កូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលកំពុងឈានចូល Super-aged society ដោយមានប្រជាជនអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅច្រើនជាង ២០ ភាគរយនៃប្រជាជនសរុប។ ហេតុនេះ ការជជែកពិភាក្សាអំពី “អាយុចូលនិវត្តន៍” ដែលសមស្រប ត្រឡប់មកជាប្រធានបទក្ដៅម្ដងទៀតនៅក្នុងប្រទេសមួយនេះ។

ផ្អែកតាមសារព័ត៌មាន The Korea Times នៅក្នុងជួររដ្ឋាភិបាល និងក្រុមហ៊ុនឯកជនភាគច្រើននៅកូរ៉េខាងត្បូង កំណត់អាយុចូលនិវត្តន៍ត្រឹម ៦០ ឆ្នាំ ប៉ុន្តែក៏មានក្រុមហ៊ុនមួយចំនួនដែលអាចកំណត់លក្ខខណ្ឌអាយុទៅតាមកិច្ចព្រមព្រៀងរវាងនិយោជក និងនិយោជិត។
កាលពីខែមុន គណបក្សប្រជាធិបតេយ្យកូរ៉េ (DPK) ដែលជាគណបក្សកាន់អំណាច បានស្នើគំនិតក្នុងការបង្កើនអាយុចូលនិវត្តន៍ពី ៦០ ឆ្នាំ ទៅ ៦៥ ឆ្នាំ។ ប៉ុន្តែការជំរុញគោលនយោបាយនេះ ត្រូវធ្វើឡើងដោយការប្រុងប្រយ័ត្នខ្ពស់ ដោយសារវាជាបញ្ហាដែលអាចប៉ះពាល់ដល់ឱកាសការងាររបស់យុវជនជំនាន់ក្រោយ ដែលធ្វើឱ្យគណបក្សនេះត្រូវព្យាយាមបង្កើតតុល្យភាពរវាងការពន្យាពេលវេលាធ្វើការសម្រាប់មនុស្សចាស់ និងការចំណាយដែលអាចកើតមានដោយសារការបាត់បង់ឱកាសការងាររបស់យុវជន។
ចំណុចសំខាន់នៃបញ្ហានេះ ដោយសារតែមានគម្លាតប្រាក់ចំណូលដែលកើតឡើងរវាង “អាយុចូលនិវត្តន៍” និង “លក្ខខណ្ឌអាយុដែលមានសិទ្ធិទទួលបានប្រាក់សោធននិវត្តន៍ជាតិ”។ ជាក់ស្ដែង អ្នកដែលកើតមុនឆ្នាំ ១៩៥២ នឹងទទួលបានប្រាក់សោធននិវត្តន៍ចាប់ពីអាយុ ៦០ឆ្នាំ ខណៈអ្នកកើតចាប់ពីឆ្នាំ ១៩៦៩ ឡើងទៅ នឹងទទួលបានពីអាយុ ៦៥ឆ្នាំតទៅ។
នេះមានន័យថា អ្នកដែលកើតចាប់ពីឆ្នាំ ១៩៦៩ គឺការត្រូវរស់នៅដោយមិនទទួលបានប្រាក់សោធននិវត្តន៍ជាតិរហូតដល់ទៅ ៥ ឆ្នាំក្រោយពេលចូលនិវត្តន៍ ដែលធ្វើឱ្យអ្នកចូលនិវត្តន៍ត្រូវប្រឈមមុខនឹងហានិភ័យហិរញ្ញវត្ថុក្នុងចន្លោះពេលនេះ។

ទាក់ទងនឹងបញ្ហានេះ លោក Lee Jae Myung ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង បានសន្យានៅពេលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំមុនថា នឹងពន្យារអាយុចូលនិវត្តន៍ឱ្យស្របទៅនឹងលក្ខខណ្ឌអាយុដែលមានសិទ្ធិទទួលបានប្រាក់សោធននិវត្តន៍ជាតិ ដែលនេះជាប្រភពនៃការស្នើដំឡើងអាយុចូលនិវត្តន៍ទៅ ៦៥ ឆ្នាំ និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប ព្រមទាំងសង្គមមនុស្សចាស់ផងដែរ។
គណបក្ស DPK នឹងបង្កើតគណៈកម្មាធិការពិសេសមួយដើម្បីពិចារណាលើបញ្ហានេះ ដោយរំពឹងថានឹងជំរុញឱ្យមានការកែសម្រួលដំឡើងអាយុចូលនិវត្តន៍ជាបណ្តើរៗពី ៦០ ឆ្នាំ ទៅ ៦១ ឆ្នាំនៅក្នុងឆ្នាំ ២០២៩ និងដំឡើងម្ដង ១ ឆ្នាំ រៀងរាល់ ២ ឆ្នាំម្តង រហូតដល់អាយុ ៦៥ ឆ្នាំនៅក្នុងឆ្នាំ ២០៣៧។
មតិចម្រុះ
បន្ទាប់ពីមានការជំរុញគោលនយោបាយនេះ ខាងសហព័ន្ធសហជីពពាណិជ្ជកម្មកូរ៉េ ឬ Korean Confederation of Trade Unions ដែលសមាជិកជាង ១ លាននាក់ យល់ឃើញថា គួរតែមានការកែសម្រួលអាយុចូលនិវត្តន៍តាមច្បាប់ឱ្យស្របទៅនឹងលក្ខខណ្ឌអាយុដែលមានសិទ្ធិទទួលបានប្រាក់សោធន ហើយរដ្ឋាភិបាលចាំបាច់ត្រូវដោះស្រាយបញ្ហានេះឱ្យបានឆាប់បំផុត ដោយសារប្រជាពលរដ្ឋជាច្រើននៅក្នុងវ័យ ៦០ ឆ្នាំ កំពុងជួបប្រទះនឹងស្ថានភាពប្រាក់ចំណូលធ្លាក់ចុះយ៉ាងគំហុក។

ទោះជាយ៉ាងណាក៏ដោយ វិស័យអាជីវកម្មបែរជាមើលឃើញថា ការទាមទារឱ្យពន្យារអាយុចូលនិវត្តន៍អាចបង្កើតជាសំណួរតាមមកថា តើនរណានឹងក្លាយជាអ្នកទទួលបានផលប្រយោជន៍ ហើយនរណានឹងក្លាយជាអ្នករងផលប៉ះពាល់?
វិស័យអាជីវកម្មយល់ថា ចុងក្រោយទៅ ផលប្រយោជន៍ពីការពន្យារអាយុចូលនិវត្តន៍នឹងធ្លាក់ទៅលើបុគ្គលិកវ័យចំណាស់នៅក្នុងក្រុមហ៊ុនខ្នាតធំ ក្រុមហ៊ុនដែលបើកដំណើរការដោយរដ្ឋ និងអង្គភាពរដ្ឋាភិបាល។ នៅក្នុងស្ថានភាពដែលកញ្ចប់ថវិកាប្រាក់ឈ្នួលរបស់ក្រុមហ៊ុន ឬអង្គភាពនីមួយៗមានកម្រិតកំណត់ ការដែលបុគ្គលិកចាស់នៅតែបន្តធ្វើការងារ នឹងធ្វើឱ្យឱកាសទទួលបុគ្គលិកថ្មីមានតិចជាងមុន។
ខណៈពេលដែលបញ្ញាសិប្បនិម្មិត (AI) ក៏កំពុងបង្កើតសម្ពាធលើមុខតំណែងការងារតូចៗស្រាប់ទៅហើយ ការពន្យារអាយុចូលនិវត្តន៍នេះអាចនឹងរឹតតែធ្វើឱ្យស្ថានភាពបែបនេះកាន់តែអាក្រក់ឡើង។
ការពន្យារអាយុចូលនិវត្តន៍ត្រូវតែមកទន្ទឹមគ្នានឹងការកែទម្រង់ប្រព័ន្ធការងារនិងប្រាក់ឈ្នួល
អ្នកជំនាញភាគច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង យល់ស្របដូចគ្នាអំពីភាពចាំបាច់ក្នុងការពន្យារអាយុចូលនិវត្តន៍ ប៉ុន្តែបានបញ្ជាក់ថា វាត្រូវតែមកទន្ទឹមនឹងការអភិវឌ្ឍមុខតំណែងការងារ និងការកែទម្រង់ប្រព័ន្ធប្រាក់ឈ្នួល ដែលគិតគូរពីភាពខុសគ្នារវាងមនុស្សជំនាន់ផ្សេងគ្នា ។
លោក Park Ji-soon សាស្ត្រាចារ្យផ្នែកច្បាប់មកពីសាកលវិទ្យាល័យ Korea University បានព្រមានថា ប្រសិនបើគ្មានការកែសម្រួលការផ្ដល់ប្រាក់ឈ្នួលទេ ការពន្យាររយៈពេលធ្វើការឱ្យកាន់តែយូរ នឹងបណ្តាលឱ្យមានការចំណាយខ្ពស់កប់ពពក។
លោកបានបន្ថែមថា តាមធម្មតាមុខតំណែងការងារនឹងទំនេរនៅពេលបុគ្គលិកដែលមានអាយុច្រើនចូលនិវត្តន៍ ដែលធ្វើឱ្យបុគ្គលិកជំនាន់ថ្មីអាចចូលមកជំនួសកន្លែងបាន។ ប៉ុន្តែប្រសិនបើមុខតំណែងទាំងនោះនៅតែត្រូវបានកាន់កាប់ដោយបុគ្គលិកចាស់បន្តទៅទៀតរហូតដល់ ៥ ឆ្នាំ ឱកាសសម្រាប់មនុស្សជំនាន់ថ្មីក៏នឹងថយចុះទៅតាមនោះដែរ។
លោកសាស្ត្រាចារ្យរូបនេះបានស្នើឱ្យមានការកែសម្រួលតួនាទីរបស់បុគ្គលិកវ័យចំណាស់ទៅកាន់មុខតំណែងដែលសមស្របនឹងកម្រិតរបស់ខ្លួន ដោយមានការបង្កើតមុខតំណែងការងារថ្មី និងកែសម្រួលការផ្ដល់ប្រាក់ឈ្នួលដែលស្របនឹងតួនាទីទាំងនោះ។

ចំណែកលោក Kim Sung-hee សាស្ត្រាចារ្យពីសាកលវិទ្យាល័យតែមួយ បានវែកញែកថា ការពន្យារអាយុចូលនិវត្តន៍មិនបាននាំទៅរកបញ្ហាចម្រូងចម្រាស់រវាងមនុស្សជំនាន់ផ្សេងគ្នាដោយផ្ទាល់នោះទេ ដោយសារកម្រិតជំនាញ បទពិសោធន៍ និងការចូលចិត្តការងាររបស់មនុស្សម្នាក់ៗគឺខុសគ្នា។
ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៅតែមានសម្រាប់មុខតំណែងការងារដែលមានតម្រូវការខ្ពស់នៅក្នុងអង្គភាពខ្នាតធំ និងវិស័យសាធារណៈ ដោយសារអង្គភាពនីមួយៗបានកំណត់ចំនួនបុគ្គលិក និងកញ្ចប់ថវិកាជាក់លាក់។ដូច្នេះ ការបង្កើនចំនួនមនុស្សនៅក្នុងផ្នែកមួយ គឺត្រូវតែកាត់បន្ថយចំនួនមនុស្សនៅក្នុងផ្នែកមួយទៀត។ ប្រព័ន្ធនេះចាំបាច់ត្រូវតែមានការកែប្រែទម្រង់ ដោយមិនត្រូវឱ្យមានបញ្ហាផ្នែកកញ្ចប់ថវិកាជាឧបសគ្គនោះឡើយ។
ខណៈពេលដែលសាធារណជនមួយចំនួនមើលឃើញថា ការធ្វើការងាររហូតដល់អាយុ ៦៥ ឆ្នាំ គឺជាអ្វីដែលសមហេតុផល ដែលធ្វើឱ្យការត្រៀមខ្លួនចូលនិវត្តន៍កាន់តែប្រសើរឡើង។ យ៉ាងណាមិញ កំណែទម្រង់នេះត្រូវធ្វើឡើងយ៉ាងហ្មត់ចត់ ដើម្បីអនាគតរបស់មនុស្សជំនាន់ថ្មី៕

























Account
Security
Favourite Content