ធ្លាប់ទេ? ពេលបោករួចភ្លាម ខោអាវមានក្លិនក្រអូបឈ្ងុយឈ្ងប់ ក៏ប៉ុន្តែនៅពេលទុកក្នុងទូតែប៉ុន្មានថ្ងៃសោះ ឬសូម្បីតែពេលទើបតែស្ងួតថ្មីៗ បែរជាខោអាវទាំងនោះអស់ក្លិនក្រអូបទៅវិញ។

មូលហេតុដ៏សំខាន់មួយដែលធ្វើឱ្យខោអាវអាចនឹងបាត់បង់ក្លិនក្រអូបទៅវិញនៅពេលស្ងួត អាចមកប្រភេទនៃសារធាតុផ្ដល់ក្លិនរបស់ទឹកក្រអូបខ្លះ ដែលងាយនឹងហួតចេញទៅវិញនៅពេលដែលខោអាវស្ងួត។ ក៏ប៉ុន្តែ ពេលខ្លះបញ្ហានេះ មិនមែនស្ថិតតែនៅលើគុណភាពរបស់ទឹកក្រអូបនោះទេ តែមានកត្តាជាច្រើនទៀតដែលអាចបង្កឱ្យមានបញ្ហានេះកើតឡើង ដូចជាកត្តាពន្លឺព្រះអាទិត្យ កម្ដៅ និងកម្លាំងខ្យល់ខ្លាំងពេក ក៏ជះឥទ្ធិពលទៅលើការជាប់ក្លិនរបស់ខោអាវដូចគ្នា។
ខាងក្រោមនេះ គឺជាគន្លឹះចំនួន ៦ ដែលជួយរក្សាឱ្យក្លិនទឹកក្រអូបតោងជាប់ខោអាវរបស់អ្នកបានយូរជាងមុន លើកយកមកពាក់ពេលណាក៏មានក្លិនល្អដូចទើបតែបោកហើយថ្មីៗ៖
១. ប្រើទឹកក្រអូបច្រើន មិនប្រាកដថា ក្រអូបជាងមុនទេ
នៅពេលជួបបញ្ហាខោអាវមិនក្រអូប មនុស្សជាច្រើនជ្រើសរើសបង្កើនបរិមាណទឹកប្រអូប។ ក៏ប៉ុន្តែ នេះមិនមែនជាដំណោះស្រាយល្អនោះទេ។ ផ្ទុយទៅវិញ ការប្រើច្រើនជ្រុលពេកអាចធ្វើឱ្យខោអាវបោកសម្អាតមិនជ្រះល្អទៅវិញ។ ហេតុដូច្នេះ ចំណុចដែលគួរអនុវត្ត គឺប្រើប្រាស់នៅក្នុងបរិមាណដែលមានណែនាំនៅលើកញ្ចប់។
២. ចាក់ទឹកក្រអូបខុសពេលវេលា
ចំណុចនេះ គឺសំខាន់សម្រាប់អ្នកប្រើប្រាស់ម៉ាស៊ីនបោកខោអាវដោយផ្ទាល់។ ជាទូទៅ ម៉ាស៊ីនបោកខោអាវមានចន្លោះសម្រាប់ដាក់សាប៊ូ និងទឹកប្រអូបដាច់ពីគ្នា។ ដូច្នេះ សូមចាក់ទឹកប្រអូបចូលក្នុងចន្លោះរបស់វា ដើម្បីឱ្យម៉ាស៊ីនអាចនាំយកទឹកក្រអូបទៅប្រើប្រាស់ត្រូវពេលវេលា ដែលជួយឱ្យក្លិនតោងជាប់ខោអាវបានល្អ។

៣. ចង់ឱ្យខោអាវក្រអូប ត្រូវចាប់ផ្តើមពីការ “បោកគក់ឱ្យស្អាត” ជាមុនសិន
ខោអាវមួយចំនួន គឺត្រូវការបោកគក់ឱ្យបានល្អិតល្អិនជាងខោអាវទូទៅ ដូចជាខោអាវសម្រាប់ហាត់ប្រាណ ឬខោអាវដែលប្រឡាក់ខ្លាំង ដើម្បីជម្រះភាពកខ្វក់ និងក្លិនមិនល្អឱ្យអស់ជាមុនសិន។ ជាក់ស្ដែង បើសម្អាតមិនបានល្អតាំងពីដើម ក្លិន ឬសារធាតុកខ្វក់ទាំងនោះអាចមានក្លិនលប់លើទឹកប្រអូបដែលអ្នកប្រើប្រាស់។
៤. កុំដាក់ខោអាវណែនពេញម៉ាស៊ីនខ្លាំងពេក
នៅពេលអ្នកដាក់ខោអាវក្នុងម៉ាស៊ីនបោកច្រើនពេក មានន័យថាបរិមាណទឹក សាប៊ូ និងទឹកប្រអូបដែលអ្នកប្រើប្រាស់នោះ ក៏មិនសមស្របដែរ ដែលធ្វើឱ្យខោអាវរបស់អ្នកមិនអាចបោកបានជ្រះល្អដូចគ្នា។ ដូច្នេះ សូមបោកខោអាវឱ្យស្របទៅនឹងបរិមាណកំណត់របស់ម៉ាស៊ីនរបស់អ្នក។

៥. បោកភ្លាម ហាលភ្លាម
ទោះបីជាប្រើទឹកប្រអូបហើយក៏ដោយ ក៏ប៉ុន្តែប្រសិនបើអ្នកទុកខោអាវឱ្យស្ថិតនៅក្នុងសភាពសើមយូរពេល នោះក៏អាចបណ្ដាលឱ្យខោអាវបាត់បង់ក្លិនក្រអូប និងជំនួសដោយក្លិនអាប់វិញដែរ។ គន្លឹះងាយៗ គឺនៅពេលបោករួចរាល់ សូមដាក់ខោអាវរបស់អ្នកហាលឱ្យបានលឿនបំផុត។
៦. ជ្រើសរើសកន្លែងហាលខោអាវឱ្យត្រឹមត្រូវ
កន្លែងហាលខោអាវក៏ជាគន្លឹះសំខាន់ដល់ក្លិនខោអាវដូចគ្នា។ បើសិនជាអ្នកហាលខោអាវក្រោមកម្ដៅថ្ងៃខ្លាំងពេក វាក៏អាចធ្វើឱ្យក្លិនរបស់ទឹកប្រអូបមិនសូវតោងជាប់ខោអាវបានល្អដូចគ្នា។ ខណៈការហាលខោអាវនៅក្នុងម្លប់ និងមានសំណើមខ្ពស់ បែរជាអាចធ្វើឱ្យខោអាវមានក្លិនអាប់ទៅវិញ។
ដូច្នេះ អ្វីដែលសំខាន់ជាងសំណួរដែលថា តើគួរហាលក្រោមថ្ងៃ ឬហាលក្រោមម្លប់នោះ? គឺអ្នកគួរជ្រើសរើសហាលខោអាវនៅទីកន្លែងដែលមានខ្យល់ចេញចូលបានល្អ សំណើមមិនខ្ពស់ពេក និងអាចធ្វើឱ្យខោអាវស្ងួតល្អ៕






















































Account
Security
Favourite Content