាច្រើននៅក្នុងខួរក្បាល។ មនុស្សបែបនេះភាគច្រើនចូលចិត្តលួចចាក់គេពីក្រោយខ្នង និងធ្វើបាបមនុស្សជុំវិញខ្លួនរបស់គេដោយស្ងៀមស្ងាត់ និងវិធីត្រជាក់បំផុត។
២. មនុស្សស្ងៀមស្ងាត់ជ្រុល
ការនិយាយច្រើនមិនបញ្ជាក់ពីភាពជឿជាក់ទាំងអស់ឡើយ ហើយក៏មិនមែនជាវិធីដែលអាចទទួលបានទំនុកចិត្ត និងការគោរពពីអ្នកដទៃដែរ។ ដូច្នេះទើបមនុស្សភាគច្រើនចូលចិត្តភាពស្ងៀមស្ងាត់ច្រើនជាង។ ប៉ុន្តែមនុស្សដែលមានភាពស្ងៀមស្ងាត់ជ្រុលពេកមិនមែនជារឿងល្អឡើយ ដោយសារពេលខ្លះពួកគេអាចនឹងកំពុងលាក់រឿងអ្វីម្យ៉ាងក្នុងចិត្តជាមិនខាន។ មនុស្សប្រភេទនេះភាគច្រើនចូលចិត្តសម្ដែងខ្លួនជាមនុស្សទន់ភ្លន់ មើលទៅដូចទន់ខ្សោយណាស់ ប៉ុន្តែត្រូវចាំថានេះគ្រាន់តែជារូបរាងខាងក្រៅរបស់គេតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ គេនឹងសន្សំទុកនូវគំនិតជាច្រើនក្នុងចិត្តដើម្បីត្រៀមវាយប្រហារអ្នកណាម្នាក់កំលុងពេលដែលគេមិនបានដឹងខ្លួនតែម្ដង៕