៧ គន្លឹះបង្កើតឱកាសរីកចម្រើនក្នុងអាជីពការងារបានដោយភាពថ្លៃថ្នូរ អ្នកចូលធ្វើការថ្មីៗស្វែងយល់បានកាន់តែឆាប់កាន់តែល្អ

ពេលនិយាយអំពីការរីកចម្រើនក្នុងអាជីពការងារ មនុស្សមួយចំនួនអាចនឹងនឹកឃើញដល់ការឡើងតំណែង ឬការប្តូរការងារដើម្បីដំឡើងឋានៈ និងបង្កើនប្រាក់ខែ។ ប៉ុន្តែ ទាំងនោះអាចគ្រាន់តែជាការរីកចម្រើនដែលមើលឃើញពីខាងក្រៅប៉ុណ្ណោះ ហើយតំណែងតែមួយមុខគឺមិនអាចវាស់វែងអ្វីបានទាំងអស់នោះទេ។ តាមពិតទៅ រាល់ថ្ងៃដែលយើងធ្វើការ គឺជាថ្ងៃដែលយើងកំពុង «បង្កើត» ឱកាសរីកចម្រើនឱ្យខ្លួនឯង វាជារឿងដែលមិនមែនអង្គុយនៅស្ងៀមៗ ឬធ្វើការឱ្យតែរួចពីមួយថ្ងៃទៅមួយថ្ងៃហើយវានឹងកើតឡើងឯងនោះទេ ប៉ុន្តែការរីកចម្រើនចាប់ផ្តើមចេញពីខ្លួនយើង ទាំងវិធីគិត និងការចុះដៃធ្វើប្រកបដោយវិន័យនិងភាពទៀងទាត់។

ចំណុចទាំង ៧ ដែល AMS ចែករំលែកខាងក្រោមនេះ មិនមែនជាផ្លូវកាត់ ប៉ុន្តែគឺជាផ្លូវដែលត្រូវប្រើប្រាស់ពេលវេលា មិនមែនបានមកដោយងាយៗឡើយ តែយ៉ាងណាវានឹងក្លាយជាផ្លូវដែលធ្វើឱ្យការរីកចម្រើនរបស់អ្នកទៅមុខប្រកបដោយភាពរឹងមាំ ស្ថិតស្ថេរ និងថ្លៃថ្នូរបំផុត។

១. ទុកឱ្យលទ្ធផលការងារនិយាយជំនួសយើងគឺល្អបំផុត

គ្រឹះមូលដ្ឋានបំផុតសម្រាប់ការរីកចម្រើនក្នុងអាជីពការងារ គឺត្រូវធ្វើការងារចំពោះមុខឱ្យបានល្អជាមុនសិន ទុកឱ្យការងារនិយាយជំនួសយើង រហូតទាល់តែអាចបង្កើត Personal Branding ដ៏រឹងមាំឱ្យខ្លួនឯង ជាតួអង្គពិតប្រាកដនៅក្នុងអ្វីដែលយើងធ្វើ មិនមែនជាការសម្តែង បង្កើតរូបភាព ឬមានតែសំបកក្រៅនោះឡើយ។ ចូរគិតថារាល់ថ្ងៃដែលយើងធ្វើការ យើងកំពុងតែសាងប្រេនផ្ទាល់ខ្លួន ស្នាដៃដែលយើងបង្កើតនឹងសន្សំមៗបង្គុំចូលគ្នាក្លាយជាប្រេនមួយដ៏ច្បាស់លាស់។

ជាពិសេសជាងនេះទៅទៀត ត្រូវសាងស្នាដៃខ្លួនឯងឱ្យទៅជា «ការងារសម្រិតសម្រាំង» ដែលធ្វើឡើងដោយភាពហ្មត់ចត់ ផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ មិនមែនគ្រាន់តែធ្វើឱ្យតែហើយៗទៅមួយថ្ងៃៗនោះទេ។ ចូរថែមគុណតម្លៃទៅក្នុងបំណែកការងារដែលធ្វើ ឱ្យមនុស្សជុំវិញខ្លួនជ្រួតជ្រាបដឹងថា យើងពិតជាបានតាំងចិត្តធ្វើវាឱ្យល្អបំផុត យើងបានគិតគូររួចរាល់ហើយ និងធ្វើឱ្យ Personal Branding យើងរឹងមាំរហូតក្លាយជាទីស្រឡាញ់ និងបង្កើតឱកាសឱ្យយើងរីកចម្រើនទៅមុខ។

២. ពូកែការងារហើយ ត្រូវពូកែធ្វើការជាមួយមនុស្សដែរ

មានស្នាដៃ មានសមត្ថភាពខ្ពស់ ប៉ុន្តែមិនអាចធ្វើការរួមជាមួយអ្នកដទៃបាន ក៏ពិបាកនឹងរីកចម្រើនទៅមុខដែរ ព្រោះគ្មាននរណាចង់ធ្វើការជាមួយ គ្មាននរណាចង់បើកចិត្តឱ្យ ហើយក៏គ្មាននរណាចង់ជួយគាំទ្រដែរ។ មនុស្សមួយចំនួនប្រហែលជាគិតថា មកធ្វើការគឺមកធ្វើការ មិនចាំបាច់មានមិត្តភក្តិអីទេ។ ប៉ុន្តែតាមពិតទៅ ប្រសិនបើទំនាក់ទំនងនៅក្នុងកន្លែងធ្វើការមិនល្អ ការធ្វើការជាមួយគ្នាក៏មានភាពលំបាកខ្លាំងដែរ។ ផ្ទុយទៅវិញ ប្រសិនបើក្រុមការងារមានទំនាក់ទំនងល្អ ស្រឡាញ់គ្នា និងមានភាពជាធ្លុងមួយ ចិត្តដែលចង់លះបង់ដើម្បីឱ្យលទ្ធផលការងារចេញមកល្អ និងរត់ទៅដល់ខ្សែទីព្រ័ត្រជាមួយគ្នាក៏នឹងកើតមានឡើងតាមហ្នឹងដែរ។

តើមានប្រយោជន៍អ្វីទៅ បើមនុស្សយើងធ្វើការបានសម្រេចតាមគោលដៅដែលបានដាក់​ ប៉ុន្តែជ័យជម្នះនោះបែរជាស្ថិតនៅលើគំនរសាកសព តាមរយៈការជាន់​អ្នកដទៃឱ្យលិចលង់ដើម្បីឱ្យខ្លួនឯងរស់រាន ហើយមនុស្សដែលធ្លាប់ធ្វើការជាមួយដាក់បណ្តាសាថាជាមនុស្សឆ្កួតនឹងភាពជោគជ័យ ប៉ុន្តែមិនសេសសល់មនុស្សធម៌ទាល់តែសោះ? ដល់ពេលនោះ តើមានអ្វីសល់ឱ្យអ្នកមានមោទនភាពក្នុងជីវិតទៅ?

៣. កុំធ្វើតែការងារតែមួយមុខ ចូរទៅប្រើ​ជីវិតផង

ពិតណាស់ថា ប្រសិនបើចង់រីកចម្រើនក្នុងមុខតំណែងការងារ គឺត្រូវតែធ្វើការងារ ប៉ុន្តែសូមកុំធ្វើតែការងារតែមួយមុខគត់ ចូរទៅស្វែងរកបទពិសោធន៍ជីវិតនៅខាងក្រៅកន្លែងធ្វើការ ឬធ្វើអ្វីផ្សេងទៀតក្រៅពីការងារ-ការងារ-ការងារ។ ការដែលយើងមានបទពិសោធន៍ជីវិត មានភាពចាស់ទុំ ធ្លាប់ឆ្លងកាត់ភាពបរាជ័យ ធ្លាប់ជោគជ័យ ធ្លាប់តស៊ូប្រយុទ្ធ ហើយយើងបានដកស្រង់ស្មារតីរៀនសូត្រពីវា វានឹងធ្វើឱ្យយើងមានគំនិត និងទស្សនៈជីវិតយកមកប្រើប្រាស់ជាមួយការងារបានយ៉ាងមុតស្រួចជាងមុន រហូតអាចបង្កើតប្រព័ន្ធស៊ាំការពារខ្លួន ដើម្បីយកទៅតស៊ូជាមួយឧបសគ្គដែលកើតឡើងនៅក្នុងការងារ។

ផ្ទុយគ្នាវិញ សូមត្រឡប់ទៅរឿងដដែល កុំប្រើជីវិតរហូតដល់មិនធ្វើការងារ ហើយក៏កុំធ្វើការងាររហូតដល់មិនបានប្រើជីវិតក្នុងផ្នែកផ្សេងៗនោះដែរ។

៤. ពូកែលើរឿងដែលមេមិនពូកែ ហើយជួយបំពេញចន្លោះខ្វះខាត

មនុស្សយើងមិនអាចពូកែបានគ្រប់រឿងនោះទេ ហើយយើងគួរតែប្រើប្រាស់ភាពពូកែរៀងៗខ្លួនមកបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ប្រសិនបើចំណុចខ្លាំងដែលអ្នកមាន ត្រូវចំចំណុចខ្សោយរបស់មេ ហើយអ្នកអាចធ្វើឱ្យគាត់មានទំនុកចិត្ត និងសាងភាពជឿជាក់រហូតដល់ចំណុចមួយដែលទាល់តែជាអ្នក ទើបអាចធ្វើវាបាន ឱកាសដែលអ្នកនឹងទទួលបានការគាំទ្រពីមេនឹងមានកាន់តែច្រើនឡើង។ ជាពិសេស ជាមួយប្រធានដែលយល់ដឹងពីខ្លួនឯងថាមានចំណុចខ្លាំង-ចំណុចខ្សោយអ្វីខ្លះ ព្រោះចំណុចខ្លាំងដែលអ្នកមាន នឹងទៅបំពេញបន្ថែមឱ្យអ្នកនិងមេក្លាយជាក្រុមការងារដែលកាន់តែខ្លាំងក្លាឡើង ហើយធ្វើឱ្យមេផ្តោតអារម្មណ៍ទៅលើចំណុចខ្លាំងរបស់អ្នកច្រើនជាងចំណុចខ្សោយរបស់អ្នក។ ហេតុនេះ បើចង់រីកចម្រើន ចូរស្កែនស្វែងរកចំណុចខ្សោយនិងចំណុចខ្លាំងរបស់មេឱ្យឃើញ ប្រសិនបើចំណុចខ្លាំងរបស់យើងទៅជួយបង្កើនថាមពលដល់ចំណុចខ្សោយរបស់ប្រធានបាន នោះហើយគឺជាឱកាសក្នុងការរីកចម្រើន។

ប៉ុន្តែវិធីសាស្ត្រនេះ នឹងមិនទទួលបានផលទាល់តែសោះ ប្រសិនបើអ្នកទៅជួបមេប្រភេទដែលគិតថាខ្លួនឯងពូកែគ្រប់រឿង មិនព្រមទទួលស្គាល់ថាខ្លួនឯងមានចំណុចខ្សោយ ឬមិនបានផ្តល់តម្លៃដល់ចំណុចខ្លាំងដែលអ្នកមាន ព្រោះវាស្មើនឹងមេនឹងមើលមិនឃើញទាល់តែសោះថា អ្វីដែលអ្នកមានជាប្រយោជន៍ដល់គាត់។ យូរៗទៅអាចនឹងមកកាត់សេចក្តីថាអ្នកជាមនុស្សមិនបានការទៅទៀត ព្រោះអ្វីដែលអ្នកពូកែមិនមែនជាអ្វីដែលមេមើលឃើញ។ មេបែបនេះ ក៏ប្រហែលជាមិនមែនជាមេដែលអ្នកនៅក្បែរហើយអាចរីកចម្រើនបានឡើយ ព្រោះខ្លួនគាត់ផ្ទាល់ក៏បានបញ្ឈប់ការរីកចម្រើនហើយដែរ គឺបានត្រឹមតែប៉ុណ្ណឹងឯង។

៥. ប្រើប្រាស់ពេលវេលាទៅលើការអភិវឌ្ឍចំណុចខ្លាំង ចំណែកចំណុចខ្សោយចូរទៅរកមនុស្សដែលពូកែលើរឿងនោះធ្វើចុះ

សូមបញ្ជាក់ម្តងទៀតថា មនុស្សយើងមិនបានពូកែគ្រប់រឿងនោះទេ។ ចូរយកពេលវេលាទៅ អភិវឌ្ឍចំណុចខ្លាំងរបស់យើងឱ្យកាន់តែល្អប្រសើរឡើង ល្អរហូតដល់ស្ថិតក្នុងកម្រិតដែលគ្រប់គ្នាទទួលស្គាល់ និងធ្វើឱ្យអ្នកមានកន្លែងឈរជើងដ៏រឹងមាំមួយ។ ទុកឱ្យចំណុចខ្លាំងរបស់អ្នកបញ្ចេញពន្លឺឱ្យបានខ្លាំងល្មម បូករួមជាមួយការចេះដាក់ខ្លួនរហូតដល់អ្នកក្លាយជាទីស្រឡាញ់ និងធ្វើឱ្យអ្នកដទៃមើលរំលងចំណុចខ្សោយរបស់អ្នកបាន។

ចំណែកឯចំណុចខ្សោយ មិនមែនមានន័យថាមិនសំខាន់នោះទេ ប៉ុន្តែចូរអភិវឌ្ឍវាឱ្យស្ថិតក្នុងកម្រិតដែលមិនបង្កការលំបាកដល់អ្នកដទៃគឺគ្រប់គ្រាន់ហើយ។ ទទួលស្គាល់ថាខ្លួនឯងមានចំណុចខ្សោយ រួចបណ្តោយឱ្យមនុស្សដែលពូកែលើរឿងដែលជាចំណុចខ្សោយរបស់យើងជាអ្នកធ្វើការងារនោះ។ អ្វីដែលសំខាន់បំផុតគឺ ការរក្សាទំនាក់ទំនងរបស់មនុស្សនៅក្នុងក្រុមឱ្យបានល្អ ផ្តល់កិត្តិយសដល់មនុស្សធ្វើការ ចេះសរសើរមនុស្សឱ្យត្រូវ បើមានកូនចៅក៏ត្រូវតែជួយគាំទ្រឱ្យគេរីកចម្រើន ព្រោះកុំភ្លេចថាមានមនុស្សកំពុងតែជួយអ្នកនៅក្នុងរឿងដែលជាចំណុចខ្សោយរបស់អ្នក។ ព្យាយាមរៀនសូត្រពីគ្រប់គ្នាទៅជាមួយគ្នា ដើម្បីស្វែងរកវិធីសាស្ត្រត្រឡប់មកអភិវឌ្ឍខ្លួនយើង និងអភិវឌ្ឍការងារឱ្យគ្រប់គ្នាទទួលបានលទ្ធផលការងារដែលកាន់តែល្អប្រសើរឡើង។

៦. រក្សាសុខភាពព្រោះវាជាដើមទុនក្នុងការធ្វើការងារ

រឿងសុខភាពជាអ្វីដែលមនុស្សធ្វើការងារច្រើនតែមើលរំលង ប៉ុន្តែតាមពិតទៅ សុខភាពគឺជាដើមទុនដែលអ្នកយកទៅប្រើប្រាស់ក្នុងការធ្វើការងារ។ ពូកែប៉ុណ្ណាក៏ដោយ ប៉ុន្តែចុងក្រោយបើរាងកាយមិនរួច ផ្លូវចិត្តមិនរស់ ក៏មិនអាចធ្វើការងារ មិនអាចផលិតស្នាដៃល្អៗចេញមកបានឡើយ។ អាក្រក់ជាងនេះទៅទៀតគឺ ធ្វើការងារបានប៉ុន្មាន ត្រូវយកទៅបង់ឱ្យមន្ទីរពេទ្យទាំងអស់។ ហេតុនេះ នេះជាដើមទុនជីវិតដែលយើងត្រូវតែថែរក្សាដោយខ្លួនឯង ហូបរបស់ដែលមានប្រយោជន៍ គេងឱ្យគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណឱ្យរឹងមាំ អ្វីដែលធ្វើហើយបំផ្លាញខ្លួនឯង សូមកុំធ្វើ។

ការហាត់ប្រាណធ្វើឱ្យយើងមានវិន័យ និងក្លាយជាមនុស្សមិនព្រមចុះចាញ់ងាយៗ វាគឺជាការហ្វឹកហាត់រាងកាយនិងផ្លូវចិត្តឱ្យរួចរាល់ជារៀងរាល់ថ្ងៃ ធ្វើតាមគោលដៅឱ្យបានសម្រេច។ រាងកាយដែលត្រៀមខ្លួនប្រយុទ្ធ ក៏បញ្ជូនផលឱ្យផ្លូវចិត្តមានថាមពលទៅតាមនោះដែរ កាលណាសុខភាពមាំមួនហើយ ក៏មានកម្លាំងកាយកម្លាំងចិត្តស៊ូទៅមុខបន្តបានឆ្ងាយទៀតដែរ។

៧. ជា «គ្រាប់ពូជ» ល្អហើយ ត្រូវតែស្ថិតក្នុង «ដី» ល្អដែរ ទើបអាចលូតលាស់បាន

យើងប្រៀបដូចជាគ្រាប់ពូជ កន្លែងធ្វើការក៏ប្រៀបដូចជាដី។ ប្រសិនបើដីដែលយើងរស់នៅ មិនអំណោយផលដល់ការលូតលាស់ ពន្លឺថ្ងៃចាំងមកមិនដល់ បណ្តោយឱ្យធំធាត់ទៅតាមយថាកម្ម គ្មានសារធាតុចិញ្ចឹមនៅក្នុងដីមកចិញ្ចឹមបីបាច់ មានជាតិពុលលាយឡំ នៅយូរក៏មានតែស្រពោន ឬជួនកាលអាចនឹងក្លាយជាដើមឈើមានពិសជំនួសវិញក៏ថាបាន។

ការជ្រើសរើសកន្លែងធ្វើការកត្តាដ៏សំខាន់ ព្រោះទោះបីជាពូកែប៉ុណ្ណាក៏ដោយ ប៉ុន្តែបើទៅស្ថិតនៅក្នុងកន្លែងដែលមិនអំណោយផលដល់ការអភិវឌ្ឍ កន្លែងដែលមើលមិនឃើញតម្លៃរបស់យើង យើងក៏ពិបាកនឹងរីកចម្រើនទៅមុខបានដែរ ឬអាចនឹង Burnout មុនបាត់ទៅ ហើយគិត ថាខ្លួនឯងគ្មានចំណុចល្អអ្វីទាល់តែសោះ។ ពេលធ្វើការ ចូរក្រឡេកមើលមេយើងថា តើគាត់ជាមនុស្សបែបដែលយើងចង់ក្លាយទៅជាដែរឬទេ? ជាគំរូដ៏ល្អដែរទេ? តើយើងរៀនសូត្រអ្វីខ្លះបានពីគាត់? មើលមិត្តរួមការងារហើយត្រឡប់មកគិតថា ការស្ថិតនៅក្នុងបរិស្ថានបែបនេះ នឹងធ្វើឱ្យយើងបង្កើតការងារបែបណាបង្ហាញចេញមក និងធ្វើឱ្យយើងក្លាយជាមនុស្សបែបណា? តើនេះជាបរិស្ថានបែបដែលយើងចង់រស់នៅដែរឬទេ? មើលការងារដែលយើងធ្វើថា តើធ្វើហើយបានប្រើប្រាស់សមត្ថភាពរបស់យើងដែរទេ? មានជំនាញអ្វីខ្លះដែលកើនឡើងពីការធ្វើការងារ? មើលស្ថាប័នថា តើជាកន្លែងពិតប្រាកដដែរទេ? ពិតប្រាកដនូវអ្វីដែលគេធ្វើ ឬអត់? ធ្វើនូវអ្វីដែលគេនិយាយដែរឬទេ? អ្នកចង់ធំធាត់ទៅជាតួអង្គពិត ឬតួអង្គក្លែងក្លាយ គឺស្ថិតនៅលើការជ្រើសរើសកន្លែងធ្វើការ ដែលនឹងមកសូនបណ្តុះឱ្យអ្នកក្លាយជាមនុស្សបែបណានោះឯង។

វានឹងល្អប្រសើរខ្លាំង ប្រសិនបើការធ្វើការងារអាចធ្វើឱ្យយើងក្លាយជាមនុស្សបែបដែលយើងមានមោទនភាព ប៉ុន្តែវានឹងគួរឱ្យខ្លាចរអាខ្លាំង ប្រសិនបើការធ្វើការងារធ្វើឱ្យយើងក្លាយជាមនុស្សដែលសូម្បីតែខ្លួនយើងផ្ទាល់ ក៏ខ្ពើមខ្លួនឯងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *