មានអាយុ ៣២ ឆ្នាំ អ្នកគ្រូ Thach Thi Phat Ca Di បានចំណាយពេលជិតមួយទសវត្សរ៍បង្រៀនភាសាខ្មែរនៅតំបន់ព្រំដែនដាច់ស្រយាលនៃខេត្ត Tay Ninh ប្រទេសវៀតណាម ដោយអ្នកស្រីជាគ្រូបង្រៀនភាសាខ្មែរម្នាក់ក្នុងចំណោម ៣ នាក់ប៉ុណ្ណោះនៅក្នុងតំបន់នោះ។

អ្នកស្រី Ca Di ធំធាត់ក្នុងគ្រួសារដែលមានសមាជិកភាគច្រើនជាគ្រូបង្រៀននៅខេត្ត Tra Vinh និងតែងមានបំណងចង់ធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្តនៅតំបន់ដាច់ស្រយាល។ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកគរុកោសល្យអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យ Tra Vinh ក្នុងឆ្នាំ ២០១៦ អ្នកស្រីបានធ្វើដំណើរជាង ៣០០ គីឡូម៉ែត្រទៅដាក់ពាក្យបង្រៀននៅស្រុក Tan Bien ខេត្ត Tay Ninh ដែលជាប់ព្រំដែនកម្ពុជា ហើយត្រូវបានចាត់តាំងឱ្យទៅបង្រៀននៅសាលាបឋមសិក្សា Hoa Dong។
ការចាប់ផ្តើមដំបូងរបស់អ្នកគ្រូបានជួបការលំបាកជាច្រើន រាប់ចាប់ពីការខ្វះខាតកន្លែងស្នាក់នៅ រហូតដល់បញ្ហាសំនៀងភាសាតំបន់រវាងអ្នកស្រុក Tra Vinh និង Tay Ninh ដែលធ្វើឱ្យការសន្ទនាលំបាក និងធ្វើឱ្យអាណាព្យាបាលសិស្សមួយចំនួនមានការសង្ស័យលើសមត្ថភាពរបស់អ្នកស្រី។ ទោះបីជាធ្លាប់បាក់ទឹកចិត្តនិងចង់បោះបង់នៅពេលដំបូងៗ តែអ្នកស្រីក៏បានខិតខំរៀនសូត្រពីអ្នកភូមិដើម្បីយល់ពីការបញ្ចេញសំឡេង និងពាក្យពេចន៍ប្រចាំតំបន់រហូតអាចសម្របខ្លួនបានយ៉ាងប្រសើរ។
យោងតាមសារព័ត៌មាន vnexpress ក្នុងខេត្ត Tay Ninh មានសាលាតែ ៣ ប៉ុណ្ណោះដែលបើកបង្រៀនភាសាខ្មែរ។ នៅសាលាបឋមសិក្សា Hoa Dong ថ្នាក់ភាសាខ្មែរត្រូវរៀបចំឡើងនៅចុងម៉ោងសិក្សាប្រចាំថ្ងៃ ដោយមានសិស្សជាង ១០ នាក់នៅបន្តរៀនភាសាកំណើតរបស់ពួកគេ។ ការបង្រៀនភាសាខ្មែរតម្រូវឱ្យមានការអត់ធ្មត់ខ្ពស់ ដោយសារអក្សរក្រមខ្មែរមានព្យញ្ជនៈ និងស្រៈច្រើនជាងភាសាវៀតណាមជិតបីដង ហើយសិស្សត្រូវចំណាយពេលប្រហែល ៣ ឆ្នាំទើបអាចអាន និងសរសេរបានស្ទាត់ជំនាញ។
ដើម្បីឱ្យមេរៀនកាន់តែងាយយល់ អ្នកគ្រូ Ca Di បានប្រើប្រាស់ផែនការបង្រៀនបែបឌីជីថល ដូចជាការបង្ហាញរូបភាព និងវីដេអូអំពីវប្បធម៌ខ្មែរទៅកាន់សិស្សតូចៗ។ សិស្សម្នាក់ឈ្មោះ Khe Thi Sieng ដែលរៀនពីចំណុចសូន្យ បានក្លាយជាអ្នកនិយាយ អាន និងសរសេរភាសាខ្មែរបានស្ទាត់ជំនាញបន្ទាប់ពីខិតខំរៀនជាមួយអ្នកស្រីអស់រយៈពេលជិត ៥ ឆ្នាំ។

កំលុងពេលផ្លាស់ទៅរស់នៅទីនោះ អ្នកគ្រូបានស្គាល់គ្នានិងរៀបការជាមួយលោក Oc Xa Quan ដែលជាភ្នាក់ងារសន្តិសុខសាលារៀន ហើយបច្ចុប្បន្នពួកគេមានកូនប្រុស ២ នាក់។ ក្រៅពីប្រាក់ខែការងារ ប្តីប្រពន្ធទាំងពីរមានមុខរបរធ្វើស្រែ និងដាំដំឡូងមីលើដី ១ ហិកតាដើម្បីបន្ថែមប្រាក់ចំណូលគ្រួសារ ខណៈដែលដំឡូងមីពួកគេអាចរកចំណូលបានប្រហែល ២០ លានដុង ឬ ៧៦៧ ដុល្លារអាមេរិកក្នុងការប្រមូលផលម្ដងៗសម្រាប់ឆ្នាំដែលទទួលបានទិន្នផលល្អ។
លោក Dang Cong Xuan នាយកសាលាបឋមសិក្សា Hoa Dong បានកោតសរសើរអ្នកស្រី Ca Di ថាជាគ្រូបង្រៀនដែលមានការប្តេជ្ញាចិត្តខ្ពស់ តែងតែប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន និងទទួលបានប័ណ្ណសរសើរពីគណៈកម្មាធិការប្រជាជនខេត្តផងដែរ។ បច្ចុប្បន្ន សាលាបឋមសិក្សាចំនួន ៣ ក្នុងតំបន់នេះមានសិស្សរៀនភាសាខ្មែរចំនួន ២៦៦ នាក់ ដោយមានគ្រូបង្រៀនត្រឹមតែ ៣ នាក់ប៉ុណ្ណោះ។ សម្រាប់អ្នកស្រី Ca Di កុមារគ្រប់រូបដែលរៀនអាន និងសរសេរភាសាខ្មែរ គឺសុទ្ធតែបានជួយថែរក្សាផ្នែកមួយនៃវប្បធម៌ខ្មែរដើមសម្រាប់អ្នកជំនាន់ក្រោយ ៕
























































Account
Security
Favourite Content