ការហាលសម្លៀកបំពាក់នៅក្នុងរដូវភ្លៀង គឺជារឿងពិបាកមួយដែលមនុស្សទូទៅបានជួបប្រទះ ដោយបុគ្គលមួយចំនួនបានជ្រើសរើសការហាលសម្លៀកបំពាក់ក្នុងទីម្លប់ ដើម្បីបង្ការពីទឹកភ្លៀង។ យ៉ាងណាមិញ ការហាលសម្លៀកបំពាក់នៅទីតាំងដែលមិនមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់បែបនេះ គឺជាបញ្ហាមួយដែលធ្វើឱ្យសម្លៀកបំពាក់ស្ងួតយឺត និងអាចមានក្លិនមិនល្អ។ បន្ថែមពីនេះទៀត កង្វះកម្ដៅថ្ងៃនេះ ក៏ជាប្រភពនៃការកកើតប្រភេទមេរោគនានា ដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពស្បែក និងសុខភាពផ្លូវដង្ហើមផងដែរ។
ខាងក្រោមនេះ គឺជា ៤ ចំណុចដែលអ្នកគួរអនុវត្ត ក្នុងករណីត្រូវហាលសម្លៀកបំពាក់ ក្នុងទីម្លប់៖

១. ជ្រើសរើសទីតាំងឱ្យបានត្រឹមត្រូវ
អ្នកគួរជ្រើសរើសហាលសម្លៀកបំពាក់ នៅក្នុងបន្ទប់ដែលមានលំហូរខ្យល់ និងមានឱកាសអាចឱ្យពន្លឺថ្ងៃជះចូលដល់។ បន្ថែមពីនេះ អ្នកក៏អាចបើកកង្ហារ ដើម្បីប្រើប្រាស់ខ្យល់ជាជំនួយ ឱ្យខោអាវកាន់តែឆាប់ស្ងួតជាងមុន។
យ៉ាងណាមិញ អ្នកគួរជៀសវាងការហាលសម្លៀកបំពាក់នៅក្នុងផ្ទះបាយ ឬបន្ទប់ទឹក ព្រោះនៅក្នុងផ្ទះបាយ អាចនឹងមានផ្សែង និងក្លិនរបស់ម្ហូបអាហារ ស្របពេលដែលបន្ទប់ទឹក គឺជាទីតាំងដែលមានសំណើមខ្ពស់ ងាយបង្កើតជាមេរោគ និងផ្សិតនានា។
២. ព្យាយាមរក្សាគម្លាត
អ្នកគួរទុកចន្លោះ ពីខោអាវមួយទៅខោអាវ យ៉ាងតិច ៥សង់ទីម៉ែត្រ ដើម្បីឱ្យខោអាវទាំងនោះអាចទទួលបានខ្យល់ និងពន្លឺគ្រប់គ្រាន់ ងាយស្រួលក្នុងការសម្ងួត បង្ការការលូតលាស់នៃប្រភេទបាក់តេរីផ្សេងៗ។ បន្ថែមពីនេះ អ្នកគួរបែងចែកបោកខោអាវម្ដងបន្ដិចៗ ដើម្បីអាចរក្សាគម្លាត កុំឱ្យខោអាវនៅកៀកគ្នាពេក។
៣. ប្រុងប្រយ័ត្នជាពិសេសចំពោះឈុតក្នុង
ឈុតក្នុង គឺជាឈុតដែលមានកត្តាប្រឈមខ្ពស់ជាមួយនឹងមេរោគ Escherichia Coli ក៏ដូចជាមេរោគផ្សេងៗទៀត។ ដូច្នេះ អ្នកគួរបែងចែកហាលឈុតប្រភេទនេះ នៅទីតាំងផ្សេងគ្នាពីសម្លៀកបំពាក់ប្រភេទដទៃ ដើម្បីអាចឱ្យឈុតទាំងនោះស្ងួតបានល្អ ការពារពីបញ្ហាសុខភាពនៅតំបន់ផ្លូវភេទ។
៤.ប្រើប្រាស់ការអ៊ុតខោអាវជាជំនួយ
ការប្រើប្រាស់វិធីសាស្រ្តអ៊ុតខោអាវ ដើម្បីជាជំនួយក្នុងការសម្ងួត ក៏ជាជម្រើសមួយដែលគួរឱ្យពិចារណាដែរ។ ជាក់ស្ដែង កម្ដៅពីម៉ាស៊ីនអ៊ុតខោអាវនេះ មិនត្រឹមតែជួយឱ្យសម្លៀកបំពាក់ដែលអ្នកត្រូវការប្រើប្រាស់ជាប្រញាប់អាចស្ងួតទាន់ពេលវេលាទេ តែវាក៏ជាវិធីសាស្ត្រមួយដែលអាចជួយសម្លាប់មេរោគផងដែរ៕



























Account
Security
Favourite Content