When The Phone Rings កំពុងតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនមិនថាក្នុងស្រុក និងអន្តរជាតិ ដោយមានចំនួនអ្នកទស្សនារហូតដល់ទៅ ៦ភាគរយពីជុំវិញពិភពលោក ក្រោយរឿងនេះទើបតែចាក់បាន ៣ភាគតែប៉ុណ្ណោះ។

រឿងភាគថ្មីរបស់ MBC មួយនេះបានចាប់ផ្ដើមចាក់ផ្សាយជាលើកដំបូងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ដោយផ្ដោតសាច់រឿងទៅលើគូស្វាមីដែលរស់នៅពេញដោយសុភមង្គលមួយគូ តែគ្រប់យ៉ាងបែរជាប្រែប្រួលមួយរំពេចនៅពេលដែល ស្វាមីសម្ដែងដោយ Yoo Yeon-seok បានទទួលដំណឹងពីជនដៃដល់ថា ភរិយារបស់ខ្លួនសម្ដែងដោយ Chae Soo-bin កំពុងតែទទួលបានការគំរាមគំហែងពីការចាប់ជំរិត។
ភាពប៉ិនប្រសប់នៃការរួមបញ្ចូលគ្នារវាងភាពផ្អែមល្អែមនៃស្នេហា និងរឿងរន្ធត់នេះហើយ ដែលជាចំណុចលេចធ្លោបំផុតសម្រាប់រឿងមួយនេះ។ ជាក់ស្ដែង FlixPatrol បានបង្ហាញទិន្នន័យថា When The Phone Rings បានចាយពេលត្រឹមតែ ២សប្ដាហ៍ប៉ុណ្ណោះក្នុងការក្លាយខ្លួនជាភាពយន្តពេញនិយមលំដាប់លេខ ២ នៅលើតារាង Netflix’s Global TV សម្រាប់ប្រភេទភាពយន្តដែលមិននិយាយភាសាអង់គ្លេស និងទទួលបានប្រជាប្រិយភាពលំដាប់លេខ១ ពីទស្សនិកជនដែលរស់នៅក្នុងប្រទេសចំនួន ៣៣ផ្សេងគ្នា រួមមាន សិង្ហបុរី ហុងកុង ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ិកស៊ិក កូឡុំប៊ី និងប្រេស៊ីលជាដើម។

ភាពយន្តដែលមានចំនួន ១២ភាគនេះ ក៏បានជាប់ចំណាត់ថ្នាក់នៅលើតារាង FUNdex របស់ Good Data Corporation ក្នុងនាមជាភាពយន្តកំពូលប្រចាំសប្ដាហ៍ទី៤ ក្នុងខែវិច្ឆិកាផងដែរ ស្របពេលដែល Yoo Yeon Seok និង Chae Soo Bin បានជាប់ចំណាត់ថ្នាក់រៀងគ្នាគឺលេខ ១និងលេខ ២ក្នុងបញ្ចីឈ្មោះ ជាតារាសម្ដែងនៅលើទូរទស្សន៍ដែលមានអ្នកនិយាយដល់ច្រើនជាងគេក្នុងសប្ដាហ៍ដដែលនោះ។
ភាពជោគជ័យក្នុងទម្រង់ជាភាពយន្ត ក៏បានធ្វើឱ្យ When The Phone Rings ដែលមានទម្រង់ដើមជាប្រលោមលោកត្រឡប់មកទទួលបានការពេញនិយមម្ដងទៀតដែរ ជាមួយនឹងកំណើនការចូលអានច្រើនជាងមុនរហូតដល់ទៅ ៥ដង និងមានការកើនឡើងនៃប្រាក់ចំណូលរហូតដល់ទៅ ១៤.៦ដង។ ហេតុផលទាំងនេះហើយ ដែលបណ្ដាលឱ្យប្រលោមលោកខាងលើបានក្លាយជា រឿងពេញនិយមលំដាប់លេខ១ នៅលើតារាងប្រលោមលោកប្រចាំថ្ងៃរបស់ Kakao Page បញ្ជាក់ពីភាពជោគជ័យផ្ទួនៗមិនថាក្នុងទម្រង់ជាប្រលោមលោក និងភាពយន្តភាគនោះទេ។

លក្ខណៈកម្រដែលធ្វើឱ្យរឿងភាគកូរ៉េខាងត្បូងខាងលើ ទទួលបានប្រជាប្រិយភាពកម្រិតនេះ ក៏ដោយសារតែសមត្ថភាពពិសេសរបស់អ្នកនិពន្ធ Kim Ji Woon ដែលអាចរួមបញ្ចូលទាំងអារម្មណ៍មនោសញ្ចេតនា ភាពរំជើបរំជួល អាថ៌កំបាំង និងឈុតឆាកប្រយុទ្ធគ្នាបានយ៉ាងល្អឥតឆ្គង បើទោះបីផ្នែកខ្លះនៃសាច់រឿងបានកែសម្រួលឱ្យស័ក្តិសមជារឿងភាគសម្រាប់ទូរទស្សន៍ទៅហើយក៏ដោយចុះ។
បន្ថែមពីនេះ When The Phone Rings ក៏បានបង្កើតឱ្យមានការជជែកវែកញែកក្នុងចំណោមទស្សនិកជនជាថ្មីម្ដងទៀតដែរ ទាក់ទងនឹងរឿងភាគប្រភេទ Melodrama។ ដោយរឿងភាគប្រភេទនេះ និយមនិទានរឿងបែបស៊ីជម្រៅ និងស្មុគស្មាញ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទស្សនិកជនចាប់ផ្ដើមចូលចិត្តមើលភាពយន្តដែលមានសាច់រឿងស្រាលៗ ងាយយល់ ដែលតម្រូវឱ្យផលិតកម្មមួយចំនួនបានបែរចំណាប់អារម្មណ៍ពី Melodrama ទៅបោះទុនលើភាពយន្តប្រភេទដទៃទៀតជំនួសវិញ។ ដោយឡែក បន្ទាប់ពីភាពជោគជ័យនៃ When The Phone Rings ក៏អាចជាឱកាសថ្មីមួយទៀត ដែលនាំឱ្យក្រុមហ៊ុន និងស្ទូឌីយោធំៗត្រឡប់មកពិចារណាផលិតរឿងបែប Melodrama ម្ដងទៀត។
ត្បិត When The Phone Rings ទើបតែចេញបាន ៦ភាគក៏ពិតមែន តែភាពយន្តភាគមួយនេះនៅតែមានទំនោរទទួលបានការចូលចិត្តខ្លាំងទាំងទស្សនិកជនទាំងក្នុង និងក្រៅស្រុក។ បន្ថែមពីនេះទៀត រឿងភាគដែលផ្អែកទៅតាមប្រលោមលោកមួយនេះ ក៏មានឱកាសក្លាយជាភាពយន្តដែលជោគជ័យបំផុតរបស់ MBC នៅក្នុងឆ្នាំនេះផងដែរ៕
























































Account
Security
Favourite Content